Accessibility links

Breaking News

បទវិចារណកថា៖ លោក Blinken ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថាមពល​ប្រើប្រាស់​ខ្យល់​នៅ​ហ្វីលីពីន


លោក Antony Blinken អបអរសាទរ ខណៈ​ដែល​នាយិកា​ទីភ្នាក់ងារ​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ស.រ.អ​អ្នកស្រី Enoh Ebong និង​លោក David Aboitiz អនុប្រធាន​នៃ​ក្រុមហ៊ុន Aboitiz Power ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង USTDA Offshore Wind Grant នៅ​ទីក្រុងម៉ានីល នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
លោក Antony Blinken អបអរសាទរ ខណៈ​ដែល​នាយិកា​ទីភ្នាក់ងារ​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ស.រ.អ​អ្នកស្រី Enoh Ebong និង​លោក David Aboitiz អនុប្រធាន​នៃ​ក្រុមហ៊ុន Aboitiz Power ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង USTDA Offshore Wind Grant នៅ​ទីក្រុងម៉ានីល នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ព្រមាន​ថា តំបន់​នីមួយៗ​ក្នុង​ពិភពលោក​កំពុង​ជួបប្រទះ​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់នៃវិបត្តិ​បម្រែបម្រួល​អាកាសធាតុ។ ក្នុង​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​កត់​សម្គាល់​ថា៖ «ហ្វីលីពីន​ងាយ​រង​គ្រោះ​ជា​ពិសេស។ ប្រទេសរបស់​លោកអ្នក​កំពុង​ប្រឈម​នឹង​ព្យុះទីហ្វុង​ដែលកាន់តែធំ ការធ្លាក់ភ្លៀង​ខ្លាំង ការកើនឡើង​នៃ​សីតុណ្ហភាព និងការកើន​កម្ពស់​ទឹក​សមុទ្រ។

កាលពី​ឆ្នាំមុន ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​គោលដៅ​ថាមពល​ស្អាត​ប្រកប​ដោយ​មហិច្ឆិតាមួយ គឺ​ការផលិត​ថាមពល​៣៥ភាគរយ​របស់​ប្រទេស​ពី​ប្រភពដែលអាច​ផលិត​ឡើងវិញបាន នៅ​ត្រឹម​ឆ្នាំ ២០៣០ និង​៥០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០៤០។ លោក Blinken បាន​ប្រកាស​ថា៖ «សហរដ្ឋ​អាមេរិក​សរសើរ​គោលដៅ​ទាំងនេះ ហើយ​យើង​ប្តេជ្ញា​ជួយ​ហ្វីលីពីន​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ទាំងនេះ»។

លោក Blinken បាន​ថ្លែង​ថា៖ «តាមរយៈ​ជំនួយ​ឥតសំណង​ពី​ទីភ្នាក់ងារ​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​របស់​សហរដ្ឋ​អាមេរិក យើង​នឹង​ដាក់​ឱ្យ​មាន​មូលដ្ឋានគ្រឹះ​រួមគ្នា​សម្រាប់​គម្រោង​ប្រើប្រាស់​ខ្យល់​នៅ​ក្នុងទឹកសមុទ្រ​ដំបូងគេ​នៅក្នុង​ប្រទេស​ហ្វីលីពីន។ ដល់​ពេល​នោះ គម្រោង​នោះ​នឹង​ផលិត​ថាមពល​ស្អាត​ដល់​ទៅ​៣.០០០ មេហ្គាវ៉ាត់​រៀងរាល់​ឆ្នាំ»។ ចំនួន​ថាមពលនេះ​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ថាមពល​ប្រើប្រាស់​ក្នុងផ្ទះ​ជាង​ពីរលាន​ខ្នង។

នេះ​គ្រាន់តែ​ជា​កិច្ចសហ​ប្រតិបត្តិការ​ថាមពល​ស្អាតថ្មី​បំផុត​រវាង​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន​តែប៉ុណ្ណោះ។ កាលពីពេលថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​កម្មវិធី​ដេញថ្លៃ​ប្រកួត​ប្រជែង​ដំបូង​បង្អស់​របស់​ប្រទេស​ហ្វីលីពីន​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ថាមពល​ដែល​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការផលិត​ថាមពលដែលផលិត​ឡើងវិញបាន ចំនួន​២.០០០ មេហ្គាវ៉ាត់​ទៀត​នៅ​ត្រឹម​ឆ្នាំ២០២៥។ កាលពី​ខែមីនា ប្រទេស​ហ្វីលីពីន​បាន​ចូលរួម​ក្នុង​កម្មវិធី​គំនិត​ផ្តួចផ្តើម​តម្រូវការ​ថាមពល​ស្អាត ដែល​ជា​កម្មវិធី​ដែល​ដំណើរការ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​ភ្ជាប់​ប្រទេស​នានា​ដែល​កំពុង​ស្វែងរក​ការផ្លាស់ប្តូរ​ទៅ​ប្រើប្រាស់​ថាមពល​ស្អាត​ជាមួយ​ក្រុមហ៊ុន​ដែល​អាច​ជួយ​ពួកគេ​ឱ្យ​សម្រេច​បាន។

កាលពី​ឆ្នាំមុន សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន​បាន​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ថាមពល​ដែល​មាន​សុវត្ថិភាព​នៅ​ហ្វីលីពីន។ គំនិត​ផ្តួចផ្តើម​នេះ គឺជា​ការប្រមូល​ការវិនិយោគ​ក្នុង​វិស័យ​ឯកជន និង​ការបង្កើត​ថាមពល​ស្អាត​បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស​ហ្វីលីពីន។

ប្រទេស​ទាំងពីរ​កំពុង​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​វិស័យ​ថាមពល​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​ហ្វីលីពីន​តាមរយៈ​កិច្ចព្រមព្រៀង​នា​ពេលថ្មីៗ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​អ្នកជំនាញ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន។

ហើយ​ក្នុង​នាម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក ហ្វីលីពីន​បាន​ចូលរួម​ជាមួយ​ប្រទេស​ចំនួន​១៣ នៅ​ទូទាំង​តំបន់​ដែល​កំពុង​ប្តេជ្ញាចិត្ត​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត​និង​សេដ្ឋកិច្ច​ដែល​មាន​ភាពធន់ និង​ត្រឹមត្រូវ​ជាងមុន។

លោក Blinken បាន​ថ្លែង​ថា៖ «ការងារ​នេះមាន​សារៈសំខាន់ណាស់ ហើយ​យើង​ដឹងគុណ​ដល់​ដៃគូ​របស់​យើង​នៅ​ទូទាំង​ប្រទេស​ហ្វីលីពីន មាន​ទាំង​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​សម្រាប់​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ចំពោះ​អនាគត​ដែល​មាន​ថាមពល​ស្អាត​របស់​ប្រទេស​នេះ។ យើង​រួមគ្នា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន ក្នុង​ខណៈ​ពេល​ដែល​យើង​បង្កើត​ការងារ។ យើង​កំពុង​ជំរុញ​ឱ្យមាន​ការច្នៃ​ប្រឌិត។ យើង​កំពុង​ផលិត​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ និង​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​គ្រួសារ និង​សហគមន៍​ទូទាំង​ប្រទេស»៕

XS
SM
MD
LG