តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អ្នកសម្របសម្រួលរងនៃកម្មវិធីចិញ្ចឹមមនុស្សនៅពេលអនាគត Feed the Future នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លោកស្រី Dina Esposito បាននិយាយថា ការវាយប្រហារដោយមិនត្រឹមត្រូវរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនជាប្រទេសជិតខាងតូចជាងខ្លួន មានផលប៉ះពាល់នៅទូទាំងពិភពលោក មិនមែនតែដោយសារសភាពនៃការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងប្រទេសជិតខាងមួយដែលនិយមសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែដោយសារវា«ធ្វើឱ្យធ្ងន់ធ្ងរជាងមុនលើវិបត្តិសន្តិសុខស្បៀងសាកលនៅក្នុងពិភពលោកដែលរើបចេញពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងជម្លោះក្នុងតំបន់»។
អ្នកសម្របសម្រួលរងលោកស្រី Esposito បានថ្លែងថា សង្គ្រាមនេះរវាងប្រទេសពីរដែលដឹកជញ្ជូនស្បៀងអាហារ ជី និងប្រេងឥន្ធនៈផូស៊ីល ច្រើនជាងគេទៅលក់ឯប្រទេសក្រៅបានដាក់បន្ទុកនៃ«ការពឹងពាក់ហួសកម្រិតលើប្រទេសមួយចំនួនតូចដែលដឹកស្បៀងអាហារទៅលក់ឯប្រទេសក្រៅដើម្បីចិញ្ចឹមពិភពលោក និងនាំឱ្យប្រទេសខ្លះដែលដឹកជញ្ជូនស្បៀងអាហារចូលក្នុងស្រុកមានភាពងាយរងគ្រោះខ្លាំងណាស់»។
លោកស្រីបាននិយាយថា៖ «ការឆ្លើយតបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានតាមដានផ្នែកទាំងពីរនៃសង្គ្រាមនេះ។ ម្យ៉ាងវិញទៀតយើងបានផ្តល់ជំនួយនិងការគាំទ្រមិនធ្លាប់មានពីមុនដល់ប្រជារាស្ត្រអ៊ុយក្រែន នៅពេលយើងប្រឹងប្រែងដែរក្នុងការសម្រាលផលប៉ះពាល់លើសន្តិសុខស្បៀងអាហារនៃតម្លៃស្បៀងនិងជីខ្ពស់ ជាពិសេសនៅក្នុងក្រុមប្រទេសងាយរងគ្រោះ»។
លោកស្រី Esposito បានពោលថា ក្នុងចំណោមពួកប្រទេសរងការលំបាកខ្លាំងបំផុតគឺមាន«ក្រុមប្រទេសមានអសន្តិសុខស្បៀង...នៅអាហ្វ្រិក។ តាមរយៈជំនួយស្បៀងនិងភាពដៃគូនៃកម្មវិធី Feed the Future ទីភ្នាក់ងារ USAID បានទទួលមុខនាទីល្អប្រសើរសម្រាប់ឆ្លើយតបនឹងផលប៉ះពាល់នៃសង្គ្រាមលើការស្រេកឃ្លាននិងការខ្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតម្លៃស្បៀងអាហារ និងជី»។
លោកស្រី Esposito បាននិយាយថា៖ «យើងបានបង្កើនការគាំទ្រដើម្បីធ្វើឱ្យប្រាកដថា កសិកររាប់លាននាក់មានគ្រាប់ពូជល្អប្រសើរជាងមុន មានជី មានការបង្កើនផលិតកម្ម និងមានប្រាក់កាសដើម្បីជួយបង្គ្រប់ការឡើងថ្លៃទំនិញជាច្រើន។
«យើងបានជួយឱ្យសហគ្រាសតូចនិងមធ្យមដែលសំខាន់សម្រាប់សេដ្ឋកិច្ចកសិកម្មមានដំណើរការ។ ហើយយើងបានកែលម្អសេវាបណ្តាញសុវត្ថិភាពនិងអាហារូបត្ថម្ភសម្រាប់ក្រុមស្ត្រីនិងកុមារងាយរងគ្រោះ»។
ទីភ្នាក់ងារ USAID បានធ្វើការដើម្បីពង្រីកផលិតផលកសិកម្មនិងទីផ្សារកសិកម្មនៅក្នុងមូលដ្ឋាននិងតំបន់។ លោកស្រី Esposito បានថ្លែងថា៖ «សហរដ្ឋអាមេរិកផ្តល់ការគាំទ្របច្ចេកទេសដល់ស្ថាប័នតំបន់ដើម្បីជួយឱ្យទ្វីបនេះសម្រេចតំបន់ពាណិជ្ជកម្មសេរីក្នុងទ្វីបអាហ្វ្រិក»។
លោកស្រីបាននិយាយថា៖ «យើងក៏ធ្វើការដោយផ្ទាល់ជាមួយក្រុមប្រទេសជាតិអាហ្វ្រិក និងក្នុងភាពដៃគូជាមួយសាកលវិទ្យាល័យអាហ្វ្រិកជាច្រើននិងអង្គការសិក្សាស្រាវជ្រាវដើម្បីជួយប្រទេសទាំងនោះឱ្យបង្កើតគោលនយោបាយមានប្រសិទ្ធភាពជាងមុន និងនិយតកម្មដែលនឹងសម្រួលផ្សារតំបន់ធំជាងមុន និងបង្កើនវិនិយោគឯកជននិងវិនិយោគរបស់រដ្ឋាភិបាលមានលក្ខណៈយុទ្ធសាស្ត្រជាងមុនក្នុងវិស័យនានាដូចជាការស្រាវជ្រាវ ការបង្កើនសេវានិងហេដ្ឋារចនាសម្ព័ន្ធ»។
លោកស្រី Esposito បាននិយាយថា៖ «ការលុកលុយរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនជាការទង្គុកទង្គើធំមួយដល់ប្រព័ន្ធស្បៀងអាហារនៅទូទាំងពិភពលោក។ នៅពេលដែលរូបភាពនៃការស្រេកឃ្លានសាកលប្រាកដជាឧបសគ្គក៏ដោយ ក៏នៅក្នុងកន្លែងដដែលនោះក៏មាន«ការស្រេកឃ្លាន»ជាញឹកញយដែរ៕