តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃចន្ទចុងក្រោយនៃខែឧសភានេះ ជនជាតិអាមេរិកាំង ផ្តល់កិត្តិយសដល់អតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងការបម្រើប្រទេសរបស់ពួកគេ។ វា គឺជាឱកាសមួយដើម្បីរំឭកដល់ការលះបង់របស់មនុស្សមួយចំនួនដើម្បីអត្ថប្រយោជន៍មនុស្សជាច្រើននោះ គឺការទទួលស្គាល់ការចូលរួមចំណែករបស់ពួកគេក្នុងការការពារប្រទេស និងឧត្តមគតិជាតិ។
ទិវាអតីតយុទ្ធជនត្រូវបានគេទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ១៨៦៨ គឺបីឆ្នាំបន្ទាប់ពីសង្គ្រាមស៊ីវិលរបស់អាមេរិកបានបញ្ចប់។ ទិវានេះ មិនមែនជាពិធីរំឭកខួបនៃការប្រយុទ្ធណាមួយ ឬសង្គ្រាមណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញទិវានេះ មានគោលបំណងជំរុញឱ្យពលរដ្ឋចងចាំពលីកម្មរបស់អ្នកស្លាប់ដែលត្រូវបានគេដាក់ឱ្យសម្រាកនៅក្នុងទីក្រុងស្មសានរបស់ពួកគេ និងដើម្បីគោរពដល់អ្នកស្លាប់ក្នុងសង្រ្គាមដោយការតុបតែងផ្នូររបស់ពួកគេដោយកម្រងផ្កា និងខ្សែបូ។
នៅថ្ងៃទិវាអតីតយុទ្ធជនលើកទីមួយនោះ មានមនុស្សប្រហែល៥.០០០ នាក់បានតុបតែងផ្នូររបស់អតីតយុទ្ធជនក្នុងសង្គ្រាមស៊ីវិលចំនួន២០.០០០ នាក់ ដែលត្រូវបានគេបញ្ចុះនៅទីបញ្ចុះសពជាតិនៅក្រុង Arlington ក្បែររដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីដោយមិនរើសអើងថា ពួកគេជាអតីតយុទ្ធជននៅភាគីខាងណាទេ។ ឱកាសនោះ បានក្លាយជាទំនៀមទម្លាប់មួយដែលបានផ្សព្វផ្សាយពាសពេញប្រទេស។
សព្វថ្ងៃនេះ ទីក្រុងនិងទីប្រជុំជននានានៅទូទាំងប្រទេស បានប្រារព្ធពិធីរំឭកអនុស្សាវរីយ៍ដោយមានការដង្ហែក្បួនរបស់បុគ្គលិកយោធា និងសមាជិកនៃអង្គការអតីតយុទ្ធជន។ ប្រជាពលរដ្ឋ ទស្សនាទីបញ្ចុះសព និងកន្លែងរំឭកអនុស្សាវរីយ៍នានា។ ហើយអ្នកខ្លះសៀតផ្កាពណ៌ក្រហមតូចមួយដើម្បីរំឭកដល់អតីតយុទ្ធជនស្លាប់ក្នុងសង្រ្គាម។
ទំនៀមទម្លាប់នេះ បានចាប់ផ្តើមក្នុងអំឡុងសង្គ្រាមលោកលើកទី១ ដោយមានកំណាព្យមួយដែលសរសេរដោយទាហានម្នាក់ រំឭកដល់មិត្តម្នាក់ដែលបានស្លាប់នៅឯសមរភូមិ Ypres ក្នុងប្រទេសបារាំងនៅដើមខែឧសភា ឆ្នាំ១៩១៥ នៅពេលដែលផ្កា poppy ពណ៌ក្រហម កំពុងតែចាប់ផ្តើមរីកនៅតាមវាលស្រែ វាលស្មៅ និងនៅតាមផ្នូរខ្មោច។
ដូច្នេះនៅរាល់ទិវាចងចាំអនុស្សាវរីយ៍ ទង់ជាតិតូចៗ និងភួងផ្កាចម្រុះពណ៌ ត្រូវបានគេដាក់លើផ្ទាំងថ្មនៃផ្នូនៅកន្លែងបញ្ចុះសពពាសពេញប្រទេសដោយមានការតុបតែងផ្នូររបស់វីរបុរសយោធា។ ហើយផ្កាពណ៌ក្រហមតូចៗ ដែលស៊កជាប់នឹងអាវ គឺតំណាងឱ្យទាហានដែលបានស្លាប់ដើម្បីការពារប្រទេសរបស់ពួកគេ ហើយនឹងតំណាងឱ្យអ្វីៗផ្សេងទៀត។ ពួកគេបានស្លាប់ដោយការពារជីវិតហើយគុណតម្លៃនៃជំនឿរបស់ពួកគេ ហើយនឹងកិត្តិយសដែលពួកគេទទួលបានដោយពលីកម្មរបស់ពួកគេ។ កិត្តិយសទាំងនេះ នៅជាប់នឹងពួកគេជារៀងរហូត៕