តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សម្ពន្ធភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសហ្វីលីពីនផ្អែកលើចំណងទាក់ទងគ្នាយ៉ាងស៊ីជម្រៅជាប្រវត្តិសាស្ត្រផ្នែកសេដ្ឋកិច្ចនិងវប្បធម៌ និងគុណតម្លៃប្រជាធិបតេយ្យដែលប្រទេសទាំងពីរនេះមានដូចគ្នា។
ដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោកស្រីអនុប្រធានាធិបតី Kamala Harris នៅប្រទេសហ្វីលីពីនបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងនេះនិងផ្តល់ឱកាសមួយដល់ការពិភាក្សាគ្នាសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគលើបញ្ហាមួយចំនួន មានរួមទាំងការជំរុញឲ្យមានថាមពលស្អាត ការបង្កើនការទទួលបានការសិក្សាអប់រំមានគុណភាព ការប្រឈមនឹងឧបសគ្គរួមគ្នាខាងសន្តិសុខនិងការគាំទ្រដល់សេរីភាពក្នុងដែនសមុទ្រ។
លោកស្រីអនុប្រធានាធិតីបានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos កាលពីថ្ងៃទី២១ ខែវិច្ឆិកាដើម្បីពិភាក្សាគ្នាអំពីការផ្តើមគំនិតថ្មីៗ។ នៅថ្ងៃបន្ទាប់ លោកស្រីបានធ្វើដំណើរទៅកាន់ទីក្រុងបេតិកភណ្ឌពិភពលោក Puerto Princesa ក្នុងខេត្ត Palawan នៃប្រទេសហ្វីលីពីន ស្ថិតនៅជាយសមុទ្រចិនខាងត្បូង។
នៅក្នុងសុន្ទរកថាដែលលោកស្រីបានថ្លែងនៅលើនាវាកងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន លោកស្រីអនុប្រធានាធិបតី Harris បានប្រកាសអំពីវិស័យនៃកិច្ចសហការគ្នាបន្ថែមទៀត។ វិស័យទាំងនេះរួមមានការបន្ថែមប្រាក់ជំនួយស.រ.អ.ដល់ទីភ្នាក់ងារពង្រឹងច្បាប់សមុទ្រហ្វីលីពីន ដើម្បីប្រឆាំងនឹងការនេសាទត្រីខុសច្បាប់ដែលមិនត្រូវបានរាយការណ៍ និងគ្មានការដាក់កម្រិតឱ្យបានត្រឹមត្រូវ ដែលជាការគំរាមកំហែងដោយផ្ទាល់ដល់ប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រនិងសេដ្ឋកិច្ច។
លោកស្រីបានមានប្រសាសន៍ថា ស.រ.អ.ក៏បង្កើនការប្រឹងប្រែងដើម្បីផ្តល់ឱ្យប្រទេស ហ្វីលីពីននិងប្រទេសឯទៀតៗក្នុងតំបន់នូវរូបភាពធំជាងមុននិងត្រឹមត្រូវជាងមុននៃដែនទឹករបស់ពួកគេ។ នៅខែនេះ អង្គការដៃគូមួយរបស់ស.រ.អ.បង្ហោះផ្កាយរណបថ្មីៗដូច្នេះប្រព័ន្ធពឹងផ្អែកលើផ្កាយរណបកាន់តែច្រើន អាចផ្តល់រូបភាពប្រតិបត្តិបត្តិការរួមគ្នានៃផ្លូវទឹកសំខាន់ៗក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបង្កើនសមត្ថភាពយល់ដឹងអំពីដែនសមុទ្រពួកគេ ដើម្បីឱ្យពួកសម្ពន្ធមិត្តរបស់យើងនិងដៃគូនានាអាចការពារវិស័យជលផលដែលមានហានិភ័យបាន អាចឆ្លើយតបដល់មហន្តរាយខាងមនុស្សធម៌និងរកឃើញ ព្រមទាំងទប់ទល់នឹងសកម្មភាពខុសច្បាប់ទាំងឡាយទៀតផង»។
លោកស្រីអនុប្រធានាធិបតីបានសរសើរកងឆ្មាំសមុទ្រហ្វីលីពីនដែល«ស្ថិតនៅជួរមុខគាំទ្រសណ្តាប់ធ្នាប់ផ្អែកលើបទបញ្ញត្តិអន្តរជាតិ»។ លោកស្រីបានកត់សម្គាល់អំពីការបំភិតបំភ័យនិងការប៉ុនប៉ងបង្ខិតបង្ខំពីសាធារណរដ្ឋប្រជាមានិតចិនដែលប្រទេសហ្វីលីពីនបានជួបប្រទះ នៅពេលរដ្ឋាភិបាលប៉េកាំងប្រកាសវាតទីនិងទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់។ លោកស្រីបានមានប្រសាសន៍ថា៖ «ស.រ.អ.ឈរជាមួយប្រទេសហ្វីលីពីន។ យើងនឹងបន្តប្រមែប្រមូលពួកសម្ពន្ធមិត្តនិងដៃគូរបស់យើងប្រឆាំងនឹងអាកប្បកិរិយាខុសច្បាប់និងគ្មានទំនួលខុសត្រូវរបស់ចិន»។
លោកស្រីអនុប្រធានាធិបតី Harris បានប្រកាសថា៖ «យើងត្រូវតែទ្រទ្រង់គោលការណ៍ ដូចជាការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីដែលមិនបង្អាក់ដល់ពាណិជ្ជកម្មត្រឹមត្រូវតាមច្បាប់ បន្តដោះស្រាយជម្លោះដោយសន្តិវិធីនិងសេរីភាពនាវាចរណ៍និងការហោះហើរពីលើសមុទ្រចិនខាងត្បូងនិងនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅពេលណាដែលសណ្តាប់ធ្នាប់ផ្អែកលើបទបញ្ញត្តិអន្តរជាតិត្រូវគំរាម កំហែងនៅកន្លែងណាមួយ វាត្រូវគំរាមកំហែងនៅគ្រប់កន្លែងទាំងអស់»។
លោកស្រីអនុប្រធានាធិបតី Harris បានបញ្ចប់សុន្ទរកថារបស់លោកស្រីជាមួយសារមួយថា៖«សម្ពន្ធភាពរឹងមាំរវាងស.រ.អ.និងប្រទេសហ្វីលីពីន។ យើងមានការប្តេជ្ញាចំពោះហ្វីលីពីន។ យើងប្តេជ្ញាធ្វើឲ្យហ្វីលីពីនទទួលបានជោគជ័យនិងប្តេជ្ញាធានាដល់ជីវិតនិងជីវភាពទាំងអស់ ដែលការណ៍នោះត្រូវអាស្រ័យលើសកម្មភាពការងាររបស់ប្រទេសហ្វីលីពីន»៕