តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងនៅឯសន្និសីទលើកទី ២៧ របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅក្នុងទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីបកាលពីពេលថ្មីៗនេះថា៖ «យោងលើអង្គការឧតុនិយមពិភពលោក រយៈពេល ៨ ឆ្នាំកន្លងទៅនេះ អាកាសធាតុមានលក្ខណៈក្តៅខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។
លោកបានបន្ថែមថា៖ «ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ សហរដ្ឋអាមេរិកបានធ្វើឱ្យមានការរីកចម្រើនដែលមិនធ្លាប់ពីមុនមកនៅក្នុងប្រទេស។ ...ខ្ញុំអាចឈរនៅទីនេះជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយនិយាយដោយភាពជឿជាក់ថា សហរដ្ឋអាមេរិកនឹងសម្រេចបានតាមគោលដៅនៃការបញ្ចេញឧស្ម័នស្រូបកម្ដៅនៅត្រឹមឆ្នាំ ២០៣០ ខាងមុខ»។
ទោះជាយ៉ាងនេះក្តី វិបត្តិអាកាសធាតុកំពុងធ្វើឱ្យប៉ះពាល់ខ្លាំងបំផុតលើប្រទេសនិងសហគមន៍ជាច្រើនដែលមានប្រភពធនធានតិចតួចនៅក្នុងការឆ្លើយតបនិងការរើបឡើងវិញ។ ក្នុងករណីភាគច្រើន ពួកគេក៏ជាប្រទេសដែលបានរួមចំណែកតិចតួចជាងគេបំផុតចំពោះបញ្ហាអាកាសធាតុនេះផងដែរ។
អាស្រ័យហេតុនេះហើយបានជាលោកប្រធានាធិបតី Biden តាំងចិត្តនៅក្នុងការផ្តល់ប្រាក់ប្រមាណ១១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដើម្បីផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់បញ្ហាអាកាសធាតុ ដែលក្នុងនោះរួមមានថវិកា ៣ ពាន់លានដុល្លារផងដែរសម្រាប់ការសម្របតាមការប្រែប្រួលអាកាសធាតុ។
ថវិកានេះដែលគេហៅថាជាផែនការគ្រាអាសន្នរបស់ប្រធានាធិបតីសម្រាប់ការសម្របតាមនិងភាពធន់ (PREPARE) នឹងជួយដល់មនុស្សជាង ៥០០ លាននាក់នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
លោកប្រធានាធិបតី Biden បានថ្លែងថា៖ «សហរដ្ឋអាមេរិកប្រកាសផ្ដល់ថវិកាជាង ១៥០ លានដុល្លារអាមេរិកសម្រាប់បង់ជាមុននៅក្នុងគម្រោងផ្តួចផ្តើមដែលគាំទ្រជាពិសេសដល់កិច្ចប្រឹងប្រែងសម្របតាមរបស់កម្មវិធី PREPARE នៅទូទាំងទ្វីបអាហ្វ្រិក ដែលក្នុងនោះរួមមានទាំងកិច្ចប្រឹងប្រែងសម្របតាមនៅទ្វីបអាហ្វ្រិក (Adaptation in Africa) ផងដែរ ដែលប្រទេសអេហ្ស៊ីបនិងសហរដ្ឋអាមេរិកដាក់ឱ្យអនុវត្តកាលពីខែមិថុនាកន្លងទៅនេះ»។
ក្នុងចំណោមកម្មវិធីផ្សេងៗទៀត សហរដ្ឋអាមេរិកក៏បានគាំទ្រផងដែរដល់កម្មវិធី Global Shield ដែលជាគម្រោងផ្តួចផ្តើមរបស់ក្រុមប្រទេស G-7 ដែលមានគោលបំណងការពារប្រទេសងាយរងគ្រោះនានាពីការបាត់បង់ពាក់ព័ន្ធនឹងអាកាសធាតុ និងឆ្លើយតបទៅនឹងការខូចខាតដែលពាក់ព័ន្ធនឹងអាកាសធាតុ។
កម្មវិធីមួយទៀតរបស់ក្រុមប្រទេស G-7 ដែលមានឈ្មោះថា «ភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគសាកល (Partnership for Global Infrastructure and Investment)» មានបំណងបំពេញតាមតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងបណ្ដាប្រទេសមានប្រាក់ចំណូលទាបនិងធម្យម ដែលផ្ដោតជាពិសេសលើរឿងអាកាសធាតុ។
ភាពជាដៃគូរវាងក្រុមហ៊ុនអាមេរិកនិងរដ្ឋាភិបាលអង់ហ្គោឡាដែលបានវិនិយោគទឹកបា្រក់ ២ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងថាមពលព្រះអាទិត្យថ្មីៗក្នុងប្រទេសអង់ហ្គោឡាកំពុងដំណើរការរួចហើយ។
មួយវិញទៀត គម្រោង Global Methane Pledge ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី Biden និងប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula Von der Leyen កាលពីឆ្នាំមុន មានបំណងកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន។
លោក Biden បានមានប្រសាសន៍ថា៖ «ប្រទេសជាង ១៣០ បានចុះហត្ថលេខាលើការព្រមព្រៀងកាត់បន្ថយការបញ្ចេញឧស្ម័នមេតានជាងពាក់កណ្តាលនៅលើពិភពលោក។ ឧស្ម័នមេតានមានលក្ខណៈ ៨ ដងខ្លាំងជាងឧស្ម័នកាបូន និងមានចំនួនជិតពាក់កណ្តាលនៃការឡើងកម្តៅផែនដីដែលយើងកំពុងជួបប្រទះនៅពេលបច្ចុប្បន្ននេះ។ ដូច្នះការកាត់បន្ថយឧស្ម័នមេតានឱ្យបានយ៉ាងហោចណាស់ ៣០% នៅត្រឹមឆ្នាំ ២០៣០ខាងមុខគឺអាចជាឱកាសដ៏ល្អបំផុតរបស់យើងដើម្បីសម្រេចឱ្យបាននូវគោលដៅនៃការរក្សាការឡើងកម្តៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ»។
លោកប្រធានាធិបតី Biden បានបន្ថែមថា៖ «គ្រប់គ្នាត្រូវតែរក្សាការបង្កើនកិច្ចប្រឹងប្រែងរបស់យើងនៅក្នុងរយៈពេលពេញមួយទសវត្សរ៍ផ្ដាច់ព្រាត់នេះ។ បញ្ហាដែលយើងប្រឈមមានទំហំធំធេងណាស់ ប៉ុន្តែសមត្ថភាពរបស់យើងគឺមានធំជាងការប្រឈមនេះទៅទៀត។ យើងមិនត្រូវសង្ស័យឡើយពីរឿងនេះ»៕