តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អង្គការសន្ធិសញ្ញាមហាសមុទ្រអាត្លង់ទិកខាងជើង ហៅកាត់ថាអង្គការអូតង់ ជាសម្ព័ន្ធភាពខាងការពារប្រទេសមួយមានប្រទេស៣០ជាសមាជិកក្នុងពេលសព្វថ្ងៃនេះ ហើយមានប្រជាពលរដ្ឋ ជិតមួយពាន់លាននាក់តាមការស្ម័គ្រចិត្ត។ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Anthony Blinken បានមានប្រសាសន៍នៅឯទីស្នាក់ការរបស់អង្គការអូតង់នៅក្រុងប្រ៊ុចសែលថា បណ្តារដ្ឋជាសមាជិក«រួបរូមគ្នានៅជុំវិញគុណតម្លៃដូចគ្នានៃលទ្ធិប្រជាធិបតេយ្យ សេរីភាព ការបើកចំហ និងរៀបរយអន្តរជាតិ ផ្អែកលើបទបញ្ញត្តិ ដើម្បីធ្វើឱ្យប្រាកដថា ប្រទេសទាំងអស់អាចធ្វើចលនាទៅមុខជាមួយគ្នាដោយសន្តិវិធី»។
ការប្តេជ្ញារបស់សហរដ្ឋអាមេរិក នៅតែខ្លាំងមាំដដែល។ លោក Blinken បានគូសបញ្ជាក់ថា «យើងមានរបៀបវារៈទំលំទូលាយមួយដើម្បីធ្វើឱ្យប្រាកដថា សម្ព័ន្ធភាពនេះ មានប្រសិទ្ធភាពក្នុងពេល៧៥ឆ្នាំ ទៅមុខទៀត...ដូចដែលខ្លួនមានក្នុងពេល៧៥ឆ្នាំដំបូងដែរ»។
លោកបានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាធ្វើឱ្យសម្ព័ន្ធភាពរបស់យើងមានភាពក្លៀវក្លាជាថ្មី ធ្វើឱ្យភាពដៃគូរបស់យើងមានភាពក្លៀវក្លាជាថ្មី ដោយចាប់ផ្តើមជាមួយអង្គការអូតង់ នៅពេលយើងពិនិត្យមើលឧបសគ្គទាំងអស់ដែលយើងប្រឈមក្នុងឋានៈជាប្រទេសមួយ ហើយដែលនឹងមានផលប៉ះពាល់ដល់ជីវិតពលរដ្ឋយើង មិនមែនប្រទេសតែមួយគត់ អាចដោះស្រាយបញ្ហាទាំងនេះតែឯកឯងបានទេ ទោះជាសហរដ្ឋអាមេរិកដែលមានប្រភពធនធានដែលយើងមានហើយក៏ដោយ។ យើងមានការយកចិត្តទុកដាក់ខ្លាំង ទោះជាទៅលើបញ្ហាឧបសគ្គថ្មីៗខ្លះដូចជាក្នុងបញ្ហាធាតុអាកាស ក្នុងវិស័យសន្តិសុខកំព្យូទ័រ ការលេចឡើងនៃពួករដ្ឋកាន់អំណាចផ្តាច់ការ និងឧបសគ្គដែលដាក់ឱ្យមាន-យើងមានការយកចិត្តទុកដាក់ខ្លាំងក្នុងការដោះស្រាយបញ្ហាទាំងនេះរួមគ្នា ដោយពឹងផ្អែកលើសន្តិសុខរួមគ្នា។ ហើយនេះ ជាអ្វីដែលជាកិច្ចការរបស់អង្គការអូតង់»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា នៅពេលនេះ បេសកកម្ម គឺធ្វើឱ្យប្រាកដប្រជាថា «យើងនាំអង្គការអូតង់ចូលក្នុងពេលវេលានេះ ដើម្បីជួបនឹងបញ្ហាជាឧបសគ្គនៃថ្ងៃនេះ ហើយនេះ ជាអ្វីដែលជារបៀបវារៈរហូតដល់ឆ្នាំ២០៣០។ យើងនឹងធ្វើការអំពីកិច្ចការទាំងនេះជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ និងជាមួយពួកដៃគូទាំងអស់របស់យើងនៅទីនេះ»៕