Accessibility links

Breaking News

បទវិចារណកថា៖ លោក Biden និយាយ​អំពី​ភាពជាដៃគូ​ក្នុង​ទ្វីប​អាមេរិក​សម្រាប់​ភាពសំបូរ​រុងរឿង​សេដ្ឋកិច្ច


លោក​ប្រធានាធិបតី Joe Biden ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​កាលពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០២២ ក្នុង​ទីក្រុង Los Angeles។
លោក​ប្រធានាធិបតី Joe Biden ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​កាលពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ២០២២ ក្នុង​ទីក្រុង Los Angeles។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​សន្និសីទ​កំពូល​ទ្វីប​អាមេរិកក្នុងទីក្រុង​ Los Angeles លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាសផែនការ​សេដ្ឋកិច្ច​ថ្មី​មួយមានឈ្មោះ​ថា ភាព​ដៃគូ​ក្នុង​ទ្វីប​អាមេរិកសម្រាប់​ភាព​សំបូរ​រុងរឿង​សេដ្ឋកិច្ច។

លោកប្រធានាធិបតី Biden បាន​មានប្រសាសន៍ថា ភាព​ដៃគូ​ថ្មី​នេះនឹង​ជួយ​សេដ្ឋកិច្ច​នៃ​អឌ្ឍគោល​ខាងលិច​«ឱ្យ​លូតលាស់​ខ្លាំង​ជាងមុន‍»។

លោក Biden បានមានប្រសាសន៍​ថា៖

«យើង​ត្រូវ​តែ​បំបែក​ភាព​វិលវល់​ឡើង​ចុះ​ដដែលៗដែល​សហគមន៍​គេមិន​សូវយក​ចិត្ត​ទុកដាក់​ មានការ​លំបាកខ្លាំង​ដោយសារ​មហន្តរាយ និង​មាន​ប្រភព​ធនធានតិច​បំផុត​ដើម្បីរើប​ចេញពី​វិបត្តិ ​និងប្រុង​ប្រៀប​សម្រាប់​មហន្តរាយ​បន្ទាប់​ទៀត។ ជា​មួយ​គ្នា យើងត្រូវតែ​បណ្តាក់​ទុន​សម្រាប់​ធ្វើឱ្យ​ប្រាកដ​ថា​ ពាណិជ្ជកម្ម​របស់​យើង​មានចីរភាព និងមាន​ការទទួល​ខុស​ត្រូវ ព្រមទាំងបង្កើត​សង្វាក់​ផ្គត់ផ្គង់​ជាប់លាប់ មានសុវត្ថិភាព ​និង​មានចីរ​ភាព»។

លោក​ប្រធានាធិបតី Biden បានមានប្រសាសន៍ថា​ ភាព​ដៃគូ​ក្នុង​ទ្វីប​អាមេរិកនឹង​ធ្វើឱ្យ​មានការបញ្ចូល​របៀប​ថ្មីៗ​ និង​ជួយ​រដ្ឋាភិបាល​បំពេញ​ភារកិច្ច​ខ្លួន​សម្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន។

លោក Biden បាន​មានប្រសាសន៍​ថា៖

«ប្រជាពលរដ្ឋ​នៅគ្រប់ទី​កន្លែង​រំពឹង​ថា ​រដ្ឋាភិបាល​ពួក​គេ​នឹង​ផ្តល់ឱ្យ​ពួក​គេ​នូវ​ឱកាស​ មានការងារ​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​សម​រម្យ​ ការសិក្សា​អប់រំ​សម្រាប់កូនៗ​ពួក​គេដើម្បីឱ្យ​កូនពួកគេអាច​ចម្រើនរុង​រឿង​តាម​ការប៉ិន​ប្រសប់​របស់ពួកគេ​ ការ​ធ្វើឱ្យ​សហគមន៍​មានសុវត្ថិភាព​ជាងមុនសម្រាប់​ឱ្យ​គ្រួសារ​ពួកគេ​មានអារម្មណ៍​ថា ​មាន​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ​ពួក​គេ​ និ​ង​ដឹង​ថា​ សិទ្ធិ​ពួក​គេ​នឹង​ត្រូវ​គោរព‍»។

ដើម្បី​ជួយ​រដ្ឋាភិបាលនិង​ប្រជារាស្ត្រក្នុងអឌ្ឍគោលនេះ​ឱ្យ​ទទួល​អត្ថប្រយោជន៍ពី​ការ​ឱ្យ​ខ្ចី​ប្រាក់​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍន៍ លោក​ប្រធានាធិបតី Biden បាន​ស្នើ​ឱ្យ​មានកំណែ​ទម្រង់​ជា​មូលដ្ឋាននៃ​ក្រុម​ធនាគារ​អភិវឌ្ឍន៍​អន្តរទ្វីបអាមេរិក Inter-American Development Bank Group និងបង្កើន​ការ​ផ្តល់​ប្រាក់ឱ្យ​ផ្នែកឯកជន​នៃ​ធនាគារ​នេះដើម្បី​ជួយ​សម្រួល​លំហូរមូលធនឯកជន​ទៅក្នុងតំបន់ ជា​ពិសេស​សម្រាប់​ក្រុមហ៊ុន​ដែលទើបចាប់ផ្តើម​ដំបូង។

លោក​ប្រធានាធិបតី​ Biden បានមានប្រសាសន៍​ថា ភាព​ដៃគូ​ក្នុងទ្វីប​អាមេរិកក៏​នឹង​ដោះស្រាយវិបត្តិ​ធាតុអាកាសដែរ។

លោកប្រធានាធិបតីបាន​មានប្រសាសន៍​ថា៖

«នៅពេល​ខ្ញុំ​ឮ​ពាក្យ'អាកាសធាតុ' ខ្ញុំគិត​អំពី​ការងារ គឺ​ការងារមានប្រាក់​បៀវត្សរ៍​ច្រើន​ ការងារ​មានគុណភាព​ខ្ពស់ដែល​នឹង​ពន្លឿន​ការផ្លាស់ប្តូររបស់​យើង​ទៅ​កាន់​សេដ្ឋកិច្ចបៃតង​ក្នុង​ពេល​អនាគត​ដែល​នាំ​ឱ្យ​មានការលូតលាស់​ដោយមាន​ចីរភាព ការងារ​ពាក់ព័ន្ធនឹង​ការ​អភិវឌ្ឍន៍​និង​ផលិត​ថាមពល​ស្អាត ការងារ​ពាក់ព័ន្ធ​នឹងការ​ធ្វើ​មិន​ឱ្យ​សេដ្ឋកិច្ច​លូតលាស់​ដោយគ្មាន​សារធាតុ​កាបោន ការងារ​ពាក់ព័ន្ធ​នឹង​ការការពារ​ជីវចម្រុះ​នៃអឌ្ឍគោល​យើង ការងារដែល​ផ្តល់​កិត្តិយស​ឱ្យ​យើង​អាច​ចិញ្ចឹម​គ្រួសារ​យើង​បាន​ ផ្តល់ឱ្យ​ពួកកូនៗ​របស់​យើង​នូវ​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន និង​ការ​គិត​អំពីលទ្ធភាព​ទៅថ្ងៃអនាគត​‍»។

លោក​ប្រធានាធិបតី​បានប្រកាស​ថា «គ្មានហេតុផល​អ្វី​ដែល​អឌ្ឍគោល​ខាង​លិច​មិនគួរ​មាន​សន្តិសុខ ភាព​សំបូរ​រុង​រឿង​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ យើង​មាន​ឧបករណ៍​ទាំង​អស់​ដែល​យើង​ត្រូវការ​នៅ​ក្នុង​អឌ្ឍគោល​យើងផ្ទាល់។ ប្រជារាស្ត្រយើង​មាន​ថាមភាព​ និង​មាន​ការ​បញ្ចូលរបៀប​ថ្មីៗ។ ប្រទេស​ជាតិ​របស់ពួក​យើង​ប្តេជ្ញាធ្វើការជា​មួយ​គ្នា​ក្នុង​ភាព​ជា​ដៃគូ។ ហើយ​តំបន់​របស់​យើង​មានការ​ចាក់​ស្រេះ​រួម​បញ្ចូលគ្នា​ដោយសារ​ចំណង​ជិត​ស្និទ្ធនៃ​គ្រួសារ​ និង​មិត្តភាពឋិត​ថេរ‍»៕

XS
SM
MD
LG