តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នសហរដ្ឋអាមេរិក
នៅរៀងរាល់ថ្ងៃចន្ទសប្ដាហ៍ទីមួយនៃខែកញ្ញា សហរដ្ឋអាមេរិកប្រារព្ធទិវាពលកម្ម ដែលជាការរំឭកដល់អ្នកធ្វើការ និងការរួមចំណែករបស់ពួកគេចំពោះភាពជោគជ័យរបស់សហរដ្ឋអាមេរិក និងសង្គមអាមេរិក។
ថ្ងៃឈប់សម្រាកទិវាពលកម្មនេះ បានធ្វើឡើងតាំងពីសតវត្សរ៍ទី ១៩ មកម្ល៉េះ ដែលនៅពេលនោះ មានការរីកចម្រើនឧស្សាហកម្មខ្លាំងក្លាដែលនាំឲ្យមានការផ្លាស់ប្ដូរធំធេង។
តាំងតែពីមុនពេលដែលសង្គ្រាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកបានបញ្ចប់នៅឆ្នាំ ១៨៦៥ ទៅទៀត សហរដ្ឋអាមេរិក បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការផ្លាស់ប្ដូរសេដ្ឋកិច្ចពីផលិតកម្មបែបកសិកម្មទៅជាផលិតកម្មបែបឧស្សាហកម្ម ជាពិសេសនៅតាមទីក្រុងធំៗនៅភាគឦសានប្រទេស។
ការបង្កើតថ្មីនានានាំឲ្យមានការប្រើប្រាស់ម៉ាស៊ីនជំនួសផលិតកម្មដោយដៃ និងនាំឲ្យមានការបង្កើនអត្រានិងប្រភេទផលិកម្ម ហើយស្របពេលនោះដែរ មានការពង្រីកបណ្ដាញផ្លូវដែកដែលជួយសម្រួលដល់ការដឹកជញ្ជូនបានឆាប់រហ័សនូវវត្ថុធាតុដើមទៅកាន់រោងចក្រនិងផលិតផលទៅកាន់ទីផ្សារ។
ការផ្លាស់ប្ដូរដូចនេះ បានបណ្ដាលឲ្យមានតម្រូវការនូវអ្នកធ្វើការជាច្រើន។ ពលរដ្ឋអាមេរិកដែលស្វែងរកការងារធ្វើ បានសម្រុកធ្វើដំណើរពីតំបន់ជនបទទៅកាន់តំបន់ឧស្សាហកម្មនានាដូចជាទីក្រុង New York ទីក្រុង Chicago និងទីក្រុង Pittsburgh ជាដើម។
នៅពេលនោះ ក៏មានរលកជនអន្តោប្រវេសន៍ធ្វើដំណើរមិនចេះដាច់ពីប្រទេសផ្សេងៗ ជាពិសេសពីទ្វីបអឺរ៉ុប ដើម្បីស្វែងរកការងារធ្វើ និងឱកាសថ្មីសម្រាប់ជីវភាពរស់នៅប្រសើរជាងមុនរបស់ពួកគេផងដែរ។
ដោយសារតែសេដ្ឋកិច្ចចេះតែបន្តពង្រីកទៅមុខ កម្មកររាប់ពាន់នាក់ បានធ្វើការនៅតាមរោងចក្រ កន្លែងផលិតដែកថែប និងអណ្ដូងរ៉ែ ចំនួន ១២ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយជាទូទៅទទួលបានប្រាក់បៀវត្សរ៍តិចតួច និងជារឿយៗធ្វើការក្នុងស្ថានភាពលំបាក និងគ្រោះថ្នាក់។
ជាងនេះទៅទៀត នៅពេលនោះ ការជ្រើសរើសកុមារដែលមានអាយុក្មេងរហូតដល់ទៅ ៥ ឆ្នាំ ឲ្យធ្វើការ គឺជារឿងធម្មតា។ កុមារទាំងនោះ ទទួលបានប្រាក់ឈ្នួលតិចតួចស្ដួចស្ដើងបំផុតនៃប្រាក់ឈ្នួលចំនួន ២០ សេនក្នុងមួយម៉ោងដែលមនុស្សពេញវ័យទទួលបាន។
ដើម្បីឲ្យមានឥទ្ធិពលនៅក្នុងការចរចាជាមួយនឹងនិយោជកសម្រាប់ប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងារប្រសើរជាងមុន សហជីពកម្មករបានពង្រីកកាន់តែច្រើន និងកាន់តែមានភាពសកម្មជាងមុន។ ពួកគេបានរៀបចំកូដកម្មនិងការជួបជុំតវ៉ាផ្សេងៗ ដែលជារឿយៗបានក្លាយជាហិង្សានៅពេលដែលកូដករប៉ះទង្គិចជាមួយក្រុមស៊ីឈ្នួលបំបែកកូដកម្ម។
នៅក្នុងផ្នែកមួយនៃការតវ៉ានេះ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៨៨២ កម្មករ ១០.០០០ នាក់នៅក្នុងទីក្រុង New York បានដាក់ពាក្យឈប់សម្រាកដោយមិនយកប្រាក់ឈ្នួល និងបានដើរក្បួនពីសាលាក្រុង New York ទៅកាន់ឧទ្យានមួយកន្លែងនៅក្បែរនោះ ហើយបន្ទាប់មកបានចូលរួមជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមកនៅក្នុងថ្ងៃ ដែលហៅថា «ថ្ងៃឈប់សម្រាករបស់កម្មករ (Working Man's Holiday)»។
សំណើដំបូងៗសម្រាប់ថ្ងៃឈប់សម្រាករបស់កម្មករជាផ្លូវការបានស្នើថា ការប្រារព្ធទិវានេះ គួរតែបញ្ចូលនូវក្បួនព្យុះហយាត្រាតាមដងផ្លូវ ហើយបន្ទាប់មកមានការប្រារព្ធការសម្រាកកម្សាន្តរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។
សព្វថ្ងៃនេះ ដំណាច់សប្ដាហ៍នៃទិវាពលកម្ម គឺជាសញ្ញាបញ្ចប់ជាផ្លូវការនៃរដូវក្ដៅ។ ដោយរក្សាតាមការអនុវត្តកាលពីដើមដំបូងបង្អស់នៃថ្ងៃឈប់សម្រាកនេះ ទិវាពលកម្មនេះ នៅតែប្រារព្ធឡើងដោយមានក្បួនព្យុះហយាត្រា និងការជួបជុំសម្រាកកម្សាន្តរបស់ក្រុមគ្រួសារ ដែលមានដូចជាការជប់លៀងអាំងសាច់ហូបកម្សាន្តជាដើម។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Grover Cleveland ដែលបានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់កាលពីឆ្នាំ ១៨៩៤ លើសំណើច្បាប់ដែលប្រកាសទិវាពលកម្មជាថ្ងៃឈប់សម្រាកជាតិ បានមានប្រសាសន៍ថា៖ «ទស្សនៈអាមេរិកដ៏ពិតប្រាកដមួយទទួលស្គាល់នូវសេចក្ដីថ្លៃថ្នូរនៃពលកម្ម និងការពិតដែលថា កិត្តិយសស្ថិតលើការតស៊ូព្យាយាមដ៏ស្មោះត្រង់»៕