តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីចុងខែមីនា ឆ្នាំ២០១៩ ក្រុមភេរវជនរដ្ឋអ៊ីស្លាមបានបាត់បង់ដែនដីចុងក្រោយរបស់ខ្លួនក្នុងប្រទេសស៊ីរី។ ទោះណាជាពួកភេរវជនទាំងនេះ បានបាត់បង់ដែនដីដែលខ្លួនធ្លាប់គ្រប់គ្រងដោយទុច្ចរិតក៏ដោយ ក៏គេនៅតែត្រូវកម្ចាត់ក្រុមនេះទាំងស្រុងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបណ្ដារដ្ឋមន្ត្រីនៃក្រុមចម្រុះសាកលសម្រាប់កម្ចាត់ក្រុមរដ្ឋអ៊ីស្លាមថា៖ «ចាប់តាំងពីក្រុមចម្រុះសាកលសម្រាប់កម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤មក...ជនស៊ីវិលរាប់លាននាក់អាចវិលត្រឡប់ទៅផ្ទះពួកគេវិញបាន។
ចលនារបស់ពួកយុទ្ធជនបរទេសរបស់ពួករដ្ឋអ៊ីស្លាមចូលទៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់ត្រូវបានបញ្ឈប់។ ហើយមេដឹកនាំសំខាន់ៗរបស់ពួករដ្ឋអ៊ីស្លាមត្រូវបានចាប់ខ្លួន ឬត្រូវបានសម្លាប់។ សមិទ្ធផលទាំងនេះមានសារៈសំខាន់ ហើយឆ្លុះបញ្ចាំងឱ្យឃើញនូវអ្វីដែលអាចធ្វើបាននៅពេលយើងរួបរួមគ្នាក្នុងបុព្វហេតុរួម ជាមួយនឹងការប្តេជ្ញាដូចគ្នា។ លោករដ្ឋមន្ត្រី Blinken បានបន្ថែមថា តែទោះជាយ៉ាងណាក៏ដោយ«ក៏នៅមានកិច្ចការត្រូវធ្វើថែមទៀត»។
ក្រុមភេរវជននេះនិងសាខាពួកវាបានប៉ុនប៉ងពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្តពង្រីកសាខាក្នុងតំបន់ Sahel នៃទ្វីបអាហ្វ្រិក បង្កើតសាខានៅក្នុងប្រទេសនានាដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសម៉ូសំប៊ិកជាដើម។
ក្រុមចម្រុះនេះកំពុងបន្តការងារដើម្បីទប់ទល់នឹងសមត្ថភាពរបស់ក្រុមភេរវជនរដ្ឋអ៊ីស្លាមក្នុងការអង្គាសប្រាក់ចំណូល ការពង្រឹងការចែកចាយព័ត៌មានអំពីពួកភេរវជន និងការប្រយុទ្ធប្រឆាំងនឹងការឃោសនាមានពិសពុលរបស់ក្រុមរដ្ឋអ៊ីស្លាម។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «យើងត្រូវបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់យើង ដោយមានរួមបញ្ចូលនូវការប្តេជ្ញាដល់កិច្ចប្រតិបត្តិការ Operation Inherent Resolve បេសកកម្មរបស់អង្គការអូតង់ក្នុងប្រទេសអ៊ីរ៉ាក់ និងការកសាងសមត្ថភាពប្រឆាំងភេរវកម្មដឹកនាំដោយពួកជនស៊ីវិលផងដែរ»។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ទីពីរ យើងត្រូវធ្វើឱ្យមានជាថ្មីនូវការគាំទ្ររបស់ក្រុមចម្រុះដល់ជំនួយធ្វើឱ្យមានស្ថិរភាពនៅទូទាំងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីដើម្បីធ្វើឱ្យប្រាកដថាពួករដ្ឋអ៊ីស្លាមមិនលេចឡើងជាថ្មីក្នុងប្រទេសទាំងនេះទេ»។
ទីបី បណ្ដាប្រទេសដើមត្រូវដោះស្រាយបញ្ហាក្រុមយុទ្ធជនបរទេសប្រមាណ១ម៉ឺននាក់និងគ្រួសាររបស់ពួកគេដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលឃុំឃាំង និងជំរំក្រុមជនខ្ចាត់ព្រាត់ពីផ្ទះសម្បែង។ លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «ស្ថានភាពនេះជាការមិនអាចទ្រាំទ្របានទេ។ សហរដ្ឋអាមេរិកនៅតែបន្តសុំដល់បណ្ដាប្រទេសដើម ដោយមានរួមបញ្ចូលទាំងពួកដៃគូក្នុងក្រុមចម្រុះផងដែរឱ្យយកពលរដ្ឋខ្លួនទៅប្រទេសខ្លួនវិញ ធ្វើនីតិសម្បទា និងបញ្ចូលក្រុមគ្រួសារពួកគេក្នុងសង្គមជាតិវិញ ហើយយកពួកយុទ្ធជនបរទេសទៅកាត់ទោស បើអាចធ្វើបាន»។
ជាទីបញ្ចប់ ក្រុមចម្រុះត្រូវប្រឈមជាមួយពួករដ្ឋអ៊ីស្លាមប្រកបដោយប្រសិទ្ធភាពនៅកន្លែងណាដែលកាលពីពេលថ្មីៗនេះពួកវាបានផ្តោតការយកចិត្តទុកដាក់លើការខិតខំប្រឹងប្រែងនៅក្រៅប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។ លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «យើងត្រូវធ្វើការណ៍នេះឱ្យសម្រេចតាមគ្រប់ជ្រុងជ្រោយទាំងអស់»។
សហរដ្ឋអាមេរិកដឹងគុណដល់ភាពជាដៃគូ និងការប្តេជ្ញាយកជ័យជម្នះលើពួករដ្ឋអ៊ីស្លាមក្នុងពិភពលោក។ លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «យើងបានធ្វើឱ្យមានការវិវឌ្ឍទៅមុខខ្លាំង ដោយសារយើងបានធ្វើការជាមួយគ្នា។ ដូច្នេះយើងសង្ឃឹមថា...នឹងបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជននេះរហូតដល់ពួកវាទទួលបរាជ័យទាំងស្រុង»៕