Accessibility links

Breaking News

បទវិចារណកថា៖ ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅកាន់​សមាជិកភាព​អង្គការ​អូតង់​សម្រាប់​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត


រដ្ឋមន្ត្រីការបរទេសស៊ុយអែតអ្នកស្រី Ann Linde និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់ លោក Pekka Haavisto ថតរូប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ក្នុងពេល​ចុះហត្ថលេខា​លើពិធីការចូលជាសមាជិក​អង្គការអូតង់របស់​ប្រទេសទាំងពីរនៅទីក្រុង​ព្រុចសែល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសស៊ុយអែតអ្នកស្រី Ann Linde និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វាំងឡង់ លោក Pekka Haavisto ថតរូប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ក្នុងពេល​ចុះហត្ថលេខា​លើពិធីការចូលជាសមាជិក​អង្គការអូតង់របស់​ប្រទេសទាំងពីរនៅទីក្រុង​ព្រុចសែល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​ការឆ្លើយតបចំពោះ​សង្គ្រាមរបស់​រុស្ស៊ី​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន ដែលគ្មានការ​បង្ករឿងរ៉ាវជាមុន​និង​យ៉ាង​ព្រៃផ្សៃ​នោះ ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត បាន​ដាក់​ពាក្យសុំ​ចូលជា​សមាជិក​របស់​អង្គការ​អូតង់​កាលពី​ថ្ងៃ​ទី១៨ ខែ​ឧសភា។ នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ទាំង២ ហើយ​មិន​ត្រូវ​មើល​ស្រាល​នោះ​ទេ។

ហ្វាំងឡង់​ជាប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​យោធាមួយ ចាប់តាំង​ពី​ទីបញ្ចប់​នៃសង្គ្រាម​លោក​លើក​ទី២មក។ ប្រវត្តិ​នៃ​ការមិន​ចូល​បក្ស​សម្ព័ន្ធ​របស់​ប្រទេស​ស៊ុយអែត​មាន​កាលពី​ជាង២សតវត្សរ៍​មុន​មក។ ជំហរ​របស់​ប្រទេស​ទាំង២បាន​ឆ្លុះ​បញ្ចាំង​ពី​ការនិយម​ចូលចិត្ត​របស់​ពលរដ្ឋ​របស់​ពួកគេ។ ទស្សនៈ​នេះ​បាន​ផ្លាស់ប្តូរ​ដោយសារតែ​ការឈ្លានពាន​ពេញទំហឹងរបស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ។ នៅ​ពាក់​កណ្តាល​ខែឧសភា ពលរដ្ឋ​ហ្វាំងឡង់​និង​ស៊ុយអែត​ជាច្រើន​លើសលប់​បាន​សម្រេច​ថា ដើម្បី​សុវត្ថិភាព​របស់​ខ្លួន ប្រទេស​ទាំង២ត្រូវតែ​ចូលរួម​សម្ព័ន្ធភាព​ការពារ​ប្រទេស​របស់​អង្គការ​អូតង់។

ក្រោយពី​ពិគ្រោះ​យោបល់​ជាមួយ​គ្នា​មក សម្ព័ន្ធមិត្តអង្គការ​អូតង់​បាន​ស្វាគមន៍​ការដាក់​ពាក្យ​សុំ​ចូលជា​សមាជិករបស់​ប្រទេស​ស្កង់ឌីណាវីទាំងពីរ ដោយ​យល់ស្រប​ជាមួយ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែលថា​ «ការមាន​សមាជិក​ថ្មី២ទៀត​របស់​អង្គការ​អូតង់​នៅ​ក្នុង​តំបន់​ស្កង់ឌីណាវី​នឹង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​យើង​ ហើយ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិ្កការ​ខាង​សន្តិសុខ​នៅ​ទូទាំង​តំបន់​នោះ‍»។

កាលពី​ថ្ងៃ​ទី២៩ ខែ​មិថុនា អង្គការ​អូតង់​បាន​អញ្ជើញ​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត​ជា​ផ្លូវការណ៍​ឱ្យ​ចូលរួមក្នុង​សម្ព័ន្ធភាព​នេះ​ ហើយ​នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ឯកអគ្គរដ្ឋទូត​របស់​អង្គការ​អូតង់​បាន​ចុះ​ហត្ថលេខា​លើ​ពិធីការយល់ព្រម​សម្រាប់​ហ្វាំងឡង់​និង​ស៊ុយអែត។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​និយាយ​ថា «នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ហ្វាំងឡង់ ស៊ុយអែត អង្គការ​អូតង់​ និង​សម្រាប់​សន្តិសុខ​រួម​របស់​យើង‍»។

ឯកសារ​ទាំង​នោះ​ឥឡូវនេះ​ត្រូវ​ទទួល​សច្ចានុម័ត​ពី​សមាជិក​នីមួយៗរបស់​អង្គការ​អូតង់​ជា​ទូទៅ​តាមរយៈ​អង្គនីតិ​ប្បញ្ញត្តិ។ ដំណើរការ​នេះ​កំពុង​ធ្វើ​ឡើង​ដោយ​មាន​ប្រទេស​កាណាដា​និង​ដាណាម៉ាក​ដែល​ជា​សម្ពន្ធមិត្ត​របស់​អង្គការ​អូតង់​ផ្តល់​សច្ចានុម័ត​លើ​ពិធីការ​នេះ​មុន​គេ។

ការយល់ព្រម​ឱ្យ​ស៊ុយអែតនិង​ហ្វាំងឡង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់​បាន​ទទួល​ការគាំទ្រ​យ៉ាង​ខ្លាំង​ដោយ​គណបក្ស​ទាំង២​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី Joe Biden បាន​មាន​ប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​សមាជិក​ភាព​របស់​ប្រទេស​ទាំង២។ ហ្វាំងឡង់​និង​ស៊ុយអែត​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​រឹងមាំ​ដែលមាន​សមត្ថភាព​យោធា​ខ្ពង់ខ្ពស់។ សមាជិកភាព​របស់​ប្រទេស​ទាំង២​នឹង​ពង្រឹង​សន្តិសុខ​ និង​ផលប្រយោជន៍​រួម​ក្នុង​សម្ព័ន្ធភាព​អង្គការ​អូតង់​នៃ​ត្រើយ​ទាំង​សងខាង​នៃ​មហា​សមុទ្រ​អាត្លង់ទិក។ ខ្ញុំ​រង់ចាំ​ធ្វើការ​ជាមួយ​លោក​អគ្គលេខាធិការ​អង្គការ​អូតង់ Stoltenberg សម្ព័ន្ធមិត្ត​របស់​យើង​ និង​ជាមួយ​សភា​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​អាច​ស្វាគមន៍​ប្រទេស​ទាំង២ដ៏ឆាប់​រហ័ស​នៅ​ក្នុង​សម្ព័ន្ធភាព​របស់​យើង។ សម្ព័ន្ធភាព​របស់​យើង​កាន់តែ​រឹងមាំឡើង កាន់តែ​រួបរួម​ឡើង ​ហើយ​នឹង​កាន់តែ​តាំងចិត្ត​ឡើង​ជាង​ពេល​ណាៗ​ទាំង​អស់‍»៕

XS
SM
MD
LG