តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឧបសគ្គមួយក្នុងបណ្តាឧបសគ្គធំៗដែលពិភពលោកប្រឈមនៅពេលសព្វថ្ងៃនេះគឺវិបត្តិស្បៀងអាហារសាកល។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា៖ «ភាពមានអាសន្ននេះបាននាំឱ្យមនុស្ស៧០០លាននាក់ខ្វះអាហារូបត្ថម្ភ។ យើងកំពុងធ្វើការក្នុងរដ្ឋាភិបាលរបស់យើងដើម្បីព្យាយាម...សម្រាលផលប៉ះពាល់នៃវិបត្តិជាបន្ទាន់នេះដែលយើងប្រឈម»។
លោក Blinken បានថ្លែងថា៖ «រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកជាប្រទេសផ្តល់ជំនួយច្រើនជាងគេក្នុងពិភពលោកឱ្យដល់កម្មវិធីស្បៀងអាហារពិភពលោក។ យើងផ្តល់ប្រមាណ៥០ភាគរយនៃថវិការបស់កម្មវិធីស្បៀងអាហារពិភពលោកជារៀងរាល់ឆ្នាំ។ ខ្ញុំកត់សម្គាល់ថា មានប្រទេសធំៗឯទៀតៗដែលជាញឹកញយត្រូវបានគេផ្សាយជាខ្លាំង ប៉ុន្តែផ្តល់ជំនួយតិចជាង១ភាគរយនៃថវិកាជាតិខ្លួន»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា តែ«ទោះជាយើងផ្តោតលើសេចក្តីត្រូវការក្នុងរយៈពេលខ្លីទាំងនោះក៏ដោយ ក៏យើងមិនអាចមើលមិនឃើញឧបសគ្គជាមូលដ្ឋានក្នុងពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះទេ-គឺការចិញ្ចឹមមនុស្សច្រើនជាងមុននៅក្នុងពិភពលោកដែលនៅក្នុងនោះការដាំដំណាំស្បៀងអាហារមានការពិបាកជាងមុនកាន់តែខ្លាំងឡើងៗ»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា ជាការពិត សេចក្តីត្រូវការស្បៀងអាហារនឹងកើនឡើង៥០ភាគរយនៅត្រឹមឆ្នាំ២០៥០។
លោកបាននិយាយថា៖ «លោកប្រធានាធិបតី Biden បាននិយាយច្រើនអំពីអ្វីដែលលោកហៅថា ចំណុចនៃការវិលត្រឡប់។ នេះជាអ្វីដែលកើតមានឡើងរៀងរាល់៦ ឬ៧ជំនាន់ ហើយអ្វីដែលមានន័យនោះគឺថា ជាការផ្លាស់ប្តូរនៅក្នុងបរិដ្ឋានអន្តរជាតិនៅពេលនេះមានសារៈសំខាន់ខ្លាំងដែលសេចក្តីសម្រេចដែលយើងនិងប្រទេសឯទៀតៗធ្វើនៅថ្ងៃនេះនឹងចាត់ចែងអំពីអនាគតមិនមែនសម្រាប់តែពីរបីឆ្នាំខាងមុខប៉ុណ្ណោះទេតែសម្រាប់ពេលច្រើនទសវត្សរ៍ខាងមុខទៀតដែរ។ ហើយនេះជាពេលវេលាដែលមានតែម្តងក្នុងពេលរៀងរាល់៦ ឬ៧ជំនាន់តែប៉ុណ្ណោះ»។
មានការសង្ស័យតែបន្តិចបន្តួចថា សន្តិសុខស្បៀងក្នុងពេលអនាគតអាស្រ័យលើដីមានជីជាតិនិងដំណាំដែលសម្របសម្រួលតាមការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ដូច្នេះ កាលពីខែកុម្ភៈឆ្នាំនេះ សហរដ្ឋអាមេរិក សហភាពអាហ្វ្រិក អង្គការស្បៀងអាហារនិងកសិកម្មបានជួបជុំគ្នានិងបានចាប់ផ្តើមអ្វីដែលយើងហៅថា ទស្សនៈវិស័យសម្រាប់ដំណាំសម្របសម្រួលនិងដី ឬ VACS»។
លោក Blinken បានថ្លែងថា៖ «សហរដ្ឋអាមេរិកសន្យាផ្តល់ប្រាក់ចំនួន១០០លានដុល្លារឱ្យ VACS គឺចំនួន៣០លានដុល្លារសម្រាប់សម្របសម្រួលដំណាំនិងចំនួន៧០លានដុល្លារសម្រាប់ពង្រឹងស្ថានភាពដី។ ហើយដោយធ្វើការតាមរយៈមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម-IFAD-យើងក៏បានបង្កើតកម្មវិធីផ្តល់ប្រាក់ពីអង្គការផ្តល់ជំនួយច្រើនដើម្បីជួយផ្តល់ប្រាក់កាសសម្រាប់គ្រាប់ពូជល្អជាងមុននិងដីមានគុណភាពជាងមុនផងដែរ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «ខ្ញុំមានមោទនភាពណាស់អំពីការពិតជាក់ស្តែងដែលថា សហរដ្ឋអាមេរិកជាអ្នកផ្តើមមួយនៃការផ្តល់ជំនួយនេះ ហើយខ្ញុំមានសំណើសុំងាយស្រួលមួយដល់លោកអ្នកនៅយប់នេះថា សូមចូលរួមជាមួយយើងធ្វើវិនិយោគនេះក្នុងអនាគតរួមគ្នារបស់យើង។ ខ្ញុំយល់ថា យើងមានឱកាសខ្លាំងមួយដើម្បីធ្វើឱ្យមានភាពខុសគ្នាខ្លាំងសម្រាប់កសាងទសវត្សរ៍ខាងមុខដោយចាប់ផ្តើមពីពេលនេះទៅ»៕