តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើសមាជិក ៤ នាក់នៃរបបដឹកនាំរបស់លោកប្រធានាធិបតី Daniel Ortega និងអ្នកស្រីអនុប្រធានាធិបតី Rosario Murillo ក្នុងប្រទេសនីការ៉ាហ្គា ស្របពេលដែលរលកនៃការគាបសង្កត់ និងការគំរាមកំហែងនៅក្នុងប្រទេសនេះ ឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយ។
សមាជិកទាំង ៤ នាក់នេះមានដូចជា អ្នកតំណាងខាងអង្គនីតិបញ្ញត្តិជាតិ អ្នកតំណាងខាងវិស័យធនាគារ អ្នកតំណាងខាងយោធា និងកូនស្រីរបស់លោក Ortega និងអ្នកស្រី Murillo។
ក្នុងពេលតែប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសនីការ៉ាហ្គាចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ មេដឹកនាំគណបក្សប្រឆាំងផ្សេងៗសំខាន់ៗចំនួន ២៧ នាក់ ដែលក្នុងនោះរួមមានទាំងបេក្ខជនឈរឈ្មោះប្រធានាធិបតីចំនួន ៦ រូបផងដែរ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ដែលប្រឌិតឡើងយ៉ាងជាក់ច្បាស់ទាក់ទិននឹងអំពីពុករលួយនិងសន្តិសុខជាតិ។
អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ គឺអ្នកស្រី Christiana Chamorro លោក Arturo Cruz លោក Felix Maradiaga លោក Juan Sebastian Chamorro លោក Miguel Mora និងលោក Medardo Mairena ក៏ដូចជាមេដឹកនាំនិស្សិត អ្នកតំណាងវិស័យឯកជន និងសកម្មជនសង្គមស៊ីវិលផ្សេងទៀតផងដែរ។
របបដឹកនាំនេះ នៅតែបន្តយាយីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអង្គការសង្គមស៊ីវិលផ្សេងទៀតដែលបង្ហាញការប្រឆាំងចំពោះរបបនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសសកម្មភាពចុងក្រោយបង្អស់របស់របបដឹកនាំរបស់លោក Ortega និងអ្នកស្រី Murillo និងបានប្រកាសថា សហរដ្ឋអាមេរិក «ឲ្យលោកប្រធានាធិបតី Ortega និងអ្នកដែលសមគំនិតនៅក្នុងសកម្មភាពទាំងនេះទទួលខុសត្រូវចំពោះសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នកដែលត្រូវចាប់ខ្លួន»។
សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដើម្បីជាការឆ្លើយតបទៅនឹងរលកនៃការគាបសង្កត់កាលពីពេលថ្មីៗនេះ ក៏ដូចជាទៅនឹងការបរាជ័យនៃរបបដឹកនាំនេះនៅក្នុងការអនុវត្តកំណែទម្រង់ការបោះឆ្នោតដ៏សំខាន់ ដែលទាមទារដោយអង្គការបណ្ដាប្រទេសនៅទ្វីបអាមេរិក (OAS) និងគាំទ្រដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ទោះបីជាយុទ្ធនាការថ្មីចុងក្រោយបង្អស់នៃការបំភិតបំភ័យនិងការគាបសង្កត់នេះមានលក្ខណៈប្លែកជាពិសេសក៏ដោយ ក៏គេឃើញថា ការរំលោភបំពានរបស់របបដឹកនាំលោក Ortega លើសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនមែនជារឿងថ្មីនោះទេ។
ការបង្ក្រាបហិង្សារបស់រដ្ឋាភិបាលនីការ៉ាហ្គាលើការតវ៉ាដែលមានទំនោររកប្រជាធិបតេយ្យកាលពីឆ្នាំ ២០១៨ បានធ្វើឲ្យមនុស្សយ៉ាងតិច ៣២៥ នាក់ស្លាប់ មនុស្សជាង ២.០០០ នាក់រងរបួស និងមនុស្សរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់ រងការធ្វើទារុណកម្ម និងបាត់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា៖ «នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ortega ប្រទេសនីការ៉ាហ្គាកំពុងក្លាយជាប្រទេសដែលត្រូវគេផាត់ចេញពីអន្តរជាតិដោយងាកចេញឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ»។
លោក Price បានកត់សម្គាល់ថា សហរដ្ឋអាមេរិក «មានវិធានការបន្ថែមដែលអាចអនុវត្តពេលណាក៏បាន ដើម្បីធ្វើឲ្យសមាជិកនៃរបបដឹកនាំនេះនិងអ្នកដែលគាំទ្ររបបនេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ហើយសហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរនៅក្នុងការធ្វើដូច្នេះនោះទេ»។
កាលពីថ្ងៃទី ១៥ ខែមិថុនា ប្រទេសចំនួន ២៦ ដែលជាសមាជិករបស់អង្គការ OAS បានគាំទ្រសេចក្ដីសម្រេចមួយដែលអំពាវនាវឲ្យលោកប្រធានាធិបតី Ortega ចាត់វិធានការបន្ទាន់ដើម្បីស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្សពេញលេញ និងដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
កាលពីថ្ងៃទី ២២ ខែមិថុនា រដ្ឋាភិបាលចំនួន ៥៩ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យមានការដោះលែងអ្នកដែលជាប់ឃុំទាំងអស់ជាបន្ទាន់។
កិច្ចប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិកក៏រួមមានផងដែរនូវការសម្របសម្រួលជាមួយនឹងអង្គការ OAS សហភាពអឺរ៉ុប និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីដាក់សម្ពាធលើរបបដឹកនាំរបស់លោកប្រធានាធិបតី Ortega និងអ្នកស្រីអនុប្រធានាធិបតី Murillo ឲ្យបន្ធូរបន្ថយការគាបសង្កត់របស់ខ្លួនលើប្រជាពលរដ្ឋនីការ៉ាហ្គា ដែលសក្ដិសមនឹងទទួលបាននូវរដ្ឋាភិបាលមួយដែលមានប្រព័ន្ធដឹកនាំពហុបក្ស៕