តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការធ្វើឱ្យប្រាកដប្រជាឱ្យមានបណ្តាញអ៊ីនធឺណិតមួយដែលបើកចំហ ដែលភ្ជាប់គ្នាបាន មានសុវត្ថិភាព និងសេវាកម្មទៀងទាត់ នៅតែជាអាទិភាពស្នូលមួយសម្រាប់រដ្ឋបាលលោក Joe Biden និងលោកស្រី Kamala Harris។ សហរដ្ឋអាមេរិក បានធ្វើឱ្យមានកិច្ចខិតខំប្រឹងប្រែងជាតិ និងអន្តរជាតិសម្រាប់ការពារប្រជាពលរដ្ឋអាមេរិកាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងក្រុមសម្ព័ន្ធមិត្តពីសកម្មភាពអាក្រក់តាមអ៊ីនធឺណិត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានចាប់ផ្តើមទទួលផលហើយ។ កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ បានប្រកាសអំពីការចោទប្រកាន់ជនបរទេសពីរនាក់ដោយសារបានប្រើមេរោគជំរិតទារប្រាក់តាមអ៊ីនធឺណិត ransomware ឈ្មោះ Sodinokibi/REvil ដើម្បីធ្វើឱ្យគាំងដំណើរ និងជំរិតយកប្រាក់ពីអាជីវកម្មនានា និងអង្គភាពរដ្ឋាភិបាលក្នុងសហរដ្ឋអាមេរិក។
ឈ្មោះ Yaroslav Vasinskyi ជនជាតិអ៊ុយក្រែន ត្រូវបានចោទប្រកាន់ពីបទប្រើ មេរោគជំរិតទារប្រាក់តាមអ៊ីនធឺណិត ransomware ប្រឆាំងនឹងជនរងគ្រោះច្រើននាក់ ដោយមានរួមបញ្ចូលទាំងឧប្បត្តិហេតុកាលពីខែកក្កដា ឆ្នាំ២០២១ ដែលយកអតិថិជនក្រុមហ៊ុន software ពហុជាតិខាងបច្ចេកវិទ្យាព័ត៌មានឈ្មោះ Kaseya ជាទីដៅ។
ក្រសួងយុត្តិធម៌ ក៏បានប្រកាសដែរអំពីការរឹបអូសយកប្រាក់៦លាន ១សែនដុល្លារ ដែលមានប្រភពពីការបង់ប្រាប់ជំរិតដែលជនជាតិរុស្ស៊ីឈ្មោះ Yevgeniy Polyanin បានទទួល។ ជននេះ ក៏ត្រូវបានចោទប្រកាន់ដែរអំពីការប្រើមេរោគជំរិតទារប្រាក់តាមអ៊ីនធឺណិត ransomware ឈ្មោះ Sodinokibi/Revil ប្រឆាំងនឹងជនរងគ្រោះច្រើននាក់ ដោយមានរួមបញ្ចូលក្រុមហ៊ុនអាជីវកម្ម និងអង្គភាពរដ្ឋាភិបាលក្នុងរដ្ឋ Texas កាលពីខែសីហា ឆ្នាំ២០១៩។
បើតាមការចោទប្រកាន់ក្នុងតុលាការ ឈ្មោះ Vasinskyi និងឈ្មោះ Polyanin បានចូលក្នុងបណ្តាញកុំព្យូទ័រផ្ទៃក្នុងរបស់ក្រុមហ៊ុនរងគ្រោះមួយចំនួន ហើយបានប្រើ មេរោគជំរិតទារប្រាក់តាមអ៊ីនធឺណិត ransomware ឈ្មោះ Sodinokibi/Revil ដើម្បីទាញយកទិន្នន័យពីកុំព្យូទ័រនៃក្រុមហ៊ុនរងគ្រោះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Marrick Garland បាននិយាយថា៖ «ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាការគំរាមកំហែងធ្ងន់ធ្ងរមួយដល់ប្រទេសយើង គឺដល់សុវត្ថិភាពផ្ទាល់ខ្លួនយើង ដល់សេដ្ឋកិច្ចយើង និងដល់សន្តិសុខជាតិយើង។ សាររបស់យើង...ច្បាស់លាស់ថា សហរដ្ឋអាមេរិក ដោយធ្វើការជាមួយក្រុមសម្ព័ន្ធមិត្តរបស់យើង នឹងធ្វើអ្វីៗទាំងអស់ក្នុងអំណាចរបស់យើង ដើម្បីរកឱ្យឃើញក្រុមអ្នកប្រព្រឹត្តល្មើសខាងការវាយប្រហារដោយ ransomware យកក្រុមនេះទៅកាត់ទោស និងរឹបអូសយកប្រាក់ដែលត្រូវបានលួចពីក្រុមជនរងគ្រោះមកវិញ»។
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ្នកស្រី Lisa Monaco បានថ្លែងថា៖ «សាររបស់យើងទៅកាន់ក្រុមឧក្រិដ្ឋជន ransomware ច្បាស់លាស់ថា បើពួកអ្នកឯងយកក្រុមជនរងគ្រោះក្នុងសហរដ្ឋអាមេរិកជាទីដៅនៃការវាយប្រហារ យើងនឹងយកក្រុមអ្នកឯងជាទីដៅដែរ»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា សហរដ្ឋអាមេរិក នឹងធ្វើ«រាល់សកម្មភាពចាំបាច់ទាំងឡាយណាដើម្បីការពារប្រជាពលរដ្ឋ និងរចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ទប់ទល់នឹងការប្រឈមដែលកំពុងមានតទៅទៀតនេះ»។
លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថា៖ «នេះ ជាអ្វីដែលយើងបានធ្វើ។ យើងបានយកកម្លាំងទាំងអស់របស់រដ្ឋាភិបាលសហព័ន្ធទៅបង្អាក់សកម្មភាពអាក្រក់តាមបណ្តាញអ៊ីនធឺណិត និងក្រុមតួអង្គអាក្រក់ បង្កើនភាពរឹងមាំក្នុងប្រទេស ដោះស្រាយបញ្ហាការប្រើរូបិយបណ្ណឌីជីថល ដើម្បីលាងលុយកខ្វក់ជំរិតតាមការប្រើមេរោគ ramsomnware និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់បង្អាក់ប្រព័ន្ធ ransomware និងបំបាត់ជម្រកសុវត្ថិភាពតាមផ្លូវច្បាប់របស់ក្រុមឧក្រិដ្ឋជន ransomware»។
លោកប្រធានាធិបតី Biden បានគូសបញ្ជាក់ថា លោកនឹងបន្តប្រើមធ្យោបាយទាំងអស់ដែលមានដើម្បីការពារប្រជារាស្ត្រ និងផលប្រយោជន៍អាមេរិកាំងប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត៕