តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនិងប្រទេសនានាទូទាំងពិភពលោក បានចោទប្រកាន់សាធារណរដ្ឋប្រជាមានិតចិន (PRC) ថា បានធ្វើ និងចូលរួមក្នុងសកម្មភាពអាក្រក់ក្នុងប្រព័ន្ធអ៊ីនធឺណឺត ដោយមានរួមបញ្ចូលការវាយប្រហារដោយកម្មវិធី ransomware សម្រាប់ជំរិតយកប្រាក់ ការលួចសម្បត្តិខាងបញ្ញា និងព័ត៌មានដែលផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ឱ្យក្រុមហ៊ុនចិន។
សហរដ្ឋអាមេរិកខ្វល់ខ្វាយយ៉ាងខ្លាំងថា សាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រសហគ្រាសស៊ើបការសម្ងាត់មួយដែលមានរួមបញ្ចូលពួកអ្នកស៊ីឈ្នួលវាយចូលប្រព័ន្ធអ៊ីនធឺណិតឬ hackers ដែលធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតនៅទូទាំងពិភពលោក ដោយមានរួមទាំងការស្វែងរកលុយកាក់ផ្ទាល់ផ្លូនផងដែរ។ អាកប្បកិរិយាគ្មានការទទួលខុសត្រូវរបស់ប្រទេសចិន ក្នុងវិស័យអ៊ីនធឺណិត មិនសក្តិសមនឹងគោលដៅរបស់ប្រទេសនេះដែលបានប្រកាសថា ចង់ឱ្យគេឃើញថា ខ្លួនជាមេដឹកនាំមានការទទួលខុសត្រូវមួយក្នុងពិភពលោកនោះ។
ជាឧទាហរណ៍មួយនៃការលូចសម្បត្តិខាងបញ្ញានិងការលូចព័ត៌មាន គណៈវិនិច្ឆ័យពិសេសមួយរបស់រដ្ឋាភិបាលសហព័ន្ធក្នុងក្រុង San Diego រដ្ឋ California បានចោទប្រកាន់នៅមុខតុលាការជនជាតិចិនបួននាក់ និងជាអ្នកស្រុកចិនកាលពីខែឧសភាថា បានធ្វើយុទ្ធនាការលួចចូលក្នុងប្រព័ន្ធ computer នៃក្រុមហ៊ុន សាកលវិទ្យាល័យនិងអង្គភាពរដ្ឋាភិបាលរាប់សិបក្នុងសហរដ្ឋអាមេរិក និងប្រទេសក្រៅឯទៀតៗនៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។
ការចោទប្រកាន់នេះដែលត្រូវបានលាតត្រដាងដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ ខែកក្កដា ចែងថា ការវាយប្រហារទាំងនេះ ភាគច្រើនផ្តោតលើការប្រមូលព័ត៌មានដែលអាចផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុននិងវិស័យពាណិជ្ជកម្មចិន។ ការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតនេះ ផ្តោតជាពិសេសលើព័ត៌មានដែលអាចឱ្យចៀសពីដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍ដ៏យូរ និងអស់សោហ៊ុយច្រើន។
ឈ្មោះ Ding Xiaoyang, Cheng Qingmin និង Zhu Yunmin ជាមន្ត្រីនៃមន្ទីរសន្តិសុខរដ្ឋរបស់ខេត្ត Hainan ដែលជាសាខាខេត្តនៃក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនដែលសម្របសម្រួលការងារ និងចាត់ចែងពួកលួចចូលប្រព័ន្ធអ៊ីនធឺណិត និងពួកអ្នកចេះច្រើនភាសានៅក្នុងក្រុមហ៊ុនជួរមុខរបស់ក្រសួងនេះដើម្បីលួចចូលប្រព័ន្ធអ៊ីនធឺណិត សម្រាប់ផលប្រយោជន៍នៃប្រទេសចិននិងទីភ្នាក់ងាររបស់រដ្ឋផ្សេងៗព្រមទាំងស្ថាប័នទាំងឡាយដែលឧបត្ថម្ភដោយរដ្ឋ។ ឈ្មោះ Wu Shurong ជាអ្នកលួចចូលប្រព័ន្ធ computer ម្នាក់ដែលបានបង្កើតកម្មវិធី malware និងបានលួចចូលក្នុងប្រព័ន្ធ computer ក្រុមហ៊ុន និងសាកលវិទ្យាល័យបរទេស ហើយមើលការខុសត្រូវលើពួក hackers ឯទៀតៗរបស់ក្រុមហ៊ុន Hainan Xiandun។
យុទ្ធនាការលួចចូលអ៊ីនធឺណិតនេះ សំដៅទៅលើទីដៅក្នុងសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី កម្ពុជា កាណាដា អាល្លឺម៉ង់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ន័រវែស អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិកខាងត្បូង ស្វីស និងចក្រភពអង់គ្លេស។
ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទាំងនេះ មានធ្វើឡើងទោះជាមានកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០១៥ រវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលចិន ដើម្បីទប់ទល់នឹងការលួចទាក់ទិននឹងប្រព័ន្ធអ៊ីនធឺណិតក៏ដោយ។
លោកស្រី Lisa O. Monaco អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយថា «ការចោទប្រកាន់ពីបទព្រហ្មទណ្ឌទាំងនេះបង្ហាញឱ្យឃើញទៀតថា ប្រទេសចិននៅតែបន្តធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីលួចអ្វីៗដែលប្រទេសឯទៀតៗផលិតដោយមិនអើពើដល់ការប្តេជ្ញាទ្វេភាគី និងពហុភាគីរបស់ខ្លួនឡើយ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា «ដូចដែលមានភ័ស្តុតាងដោយការចោទប្រកាន់នៅចំពោះមុខតុលាការនូវមន្ត្រីបីនាក់នៃក្រសួងសន្តិសុខរដ្ឋនៃប្រទេសចិននិងអ្នកស៊ីឈ្នួលលួចចូលប្រព័ន្ធអ៊ីនធឺណិត ម្នាក់របស់ពួកគេ សហរដ្ឋអាមេរិកនឹងដាក់ឱ្យមានផលវិបាកលើពួកអ្នកលួចចូលប្រព័ន្ធអ៊ីនធឺណិត អាក្រក់ៗចំពោះអាកប្បកិរិយាគ្មានការទទួលខុសត្រូវរបស់ពួកគេក្នុងវិស័យអ៊ីនធឺណិត»៕