តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ខែកុម្ភៈនេះគឺជាខួប ១០ ឆ្នាំនៃកញ្ចប់កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ទីពីរ (Second Minsk Agreements) ដែលជាកិច្ចព្រមព្រៀងជាច្រើនដែលរុស្ស៊ីបានបង្ខំលើប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបរាជ័យខាងយោធាជាបន្តបន្ទាប់មក។ កិច្ចព្រមព្រៀងទាំងនេះគឺជាការប៉ុនប៉ងមិនជោគជ័យក្នុងការបញ្ចប់សង្គ្រាមដែលបានកើតឡើងបន្ទាប់ពីរុស្ស៊ីបានភ្ជាប់យកជាក់ស្ដែងនូវដែនដីតំបន់ Donbas របស់អ៊ុយក្រែនមក។
កញ្ចប់កិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍នេះក៏មានបំណងរារាំងរុស្ស៊ីមិនឱ្យឈ្លានពានអ៊ុយក្រែនផងដែរ។ ភាគីទាំងពីរបានរំលោភលើកិច្ចព្រមព្រៀងនេះម្តងហើយម្តងទៀត ដោយរុស្ស៊ីរំលោភធ្ងន់ធ្ងរខ្លាំងជាង។
បន្ទាប់មក នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសជាឯកតោភាគីថាកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍នេះបានរលាយបាត់ហើយ ហើយពីរថ្ងៃក្រោយមកបានឈ្លានពានប្រទេសអ៊ុយក្រែន។
លោក John Kelly តំណាងជំនួសស្តីទីសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា៖ «រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ក៏ប៉ុន្តែមិនដែលបានអនុវត្តតាមការតាំងចិត្តណាមួយដែលខ្លួនបានយល់ព្រមនោះទេ មិនថាជាពិធីការក្រុងមីនស្កិ៍ (Minsk Protocol) កញ្ចប់វិធានការក្រុងមីនស្កិ៍ (Minsk Package of Measures) ឬអន្តរាគមន៍ជាច្រើនដែលក្រុមទំនាក់ទំនងត្រីភាគី (Trilateral Contact Group) បានចរចានោះឡើយ»។
លោកJohn Kelly បានថ្លែងថា៖ «ការតាំងចិត្តទាំងនេះមានដូចជាកិច្ចព្រមព្រៀងលើបទឈប់បាញ់ ការដក «កងកម្លាំងយោធាបរទេស» ចេញពីបូរណភាពទឹកដីអ៊ុយក្រែន ការរំលាយក្រុមប្រដាប់អាវុធខុសច្បាប់នៅតំបន់ភាគខាងកើតអ៊ុយក្រែនដែលបានទទួលការគាំទ្រពីរុស្ស៊ី និងការប្រគល់ការគ្រប់គ្រងដល់អ៊ុយក្រែនវិញនូវផ្នែករបស់អ៊ុយក្រែននៃព្រំដែនអន្តរជាតិ។ រុស្ស៊ីមិនបានធ្វើកិច្ចការទាំងអស់នេះទេ»។
លោកបានបន្ថែមថា៖ «ផ្ទុយទៅវិញ រុស្ស៊ីបានធ្វើការឥតឈប់ឈរជាបន្តបន្ទាប់ដើម្បីធ្វើឱ្យអន្តរាយដល់គោលបំណងជាសារវន្តនៃកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ពង្រីកសង្គ្រាម និងធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងអន្តរជាតិក្នុងការតាមឃ្លាំមើល»។
លោកឯកអគ្គរដ្ឋទូត Kelley បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកចង់ឲ្យអ៊ុយក្រែន «មានអធិបតេយ្យភាពនិងវិបុលភាព។ ប៉ុន្តែ យើងត្រូវតែចាប់ផ្តើមដោយការទទួលស្គាល់ថាការវិលត្រឡប់ទៅកាន់ព្រំដែនមុនឆ្នាំ ២០១៤ របស់អ៊ុយក្រែនគឺជាគោលដៅដែលមិនអាចសម្រេចបាន»។
លោកបញ្ជាក់ដូច្នេះថា៖ «ការដេញតាមគោលដៅបែបស្រមើស្រមៃនេះមានតែធ្វើឲ្យសង្គ្រាមនេះកាន់តែអូសបន្លាញទៅមុខនិងបណ្តាលឱ្យមានការឈឺចាប់បន្ថែមទៀតតែប៉ុណ្ណោះ។ សន្តិភាពឋិតឋេរមួយសម្រាប់អ៊ុយក្រែនត្រូវតែរួមបញ្ចូលការធានាសន្តិសុខដ៏ខ្លាំងក្លាដើម្បីធ្វើឱ្យប្រាកដថាសង្គ្រាមនេះនឹងមិនចាប់ផ្តើមម្តងទៀតឡើយ»។
លោកឯកអគ្គរដ្ឋទូត Kelley បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ការពិតជាសារវន្តដែលមិនអាចប្រកែកបានគឺថា «អ៊ុយក្រែនជាប្រទេសអធិបតេយ្យនិងឯករាជ្យ ហើយសង្គ្រាមដណ្ដើមកាន់កាប់ខុសច្បាប់របស់រុស្ស៊ីបានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។
លោកបានថ្លែងថា៖ «រុស្ស៊ីត្រូវតែបញ្ចប់ជាបន្ទាន់នូវសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយសារតែសង្គ្រាមនេះមិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកំហុសយុទ្ធសាស្ត្រសម្រាប់រុស្ស៊ីផងដែរ។ មធ្យោបាយដ៏ងាយស្រួលគឺតាមរយៈការចរចានៅពេលឥឡូវនេះ។ ផ្ទុយទៅវិញ ប្រសិនបើរុស្ស៊ីជ្រើសរើសយកផ្លូវលំបាក វានឹងនាំមកនូវការខាតបង់ដ៏ធំនិងរាលដាលដល់សេដ្ឋកិច្ចរបស់ខ្លួននិងការបរាជ័យនៅលើសមរភូមិ»។
លោកឯកអគ្គរដ្ឋទូត Kelleyបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក ...តាំងចិត្តបញ្ចប់ការសម្លាប់រង្គាលនេះនិងស្ដារស្ថិរភាពឲ្យទ្វីបអឺរ៉ុប។ អ៊ុយក្រែន រុស្ស៊ី និងដៃគូអឺរ៉ុបនានាត្រូវតែជាផ្នែកមួយនៃការសន្ទនានេះ»៕