ថ្ងៃចន្ទសប្តាហ៍ទី៣ក្នុងខែកុម្ភៈជាទិវាប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិក។
កាលពីដំបូងទិវាធ្វើឡើងដើម្បីអបអរលោកប្រធានាធិបតី George Washington ដែលជាប្រធានាធិបតីលើកដំបូងរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ១៩៦៨មក ថ្ងៃឈប់សម្រាកនេះក៏បានផ្តល់កិត្តិយសដល់លោកប្រធានាធិបតី Abraham Lincolnដែរ។ សព្វថ្ងៃនេះ ទិវានេះត្រូវបានចាត់ទុកជាការទទួលស្គាល់ប្រធានាធិបតីទាំងអស់របស់ប្រទេសជាតិ។
ការប្រារព្ធពិធីនេះបានចាប់ផ្តើមជាការអបអរថ្ងៃកំណើតរបស់លោក George Washington នៅថ្ងៃទី២២ ខែកុម្ភៈ។ ជាងឥស្សរជនផ្សេងៗទៀតនៃសម័យកាលរបស់លោក លោក Washingtonបានដឹកនាំអនាគតសហរដ្ឋអាមេរិកឆ្លងកាត់សង្គ្រាមបដិវត្តន៍ ហើយបន្ទាប់ពីនោះមក ជម្លោះរយៈពេល៦ឆ្នាំដែលបានបញ្ចប់ការចាប់ផ្តើមរបស់សហរដ្ឋអាមេរិកជារដ្ឋអាណានិគម និងកំណត់ដើរលើមាគ៌ាថ្មីមួយរបស់ខ្លួនជារដ្ឋប្រជាធិបតេយ្យដោយតំណាង។
ជាការពិត លោក Washington ជារឿយៗត្រូវបានគេហៅថាជាបីតារបស់ប្រទេសអាមេរិក ហើយមិនមែនដោយសារតែលោកជាមេដឹកនាំយោធាដែលបានទទួលជោគជ័យទេ។ តាមការពិត សកម្មភាពរបស់លោកក្នុងជីវភាពស៊ីវិលក្រោយសង្គ្រាមបានបង្កើតជាគំរូមួយសម្រាប់មេដឹកនាំក្រោយៗមកទាំងអស់ដែលធ្វើតាមលោកនៅក្នុងតំណែងខ្ពស់បំផុតរបស់ប្រទេសជាតិ។
លោកបានបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិហើយបានដឹកនាំសហរដ្ឋអាមេរិកដ៏ក្មេងខ្ចីតាមរយៈការប្រឹងប្រែងដែលមានលក្ខណៈឈឺចាប់នៅគ្រាដំបូងដែលបង្កើតបានស្ថិរភាព ប្រជាធិបតេយ្យនិងរដ្ឋាភិបាលស្របច្បាប់ដ៏ឆាប់រហ័សមួយ។ ការចាកចេញពីតំណែងដោយការស្ម័គ្រចិត្តបន្ទាប់ពីការកាន់តំណែង២អាណត្តិដែលអាណត្តិនិមួយៗមានរយៈ៤ឆ្នាំ និងដោយការធ្វើឱ្យប្រាកដថាការផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យមេដឹកនាំជាប់ឆ្នោតដើម្បីជំនួសលោកមក លោក George Washington បានធ្វើជាគំរូដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីទាំងអស់។
បើមិនមានការណែនាំរបស់លោក Washington សហរដ្ឋអាមេរិកប្រហែលជានឹងមិនបានអភិវឌ្ឍជាប្រទេសដូចសព្វថ្ងៃនេះទេ។ ប្រហាក់ប្រហែលគ្នានេះ លោក Abraham Lincoln ដែលថ្ងៃកំណើតរបស់លោកត្រូវចំថ្ងៃទី១២ ខែកុម្ភៈ បានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្គ្រាមស៊ីវិល ជម្លោះមួយដែលអាចត្រូវបានគេមើលឃើញថាបំបែកបំបាក់ប្រទេសនេះយ៉ាងងាយ។ ក៏ប៉ុន្តែ សមត្ថភាពរបស់លោក Lincoln ដើម្បីបង្រួបបង្រួមមតិសាធារណៈនៅក្នុងបណ្តារដ្ឋភាគខាងជើងនិងប្រមូលការមូលមតិខាងនយោបាយជុំវិញសេចក្តីត្រូវការដើម្បីលុបបំបាត់ទេសភាពបាននាំឱ្យមានការបរាជ័យនៃបណ្ដារដ្ឋអបគមន៍ហើយនៅទីបញ្ចប់បានបង្រួបបង្រួមប្រទេសខ្លាំងដែលមិនធ្លាប់មានកាលពីពេលមុន។
សហរដ្ឋអាមេរិកនៅមុនសង្គ្រាមស៊ីវិលគ្រាន់តែជា៖ បណ្តុំសហគមន៍នយោបាយខ្លាំងមួយចំនួនដែលរួបរួមនៅក្រោមរដ្ឋាភិបាលកណ្តាលទន់ខ្សោយមួយ តែប្រទេសបានងើបចេញពីការប្រយុទ្ធបង្ហូរឈាមរយៈពេល៤ឆ្នាំដោយបានរួបរួមគ្នានៅក្រោមរដ្ឋាភិបាលកណ្តាលដ៏ខ្លាំងមួយ។
លោកប្រធានាធិបតី George Washington និងលោក Abraham Lincoln ជាមេដឹកនាំក្នុងពេលសង្គ្រាមដែលបានទទួលស្គាល់ពីភាពចាំបាច់ខានមិនបានសម្រាប់ពលរដ្ឋសាមគ្គីគ្នានៅក្រោមរដ្ឋាភិបាលដ៏ខ្លាំងមួយ។ សហរដ្ឋអាមេរិកធ្លាប់មានមេដឹកនាំពូកែៗនិង និយាយដោយត្រង់ទៅ មេដឹកនាំមួយចំនួនមិនដូចការរំពឹងទុក ក៏ប៉ុន្តែ មិនមានមេដឹកនាំណាដែលមានឥទ្ធិពលលើលោក George Washington និងលោក Abraham Lincoln ទេ។
នៅថ្ងៃនេះ យើងប្រារព្ធអនុស្សាវរីយ៍របស់លោកប្រធានាធិបតីទាំងអស់ហើយនិងផ្តល់កិត្តិយសដល់ប្រធានាធិបតីទាំងនោះដែលលើកស្ទួយកេរដំណែលរបស់អស់លោកអស់រាប់សតវត្សរ៍មកហើយ៕