តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានប្រកាសនៅក្នុងសុន្ទរកថាមួយរបស់លោកទៅកាន់កិច្ចប្រជុំកំពូលស្តីពីវិនិយោគទុន SelectUSA (ជ្រើសរើសយកសហរដ្ឋអាមេរិក) ឆ្នាំ២០២៣ ដូចនេះថា សហរដ្ឋអាមេរិកនៅតែជាជម្រើសដ៏ល្អបំផុតនៅលើពិភពលោក ក្នុងការធ្វើវិនិយោគដោយសារហេតុផលជាច្រើន។
លោកបន្ថែមដូចនេះទៀតថា៖ «វប្បធម៌ខាងផ្នែកនវានុវត្តន៍និងសហគ្រិនភាពរបស់យើង ជំរុញឲ្យបង្កើតផលិតផលថ្មីៗនិងដំណោះស្រាយក្នុងកម្រិតខ្ពស់ មានសាកលវិទ្យាល័យនិងមហាវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក មានគំនិតថ្មីៗ និងជំនាញជំរុញបន្ថែម មាននីតិរដ្ឋ ការពារច្បាប់កម្មសិទ្ធិបញ្ញា ការពារសិទ្ធិកម្មករ ក៏ដូចជាការរីកចម្រើនដែលកំពុងមានសន្ទុះទៅមុខផងដែរ»។
លោក Blinken បាននិយាយដូច្នេះទៀតថា សហរដ្ឋអាមេរិកបានចាត់វិធានការនានា ក្នុងការធ្វើខ្លួនឱ្យក្លាយទៅជាកន្លែងដែលមានការទាក់ទាញខ្លាំង សម្រាប់ការធ្វើវិនិយោគទុននិងការធ្វើជំនួញផ្សេងៗ។ ទាំងនេះរួមមានដូចជាការធ្វើវិនិយោគទុនជាប្រវត្តិសាស្ត្រ ក្នុងការប្រកួតប្រជែងដោយមានច្បាប់ដូចជាច្បាប់បន្ទះសៀគ្វី និងវិទ្យាសាស្ត្រ (CHIPS and Science Act) ដែលមានការគាំទ្រដោយគណបក្សទាំងពីរក្នុងសភាសហរដ្ឋអាមេរិក ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដែលរួមមានផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ព្រលានយន្តហោះថ្មីៗ និងការពង្រីកការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតជាដើម។
លោក Blinken និយាយដូចនេះទៀតថា សហរដ្ឋអាមេរិក កំពុងធ្វើទំនើបកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួននៅជុំវិញពិភពលោក។ គំនិតផ្តួចផ្តើមថ្មីៗមួយចំនួន ដូចជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក និងភាពជាដៃគូអាមេរិកសម្រាប់វិបុលភាពសេដ្ឋកិច្ច ជួយការពារសន្តិសុខសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់យើង ក៏ដូចជាដៃគូរបស់យើងផងដែរ ដោយបង្កើតការតភ្ជាប់ឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងប្រទេសរបស់យើង ដើម្បីឱ្យមានឱកាសកាន់តែច្រើនថែមទៀត សម្រាប់អ្នកធ្វើជំនួញរបស់យើងអាចដាក់ទុនវិនិយោគ និងទទួលបានផលចំណេញ»។
លោក Blinken និយាយថា យុទ្ធសាស្ត្រនេះបានផ្តល់ផលជាច្រើន៖ «ចាប់តាំងពីឆ្នាំ២០២១មក ផ្នែកឯកជនបានបោះទុនធ្វើវិនិយោគក្នុងចំនួនទឹកប្រាក់ប្រមាណជាង៤៣៥ពាន់លានដុល្លារអាមេរិក នៅក្នុងមុខជំនួញនៅទូទាំងសហរដ្ឋអាមេរិក។ ការបណ្តាក់ទុនវិនិយោគ ដែលបានប្រកាសចាប់តាំងពីខែសីហាមក ពាក់ព័ន្ធនឹងវិនិយោគគិនបរទេស។ រហូតមកដល់ពេលនេះក្នុងឆ្នាំសារពើពន្ធនេះ យើងបានផ្តល់ទិដ្ឋាការសម្រាប់ការធ្វើជំនួញនៅក្នុងសហរដ្ឋអាមេរិក ក្នុងចំនួនកើនជិតទ្វេដង បើប្រៀបធៀបនឹងរយៈពេលរហូតមកដល់ពេលនេះកាលពីឆ្នាំកន្លងទៅ។ ទិដ្ឋាការជំនួញដែលបានផ្តល់ឱ្យ ក៏លើសចំនួនទិដ្ឋាការ ដែលសហរដ្ឋអាមេរិកបានផ្តល់មុនជំងឺរាតត្បាតកូវីដ១៩ ផងដែរ ដើម្បីអនុញ្ញាតឱ្យក្រុមសហគ្រិននិងវិនិយោគិន អាចចូលរួមក្នុងសន្និសីទជំនាញ ការចរចាកិច្ចសន្យាជំនួញ ធ្វើការជាមួយអ្នកពាក់ព័ន្ធ និងធ្វើរឿងជាច្រើនផ្សេងៗទៀត ដែលគេត្រូវធ្វើ ដើម្បីធ្វើឱ្យមុខជំនួញទទួលបានជោគជ័យ»។
ចាប់តាំងពីឆ្នាំ២០១១ មក សន្និសីទនេះ បានជួយឱ្យមានការធ្វើវិនិយោគទុនឯកជនជាង៨០ពាន់ លានដុល្លារ។ លោករដ្ឋមន្ត្រីការបរទេស Blinken ថ្លែងដូចនេះទៀតថា៖ «ភាពជាដៃគូទាំងនេះ បានជួយយើងក្នុងការលើកកម្ពស់អាទិភាពគោលនយោបាយការបរទេស»។
នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការវិនិយោគ SelectUSA កាលពីឆ្នាំទៅ ក្រុមហ៊ុនផលិតបន្ទះសៀគ្វី semiconductor ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ឈ្មោះ GlobalWafers បានប្រកាសពីផែនការមួយចំនួន ក្នុងការបង្កើតទីតាំងដ៏ទំនើបរបស់ខ្លួនថ្មីមួយនៅក្នុងទីក្រុង Sherman រដ្ឋ Texas សហរដ្ឋអាមេរិក។ ទីតាំងរោងចក្រថ្មីនេះ នឹងចូលរួមបំពេញកង្វះខាតសង្វាក់ផ្គត់ផ្គង់បន្ទះលោហធាតុសៀគ្វី semiconductor ឱ្យកាន់តែប្រសើរឡើង ដែលមានសារៈសំខាន់ ក្នុងការរក្សាការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាមួយ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ចំពោះសេដ្ឋកិច្ចក្នុងសតវត្សរ៍ទី២១នេះ។
លោក Blinken ប្រកាសដូចនេះថា៖ «សហរដ្ឋអាមេរិកបើកចំហរសម្រាប់ការធ្វើជំនួញ សម្រាប់វិនិយោគិនដែលមានសក្តានុពលនៅជុំវិញពិភពលោក។ យើងសង្ឃឹមថា អ្នកនឹងជ្រើសរើសដើម្បីវិនិយោគពេលវេលា និងភាពប៉ិនប្រសប់របស់អ្នកជាមួយយើង»៕
បទវិចារណកថា៖ សហរដ្ឋអាមេរិកបើកចំហដល់ការធ្វើជំនួញ
