តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកកំពុងធ្វើជាដៃគូជាមួយប្រទេសហ្គាណានិងប្រទេសផ្សេងទៀតនៅទូទាំងទ្វីបអាហ្វ្រិកដើម្បីដោះស្រាយបញ្ហាប្រឈមដ៏សំខាន់មួយចំនួន រួមមានបញ្ហានៃការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងការបំពុលនានា។
លោកស្រី Jennifer Littlejohn ឧបការីស្តីទីទទួលបន្ទុកកិច្ចការមហាសមុទ្រនិងកិច្ចការបរិស្ថាននិងវិទ្យាសាស្ត្រអន្តរជាតិបានថ្លែងថា៖ «យើងកំពុងធ្វើការជាមួយគ្នាដើម្បីការពារមហាសមុទ្រនិងបរិស្ថាន ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូបនៅទូទាំងពិភពលោក។ ប្រទេសហ្គាណាជាឧទាហរណ៍ដ៏ល្អមួយនៃមហិច្ឆិតាបរិស្ថាននេះ»។
លោកស្រីបានថ្លែងទៀតថា៖ «ការតាំងចិត្តរបស់ហ្គាណាដើម្បីអភិរក្សព្រៃឈើកំពុងចេញជាលទ្ធផលជាក់ស្តែង ដោយមានកិច្ចផ្តួចផ្តើមនានាដូចជា ក្រុមចម្រុះ LEAF Coalition and Forest Carbon Partnership Facility ដែលជាក្រុមចម្រុះរដ្ឋាភិបាលចំនួន៣២ដែលកំពុងធ្វើការដើម្បីបញ្ឈប់និងបញ្ច្រាសការកាប់បំផ្លាញព្រៃឈើ»។
សហរដ្ឋអាមេរិកនិងហ្គាណាដែលជាសហប្រធាននៃក្រុមចម្រុះ Forest and Climate Leaders’ Partnership ដែលជាក្រុមចម្រុះសាកលមួយដែលកំពុងធ្វើការដើម្បីបញ្ឈប់ការបាត់បង់ព្រៃឈើនិងការធ្វើឱ្យខូចគុណភាពដី។ សហរដ្ឋអាមេរិកក៏ជាដៃគូនៅក្នុងកម្មវិធី «Resilient Ghana» ដែលគាំទ្រកិច្ចប្រឹងប្រែងដ៏ធំរបស់ហ្គាណាដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនិងស្តាដីដែលបាត់បង់ជីជាតិ។ នេះបើតាមការថ្លែងរបស់លោកស្រីឧបការីស្តីទី Littlejohn។
ហើយយើងកំពុងជួយពង្រីកការទទួលបានថាមពលដែលល្អសម្រាប់បរិស្ថានដល់ពលរដ្ឋហ្គាណា។
លោកស្រីថ្លែងថា៖ «ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ឬ USAID កំពុងគាំទ្រការប្រើប្រាស់ថាមពលស្អាតនៅក្នុងប្រទេសហ្គាណាតាមរយៈគំនិតផ្តួចផ្តើមនានាដូចជាការគាំទ្រកសិករខ្នាតតូច ដើម្បីតម្លើងប្រព័ន្ធធារាសាស្ត្រដែលប្រើថាមពលព្រះអាទិត្យ។ បន្ថែមពីនេះ ទីភ្នាក់ងារ USAID បានផ្តល់ជំនួយបច្ចេកវិទ្យាដល់រោងចក្រវារីអគ្គីសនីប្រើពន្លឺព្រះអាទិត្យ Bui Power។ វាជារោងចក្រប្រភេទនេះលើកដំបូងនៅក្នុងតំបន់អាហ្វ្រិកខាងលិចដែលនឹងអាចឱ្យប្រទេសហ្គាណាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន២៣៥.០០០តោនក្នុងមួយឆ្នាំ»។
លោកស្រីឧបការីស្តីទី Littlejohn បានមានប្រសាសន៍ទៀតថា «ទាំងអស់នេះជាចំណាត់ការដ៏មានប្រសិទ្ធភាព»។
បន្ថែមពីនេះ សហរដ្ឋអាមេរិកនិងហ្គាណាបានសហការគ្នាដើម្បីដោះស្រាយហានិភ័យខាងសុខភាពដែលត្រូវបានកើតឡើងដោយសារការប្រើសារធាតុបារតនៅក្នុងការជីករ៉ែមាសទ្រង់ទ្រាយតូច។ លោកស្រីមានប្រសាសន៍ថា«គម្រោងស្រដៀងគ្នានេះមាននៅក្នុងប្រទេសម៉ាលី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហ្គីណេ សេណេហ្គាល់និងប៊ូគីណាហ្វាសូ ដេលជាកិច្ចខំប្រឹងប្រែងនៃការសហការគ្នាដែលកំពុងវិវត្តនិងសម្របខ្លួន»។
ជាចុងក្រោយ សហរដ្ឋអាមេរិកធ្វើការជាមួយពួកអ្នកជំនាញនៅឯសាកលវិទ្យាល័យហ្គាណាស្តីពីគម្រោងគុណភាពខ្យល់។
លោកស្រីថ្លែងថា៖ «ប្រទេសនានានៅទូទាំងទ្វីបអាហ្វ្រិកកំពុងចាត់វិធានការស្រដៀងគ្នាដើម្បីការពារធម្មជាតិនិងសុខភាពនិងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើវា»។
លោកស្រីឧបការីស្តីទី Littlejohn ថ្លែងទៀតថា៖ «យើងមានដំណើរទៅមុខបានច្រើនដោយការសហការគ្នា។ យើងនាំមកនូវការផ្លាស់ប្តូររួចទៅហើយ ក៏ប៉ុន្តែយើងមានការងារជាច្រើនទៀតដែលត្រូវធ្វើ»។
លោកស្រីបានមានប្រសាសន៍ទៀតថា៖ «សហរដ្ឋអាមេរិកនឹងបន្តធ្វើជាដៃគូដ៏ល្អជាមួយប្រទេសនានានៅទូទាំងទ្វីបអាហ្វ្រិកលើបញ្ហាបរិស្ថាននិងវិទ្យាសាស្ត្រ។ ហើយដូចដែលលោកប្រធានាធិបតី Biden បានមានប្រសាសន៍នៅឯសន្និសីទកំពូលរបស់មេដឹកនាំសហរដ្ឋអាមេរិកនិងអាហ្វ្រិកថា សហរដ្ឋអាមេរិកប្តេជ្ញាជួយដល់ទ្វីបអាហ្វ្រិកឱ្យអស់ពីសមត្ថភាព»៕