Accessibility links

Breaking News

បទវិចារណកថា៖ អ្នកស្រី Karri Hannan ថ្លែង​អំពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ឱកាស​សេដ្ឋកិច្ច​ថ្មី


រូបឯកសារ៖ កុងតឺន័រ​នៅឯ​កំពង់ផែមួយកន្លែង។
រូបឯកសារ៖ កុងតឺន័រ​នៅឯ​កំពង់ផែមួយកន្លែង។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អ្នកស្រី Kerri Hannan ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អឌ្ឍគោល​ខាង​លិច (Western Hemisphere) បាន​និយាយ​ថា ការ​លេច​ឡើង​នូវ​ចំណុច​ខ្សោយ​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​គឺ​ជា​ផល​ប៉ះពាល់​មិន​រំពឹងទុក​មួយ​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​ពិត​ប្រាកដ​មួយ​ដែល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​បង្ហាញ​ឱ្យ​ឃើញ នៅ​ពេល​ដែល​យើង​មិន​ធ្វើ​ពិពិធកម្ម ឬ​ក៏​មិន​មាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​មាន​ភាព​ធន់។ យើង​កំពុង​មាន​ហានិភ័យ​នៃ​ការ​ដួល​រលំ​សេដ្ឋកិច្ច នៃ​ការ​មិន​មាន​ឧបករណ៍​ពាក់​ការពារ​ខ្លួន (PPE) នៃ​ការ​មិន​មាន​លទ្ធភាព​ឆ្លើយតប​ចំពោះ​ជំងឺ​រាតត្បាត ​ឬ​ក៏​វិបត្តិ​ណា​មួយ​ផ្សេង​ទៀត​ដែល​អាច​កើតឡើង​នៅ​ក្នុង​តំបន់​នៅ​ពេល​ខាង​មុខ»។

អ្នកស្រី Hannan បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ទ្វីប​អាមេរិក (Summit of the Americas) កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា វា​ជា​ការ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​ស្វែង​រក​វិធី​ពង្រឹង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើង​វិញ​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ឬ​ក៏​ផលិតកម្ម​ក្នុង​ស្រុក និង​វិធី​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ពិពិធកម្ម​និង​កសាង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​មាន​ភាព​ធន់។

អ្នកស្រី​បាន​លើកឡើង​ដូច្នេះ​ថា៖ «វា​ក៏​ជា​ឱកាស​សេដ្ឋកិច្ច​ដ៏​កម្រ​មួយ​ផង​ដែរ​ដែល​យើង​បាន​ឃើញ ដើម្បី​ធ្វើ​ការ​ជាមួយ​នឹង​ដៃគូ​នានា​នៅ​ក្នុង​តំបន់​ដើម្បី​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។ ...ក្រឡេក​មើល​ទៅ​លើ​របៀប​ដែល​ទំនិញ​អាច​ធ្វើ​ចរាចរ​និង​ទីផ្សារ​អាច​ដំណើរការ​នៅ​ទូទាំង​តំបន់ មិន​ថា​តាម​រយៈ​ការ​មើល​លើ​កំពង់ផែ ឬ​ក៏​ការ​មើល​លើ​ផ្លូវ​ធ្វើ​ដំណើរ​នោះ​ទេ ទាំង​អស់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដ៏​ធំ​នេះ​នៅ​ក្នុង​តំបន់​ដើម្បី​ធ្វើ​ពិពិធកម្ម​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​យើង»។

អ្នកស្រី Hannan បាន​បន្ថែម​ថា៖ «ទាំង​នេះ ​គឺ​ជា​ឱកាស​ទាំង​អស់​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច»។

ជា​ការពិត ប្រធានបទ​នៃ​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​ទ្វីប​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ «ការ​កសាង​អនាគត​មួយ​ដែល​មាន​ចីរភាព ភាព​ធន់ និង​សមភាព»។ ករណី​នេះ «មាន​ន័យ​ថា មនុស្ស​គ្រប់​រូប ដែល​រួម​មាន​ទាំង​ស្ត្រី ក្រុម​មនុស្ស​ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុកដាក់ សហគ្រាស​ធុន​តូច​និង​ធុន​មធ្យម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ មាន​លទ្ធភាព​ប្រើប្រាស់​ទីផ្សារ ចូលរួម​ក្នុង​សេដ្ឋកិច្ច និង​ទទួល​បាន​ថវិកា»។

ចំណុច​នេះ​មាន​ន័យ​ថា ការ​ពង្រីក​លទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​នៅ​ទូទាំង​តំបន់​អាមេរិក​ឡាទីន​គឺ​ជា​អាទិភាព​កំពូល​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។

វា​ក៏​មាន​ន័យ​ផង​ដែរ​ថា​ជា​ការ​ជំរុញ​ឱ្យ​ស្ត្រី​មាន​ភាព​ក្លាហាន ដោយ​ហេតុ​ថា​នៅ​ពេល​ណា​ដែល​ស្ត្រី​ទទួល​បាន​ជោគជ័យ សង្គម​ទាំង​មូល​នឹង​ទទួល​បាន​ប្រយោជន៍​ពី​នេះ។

ជា​ឧទាហរណ៍ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kamala Harris បាន​ស្នើ​នូវ​គំនិត​ផ្ដួចផ្ដើម «នៅ​ក្នុង​ដៃ​របស់​ស្ត្រី» នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នោះ។

អ្នកស្រី Hannan បាន​បញ្ជាក់​ថា គំនិត​ផ្ដួចផ្ដើម​នេះ «មាន​បំណង​ឱ្យ​ស្ត្រី​បាន​ចូលរួម​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច»។

អ្នកស្រី Hannan ថ្លែង​ថា៖ «ការ​តាំងចិត្ត​និង​ការ​ទទួល​ស្គាល់​នេះ​ដែល​លើក​កម្ពស់​ស្ត្រី ជា​ពិសេស​ស្ត្រី​នៅ​ក្នុង​តំបន់​អាមេរិក​កណ្ដាល គឺ​នឹង​ជះ​លទ្ធផល​ដល់​តំបន់​នេះ​ទាំង​មូល»។

អ្នកស្រី Hannan លើកឡើង​បន្ត​ដូច្នេះ​ថា៖ «នេះ​គឺ​ជា​កិច្ច​ប្រជុំ​កំពូល​ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ សាល​ប្រជុំ​គឺ​ពោរពេញ​ដោយ​វត្តមាន​របស់​ស្ត្រី និង​ក្រុម​មនុស្ស​ដែល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់។ ហើយ​ពួកគេ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​និង​អ្នក​តំណាង​រដ្ឋាភិបាល​នានា​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ដើម្បី​ឱ្យ​មេដឹកនាំ​ទាំង​នោះ​ស្ដាប់​នូវ​អ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវ​ដោះស្រាយ​ដើម្បី​ស្វែងរក​វិធី​ផ្ដល់​ជូន​តាម​ការ​ចង់​បាន​របស់​សង្គម​ស៊ីវិល​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឱ្យ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​បាន​ប្រសើរ​ឡើង»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​នឹង​ឃើញ​ទសវត្សរ៍​មួយ​ដែល​មាន​ការ​ផ្លាស់ប្ដូរ»៕

XS
SM
MD
LG