Accessibility links

Breaking News

បទវិចារណកថា៖ បញ្ឈប់​ក្រុមភេរវជន​កុំ​ឱ្យ​ជួញដូរ​ធនធាន​ធម្មជាតិ​ដោយ​ខុស​ច្បាប់


រូបឯកសារ៖ ភ្លុកដំរី
រូបឯកសារ៖ ភ្លុកដំរី

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ភេរវកម្មនិង​ឧក្រិដ្ឋកម្ម​មានការ​ចាត់ចែងមានវត្តមាន​កាន់តែ​ច្រើនជាងមុន​នៅទូទាំង​ទ្វីបអាហ្វ្រិក។ បើ​តាម​អង្គការ​សហប្រជាជាតិ​ក្រុមទាំង​នេះមានប្រាក់​កាស មួយផ្នែក​ដោយសារបានទាញ​យក​អត្ថប្រយោជន៍ដោយ​ខុស​ច្បាប់ពី​ធន​ធាន​ធម្មជាតិ​ក្នុងតំបន់​ដែល​ពួកគេ​កាន់កាប់។ ​លោក Ghada Waly ប្រធានការិយាល័យ​អ.ស.ប.ខាងគ្រឿង​ញៀន​ស្រវឹងនិង​ឧក្រិដ្ឋកម្ម​បានកត់​សម្គាល់​ថា មានភ័ស្តុតាង​ថា ការទាញ​យកអត្ថប្រយោជន៍​ដោយ​ខុស​ច្បាប់​នៃ​លោហធាតុ​និង​ខនិជ​មានតម្លៃ​នាំឱ្យពួក​ជ្រុល​និយម​បានទទួល​ប្រាក់កាស​ច្រើន។ ការជួញ​ដូរសត្វ​ព្រៃ​ក៏ជា​ប្រភព​ធំមួយដែរនៃប្រាក់ចំណូល​សម្រាប់ក្រុម​ទាំង​នេះដែរ។ ពាណិជ្ជកម្ម​ភ្លុក​ដំ​រី​ដោយ​ខុស​ច្បាប់​ក៏​នាំ​ឱ្យបានប្រាក់៤រយ​លានដុល្លារ​ក្នុងមួយ​ឆ្នាំៗ។​

ឯកអគ្គ​រដ្ឋទូត​ស.រ.អ.ប្រចាំ​អ.ស.ប. លោកស្រី​ Linda Thomas Greenfield បាននិយាយ​ថា ដើម្បី​ទប់ទល់នឹងសកម្មភាព​ទាំងនេះ​ យើងត្រូវផ្តោត​ការយក​ចិត្តទុកដាក់​លើវិស័យ​សំខាន់ៗបី។ លោកស្រី​បាន​ថ្លែងថា «ទី​មួយ នៅក្នុង​បរិបទអាហ្វ្រិក វត្តមានរបស់​ពួក al-Qa’ida និង​ពួក​បុគ្គល​និងក្រុម​មានទាក់ទិន​ជា​មួយពួក ISIS ត្រូវ​តែមាន​ការ​តាមឃ្លាំ​មើល​ដោយ​ដិតដល់​និង​មានសកម្មភាពប្រឆាំង​នឹង​ពួក​ទាំងនេះ‍»។​

លោកស្រី​បាន​មានប្រសាសន៍​ថា៖ «ប្រាក់​កាសនៅ​តែ​ធ្វើឱ្យពួក​ភេរវជន​មានសកម្មភាពត​ទៅ​ទៀត។ យើង​ត្រូវ​តែ​ពង្រឹងការប្រឹងប្រែង​របស់​យើងតាមរក​ពួកហិរញ្ញិកនិង​ពួក​អ្នកផ្តល់ប្រាក់កាស​ឱ្យ​ពួក​ភេរវជន និង​អង្គការ​ភេរវកម្ម។ ហើយ​យើង​ត្រូវរារាំង​លំហូរ​ប្រភព​ធនធានដែល​ទាញ​យក​អត្ថប្រយោជន៍ពីការត្រួតពិនិត្យតាមបទបញ្ញត្តិ​ខ្សោយ‍»។

លោកស្រី Greenfield បាន​និយាយថា«ទីពីរ កង្វល់​បន្ទាន់​និង​កើន​ជាងមុនបំផុតនៅអាហ្វ្រិក​គឺយុទ្ធសាស្ត្ររបស់​ក្រុម​ Wagner គាំទ្រដោយ​អាជ្ញាធរ​វិមានក្រឹមឡាំង​ដែល​ទាញ​យកអត្ថប្រយោជន៍ពី​ធនធានធម្មជាតិ​នៅក្នុងសាធារណរដ្ឋអាហ្វ្រិក​កណ្តាល ​ប្រទេស​ម៉ាលី​ និងប្រទេស​ស៊ូដង់ ព្រមទាំង​ប្រទេសឯទៀតៗ​ផង​ដែរ‍»។​

លោកស្រី​បានថ្លែងថា៖ «សកម្មភាពទាំងនេះត្រូវ​បានប្រមូលចង​ក្រងជា​ឯកសារ​ច្បាស់លាស់​ហើយ​មិនអាចត្រូវ​បដិសេធ​បានទេ។ ហើយយើង​ដឹង​ថាការ​ចំណេញ​មិនត្រឹមត្រូវ​តាមច្បាប់ទាំង​នេះ​ត្រូវបានយកទៅ​ប្រើប្រាស់ដើម្បីផ្តល់ប្រាក់កាស​ដល់ម៉ាស៊ីន​សង្គ្រាមរបស់​រដ្ឋាភិបាលក្រុង​មូស្គូ​នៅ​អាហ្វ្រិក មជ្ឈិ​មបូព៌ា​និងប្រទេស​អ៊ុយក្រែន។ ហើយដោយមិនមែន​ជា​ដៃគូមាន​តម្លាភាពខាង​ការកែលម្អ​សន្តិសុខ ក្រុម​ Wagner ទាញយកអត្ថប្រយោជន៍​ពី​ពួក​រដ្ឋ​ជា​អតិថិជនដែលបង់សោហ៊ុយ​ឱ្យ​ពួក​គេ​សម្រាប់​សេវា​សន្តិសុខជា​មាស ពេជ្រ ឈើហ៊ុប​ និងធនធាន​ធម្មជាតិ​ឯទៀតៗ-ហើយ​នេះជា​ផ្នែក​មួយនៃ​គម្រូ​នៃ​ការរកស៊ី​របស់ក្រុម​ Wagner‍‍»។

ជា​ទី​បញ្ចប់ ពួក​ប្រទេសជា​សមាជិក​អ.ស.ប.ត្រូវ​តែមានរបៀប​ដោះស្រាយសកម្មជាងមុន​ដើម្បីទប់ទល់នឹង​ពួក​ al-Qa’ida ក្រុម ISIS និងក្រុម​ឧក្រិដ្ឋជន​ឯទៀតៗនៅ​អាហ្វ្រិក។ ការ​ដាក់ទណ្ឌកម្មលើរបបគ្រប់គ្រង​ដែល​អត់ឱនសកម្មភាព​បែបនេះ ឬ​ជំរុញ​ពួក​គេឱ្យ​ធ្វើសកម្មភាពបែបនេះ​មានសារៈសំខាន់ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹងការជួញ​ដូរ​ធន​ធាន​ធម្មជាតិ។

លោកស្រី​ឯកអគ្គរដ្ឋទូត Thomas Greenfield បានមាន​ប្រសាសន៍ថា៖ «យើងទាំងអស់គ្នា​មានផលប្រយោជន៍ក្នុងការទប់ទល់​នឹងការជួញដូរ​ធនធានធម្មជាតិដោយ​ខុស​ច្បាប់នៅ​អាហ្វ្រិក ដែល​ជាការលួចធន​ធាន​ពីប្រជារាស្ត្រ​នៃទ្វីប​អាហ្វ្រិក។ វា​ជា​អត្ថប្រយោជន៍របស់យើងក្នុងការបញ្ចៀស​ពួក​អ្នក​ជួញ​ដូរទាំងនេះ​កុំឱ្យ​ធ្វើសកម្មភាព​ឧក្រិដ្ឋ​របស់​ពួក​គេ​និងប្រើប្រាស់​ធនធាន​ខុស​ច្បាប់របស់ពួក​គេដើម្បីបញ្ឆេះសង្គ្រាមនិងភេរវកម្ម។​ ហើយយើងចាំបាច់ត្រូវ​បញ្ចៀស​កុំឱ្យខូច​ខាតបរិដ្ឋាន​ កុំឱ្យ​ប្រើប្រាស់ពលកម្ម​កុមារ កុំធ្វើឱ្យ​ពលរដ្ឋ​ឃ្លាតចាក​ពី​ផ្ទះ​សំបែងពួក​គេ រំលោភលើសិទ្ធិ​មនុស្ស និងការខាត​បង់ចំណូល​របស់រដ្ឋាភិបាល​ដោយសារ​ការជួញ​ដូរ​ខុស​ច្បាប់‍»៕

XS
SM
MD
LG