តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាល អាមេរិកាំង
អស់រយៈពេលប្រមាណជាបីសប្តាហ៍ហើយចាប់តាំងពីមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ ដែលនេះជាទង្វើដែលរបបគ្រប់គ្រងអ៊ីរ៉ង់ថា ប្រទេសអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ហើយអ៊ីរ៉ង់បានប្តេជ្ញាថានឹងសងសឹក។
កាលពីខែមេសា បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារនៅប្រទេសស៊ីរី ដែលបានសម្លាប់សមាជិកជាន់ខ្ពស់ពីរនាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម អ៊ីរ៉ង់ជាលើកទីមួយបានវាយប្រហារទៅលើអ៊ីស្រាអែលដោយផ្ទាល់ដោយការបាញ់មីស៊ីលជាច្រើនគ្រាប់ និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលភាគច្រើនត្រូវបានទប់ទល់ដោយកងការពារជាតិរបស់អ៊ីស្រាអែល ដោយមានជំនួយពីសហរដ្ឋអាមេរិកនិងដៃគូក្នុងតំបន់។
លោក John Kirby ទីប្រឹក្សាផ្នែកទំនាក់ទំនងនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់បានត្រៀមលក្ខណៈមួយចំនួន ហើយការវាយប្រហារអាចកើតមានឡើងដោយមានការព្រមានតិចតួច ឬគ្មានតែម្ដង។
លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា៖ «ច្បាស់ណាស់ថា យើងកំពុងតាមដានពិនិត្យមើលរឿងនេះយ៉ាងដិតដល់។ យើងបានផ្ញើសារទៅអ៊ីរ៉ង់តាមរយៈសមភាគីរបស់យើងនិងអ្នកដែលមានទំនាក់ទំនងការទូតផ្ទាល់ជាមួយអ៊ីរ៉ង់។ ហើយជាការពិតណាស់ យើងមានវិធីផ្ទាល់ខ្លួនរបស់យើងក្នុងការផ្ញើរសារតាមវិធីផ្សេងទៀត។ ... សាររបស់យើងគឺដូចៗគ្នាថា៖ យើងមិនចង់ឃើញបញ្ហានេះកាន់តែរីកធំឡើងនោះទេ ហើយយើងចង់រារាំងមិនឱ្យ [អ៊ីរ៉ង់] ធ្វើការវាយប្រហារទេ»។
លោក John Kirby បាននិយាយថា បន្ថែមពីលើផ្នែកការទូតដ៏ខ្លាំងក្លា សហរដ្ឋអាមេរិកបានពង្រឹងវត្តមានកងសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ «ទៅលើសមត្ថភាពការពារ នាវា យន្តហោះ សមត្ថភាពយោធាផ្សេងទៀត ដើម្បីធ្វើឱ្យប្រាកដថា ប្រសិនបើអ៊ីរ៉ង់សម្រេចថាធ្វើការវាយប្រហារតាមវិធីណាមួយទៅលើ [អ៊ីស្រាអែល] នោះគឺយើងត្រៀមខ្លួនរួចរាល់សម្រាប់ការវាយប្រហារនោះ ដើម្បីការពារខ្លួនយើង គ្រឿងបរិក្ខាររបស់យើង និងប្រជាពលរដ្ឋរបស់យើង ហើយក៏ដើម្បីការពារអ៊ីស្រាអែលផងដែរ»។
លោក John Kirby បានកត់សម្គាល់ថា៖ «វោហាសាស្ត្រដែលចេញពីអ៊ីរ៉ង់មានលក្ខណៈគឃ្លើនណាស់ទាក់ទងនឹងចេតនារបស់ពួកគេ។ យើងត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ»។
លោក John Kirby បាននិយាយថា វាមិនច្បាស់ទេថាតើអ៊ីរ៉ង់នឹងបើកការវាយប្រហារទៅលើអ៊ីស្រាអែល ឬក៏ថាតើនឹងធ្វើការវាយប្រហារបែបណានោះទេ។ លោកបានបន្ថែមថា៖ «ដូច្នេះហើយ បានជាយើងកំពុងធ្វើការយ៉ាងខ្លាំងលើផ្នែកការទូតដើម្បីឱ្យដឹងថាតើយើងអាចទប់ស្កាត់បានឬអត់។ ហើយប្រសិនបើយើងមិនអាចទប់ស្កាត់បាន យើងនឹងពង្រឹងកងយោធាជួរមុខយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រាកដថា យើងបានត្រៀមខ្លួនជាស្រេច ហើយអ៊ីស្រាអែលបានត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារនោះ»៕