តទៅនេះ គឺជាបទវិចារណកថាដែលឆ្លះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
គ្មាននរណាម្នាក់ភ្ញាក់ផ្អើលឡើយ ដែលការសន្យារបស់របបគ្រប់គ្រងគុយបាថា ធ្វើការសន្ទនាជាមួយពួកបាតុករវ័យក្មេងដោយសន្តិវិធីមានគ្នីគ្នារាប់រយនាក់ដែលកាលពីពេលថ្មីៗនេះបានប្រមូលផ្តុំគ្នាតវ៉ាអំពីការខ្វះខាតសេរីភាពខាងការនិយាយស្តីបញ្ចេញមតិក្នុងប្រទេសគុយបានោះ មានរយៈពេលខ្លី។ ក្នុងពេលតិចជាង២៤ម៉ោងនៅក្រោយជំនួបមួយជាមួយពួកតំណាងក្រុមបាតុករនិងអនុរដ្ឋមន្ត្រីវប្បធម៌ លោក Fernando Rojas របបគ្រប់គ្រងនេះ បានបោះចោលឱកាសមួយដើម្បីគោរពសិទ្ធិរបស់ប្រជារាស្ត្រគុយបា។ លោក Rojas បានបរិហាររិះគន់ពួកបាតុករនិងច្រានចោលកង្វល់របស់ពួកគេអំពីការត្រួតពិនិត្យ និងការវាយប្រហាររបស់ពួកប៉ូលិសទៅលើក្រុមសិល្បករឯករាជ្យ។
មនុស្សជាច្រើននាក់ក្នុងបណ្តាពួកបាតុករទាំងនេះ ជាសមាជិកនៃចលនា San Isidro ដែលជាក្រុមអ្នកនិពន្ធ សិល្បករ អ្នកតន្ត្រី និងពលរដ្ឋឯទៀតៗ ដែលខឹងសំបារនឹងការរឹតត្បិតដាក់បន្តទៅទៀតលើពួកគេដោយរបបគ្រប់គ្រងនេះ ដោយមានរួមបញ្ចួលច្បាប់មួយតម្រូវឱ្យសកម្មភាពសិល្បៈទាំងអស់ចុះឈ្មោះជាមួយរដ្ឋាភិបាល។ កាលពីពេលថ្មីបំផុតនេះ ពួកបាតុករបានតវ៉ាប្រឆាំងនឹងការកាត់ទោសសមាជិកសំខាន់ៗនៃក្រុមនេះ ដែលក្នុងចំណោមនោះ មានលោក Denis Solis Gonzalez ដែលជាតន្ត្រីករ ដោយសារលោកបានសម្តែងមតិផ្ទាល់ខ្លួនដោយឯករាជ្យ។
របបគ្រប់គ្រងគុយ បានយកលោក Solis ជាទីដៅច្រើនដងមកហើយដោយសារលោកបានប្រើសេរីភាពរបស់លោកក្នុងការនិយាយស្តីបញ្ចេញមតិ ដោយលោកបានបរិហាររិះគន់ការរំលោភលើសិទ្ធិមនុស្សក្នុងប្រទេសគុយបា ហើយអាជ្ញាធរបានចាប់លោកកាលពីថ្ងៃទី៩ វិច្ឆិកា។ អាជ្ញាធរគុយបា បានឃុំឃាំងលោក Solis បីថ្ងៃដោយមិនឱ្យមានសិទ្ធិទាក់ទង និងជួបជាមួយនរណាឡើយនៅមុនកាត់ទោសលោកឱ្យជាប់ពន្ធនាគារ៨ខែអំពីបទចោទប្រកាន់ថា«ប្រមាថ»។
អាជ្ញាធរគុយបា បានចាប់ខ្លួនអ្នកកាសែត និងអ្នកកាពារសិទ្ធិមនុស្សរាប់សិបនាក់ដែលស្វះស្វែងរកព័ត៌មានអំពីករណីលោក ឬអំពាវនាវឱ្យមានការដោះលែងលោក។ ទោះណាមានការឆ្លើយតបឃោរឃៅដោយរដ្ឋាភិបាលក៏ដោយ ក៏បាតុកម្មទាក់ទិននឹងករណីលោកនិងការគ្មានសេរីភាពខាងការនិយាយស្តីបញ្ចេញមតិនៅក្នុងប្រទេសគុយបា មានតទៅទៀត ហើយក៏មានការវាយប្រហារនិងការចាប់ខ្លួនដោយពួកប៉ូលិសថែមទៀតផង។
សមាជិកសហគមន៍អន្តរជាតិ បានសម្តែងការប្រឆាំងចំពោះការបង្ក្រាបនេះ ដោយមានរួមទាំងអង្គការការពារសិទ្ធិមនុស្ស Amnesty International។ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានប្រកាន់គោលជំហរខ្លាំងមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បាននិយាយថា «សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងចំពោះការយាយីរបស់របបគ្រប់គ្រងគុយបាលើក្រុមបាតុករដែលតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការឃុំឃាំងលោក Denis Solis Gonzalez អ្នកការពារសិទ្ធិមនុស្សក្នុងពន្ធនាគារ។ យើងសុំឲ្យរដ្ឋាភិបាលគុយបា លុបចោលការដាក់ទោសដោយអយុត្តិធម៌នេះ ហើយដោះលែងលោកដោយគ្មានលក្ខខ័ណ្ឌ»។
លោករដ្ឋមន្ត្រី Pompeo បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិក ឈរក្នុងសាមគ្គីភាពជាមួយប្រជារាស្ត្រគុយបា ហើយយើងនឹងបន្តរិះគន់ការរំលោភជាក់ស្តែងទាំងនេះ ប្រឆាំងនឹងជនជាតិគុយបាដែលប្រើសិទ្ធិរបស់ពួកគេ។ យើងអំពាវនាវដល់ពួកដៃគូប្រជាធិបតេយ្យទាំងអស់នៅទូទាំងពិភពលោក ឱ្យបង្កើនសំឡេងរបស់ពួកគេនិងយកការគោរពសិទ្ធិមនុស្សជាការតម្រូវឲ្យមានជាមុនសម្រាប់ការទាក់ទងណាមួយជាមួយរបបគ្រប់គ្រងរបស់លោក Castro»៕