តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី៧ ខែមីនា កន្លងទៅនេះ ប្រទេសស៊ុយអែតដែលមានការគិតថា មានការគំរាមកំហែងកាន់តែខ្លាំងឡើងដោយសង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននោះ បានបោះបង់ចោលនូវគោលនយោបាយមិនចូលបក្សសម្ពន្ធដែលមានអាយុកាល ២០០ ឆ្នាំរបស់ខ្លួន ហើយបានចូលរួមជាផ្លូវការជាមួយសម្ពន្ធភាពការពារអង្គការអូតង់ (NATO) ក្នុងនាមជាសមាជិកទី ៣២ របស់អង្គការនេះ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា «មុនពេលដែលលោក Putin ចូលឈ្លានពានអ៊ុយក្រែនជាថ្មីទៀតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋស៊ុយអែតតិចជាងមួយភាគបី បានគាំទ្រការចូលរួមជាសមាជិកអង្គការអូតង់។ បន្ទាប់ពីការលុកលុយ ប្រជាពលរដ្ឋស៊ុយអែតបីភាគបួនបានបញ្ជាក់ពីបំណងរបស់ពួកគេក្នុងការចង់ចូលរួមក្នុងអង្គការអូតង់»។
លោក Blinken បានថ្លែងថា៖ «ប្រទេសស៊ុយអែតបានដឹងពីអ្វីមួយយ៉ាងជាក់លាក់៖ បើលោក Putin មានបំណងព្យាយាមលុបបំបាត់ប្រទេសជិតខាងមួយចេញពីផែនទីនោះ លោកប្រហែលជាមិនឈប់ត្រឹមនោះទេ។ ហើយប្រសិនបើលោកត្រូវបានអនុញ្ញាតឱ្យបន្តនិទណ្ឌភាពនោះ គឺវាមិនត្រឹមតែធ្វើឱ្យការឈ្លានពានរបស់លោកបន្តមានសក្តានុពលនោះទេ គឺវាថែមទាំងជាការបញ្ជូនសារទៅជនដែលចង់ឈ្លានពាននៅគ្រប់ទីកន្លែងថា ពួកគេក៏អាចធ្វើបានដែរ»។
លោក Blinken បាននិយាយថា ប្រជាពលរដ្ឋស៊ុយអែតបានក្រោកឈរឡើងដើម្បីប្រទេសរបស់ពួកគេ ហើយពួកគេបានក្រោកឈរឡើងដើម្បីការពារប្រព័ន្ធអន្តរជាតិដែលយើងទាំងអស់គ្នាពឹងផ្អែក។ លោក Blinken បាននិយាយបន្តទៀតថា «ហើយខ្ញុំគិតថា អ្វីដែលប្រាប់យើងកាន់តែជាក់លាក់នោះ គឺការបញ្ជាក់ឡើងវិញអំពីចរិតលក្ខណៈប្រជាធិបតេយ្យរបស់ប្រទេសស៊ុយអែត៖ ការផ្លាស់ប្តូរដែលជំរុញឡើងដោយប្រជាជនរបស់ប្រទេសខ្លួនផ្ទាល់»។
លោក Blinken បាននិយាយទៀតថា៖ «វាក៏មិនមានឧទាហរណ៍ណាច្បាស់ជាងថ្ងៃនេះគឺថា ជម្លោះយុទ្ធសាស្ត្រដែលលោក Putin បានធ្វើការឈ្លានពានទៅលើអ៊ុយក្រែននោះបានក្លាយជាជម្លោះយុទ្ធសាស្ត្រសម្រាប់ប្រទេសរុស្ស៊ីដែរ។ ឥឡូវនេះ យើងឃើញរុស្ស៊ីជាប្រទេសដែលខ្សោយខាងផ្នែកយោធា សេដ្ឋកិច្ច ការទូត»។
ផ្ទុយពីរុស្ស៊ី ឥឡូវនេះអង្គការអូតង់មានកម្លាំងខ្លាំងជាងមុនទៅទៀត។ លោក Blinken បាននិយាយថា «អ្វីគ្រប់យ៉ាងដែលលោក Putin បានព្យាយាមរកវិធីទប់ស្កាត់ ត្រូវបានកើតឡើងដោយសារសកម្មភាពរបស់លោក ដោយសារការឈ្លានពានរបស់លោក។ ហើយគ្មានឧទាហរណ៍ណាច្បាស់ជាងការណ៍ដែលស៊ុយអែតក្លាយជាសមាជិកនៃសម្ពន្ធភាពអូតង់នេះទេ»។
លោក Blinken បាននិយាយទៀតថា៖ «វាត្រូវការពេល ... ជិតពីរឆ្នាំនៃការធ្វើការផ្នែកការទូតដោយមិនចេះនឿយហត់ ... ដើម្បីសម្រេចបាននូវការផ្តល់សច្ចាប័នដោយគ្រប់សមាជិករបស់អង្គការអូតង់។ អ្នកខ្លះមិនជឿថា យើងនឹងអាចឈានមកដល់ដំណាក់កាលនេះទេ។ ក៏ប៉ុន្តែ យើងមានការជឿជាក់»។
លោក Blinken បានពោលទៀតថា៖ «ស៊ុយអែតជាដៃគូសកម្មជាមួយសម្ពន្ធមិត្តអូតង់ជាយូរមកហើយ។ … ហើយជាមូលដ្ឋានគ្រឹះ ហេតុផលនេះមានភាពរឹងមាំ និងសក្តិសម គឺដោយសារតែស៊ុយអែតបង្កប់ និងលើកកម្ពស់តម្លៃស្នូលដែលជាបេះដូងនៃអង្គការអូតង់៖ ប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ»។
លោក Blinken បានថ្លែងបន្ថែមទៀតថា៖ «ប្រសិនបើអ្នកត្រលប់ទៅឆ្នាំ១៩៤៩ នៅឯពិធីចុះហត្ថលេខាលើសន្ធិសញ្ញាអង្គការអូតង់ លោកប្រធានាធិបតី Truman បាននិយាយថា៖ «នៅក្នុងការចាត់វិធានការដើម្បីរារាំងមិនឱ្យមានការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើង គឺយើងមិនមានគោលបំណងឈ្លានពានប្រឆាំងនឹងប្រជាជននៃប្រទេសផ្សេងទេ។ យើងសង្ឃឹមថានឹងបង្កើតរបាំងការពារប្រឆាំងនឹងការឈ្លានពាន និងភាពភ័យខ្លាចនៃការឈ្លានពាន ដែលជារបាំងការពារដែលនឹងអនុញ្ញាតឱ្យយើងបន្តធ្វើកិច្ចការពិតប្រាកដរបស់រដ្ឋាភិបាល និងសង្គម ដែលជាកិច្ចការនៃការសម្រេចបាននូវជីវិតដ៏ពេញលេញ និងសុភមង្គលសម្រាប់ប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា»៕