Accessibility links

Breaking News

បទវិចារណកថា៖ មុខនាទី​ប្រទេស​បេឡារុស​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin សន្ទនា​ជាមួយ​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin សន្ទនា​ជាមួយ​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​បេឡារុស​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធបំផុត​មួយ​របស់​ប្រទេសរុស្ស៊ី។ របបគ្រប់គ្រង​ផ្តាច់ការរបស់លោក Aleksandr Lukashenko បានគ្រប់គ្រង​ប្រទេស​នេះ២៨ឆ្នាំមក​ហើយ ហើយ​បានពឹងពាក់​យ៉ាងច្រើនលើ​រុស្ស៊ីដើម្បី​ឱ្យ​មានជីវិតតទៅ​ទៀត។

ប្រទេស​រុស្ស៊ីបានផ្តល់​ប្រាក់​ជំនួយដល់​សេដ្ឋកិច្ចខ្សោយ​នៃ​ប្រទេសបេឡារុសច្រើន​ទសវត្សរ៍​មក​ហើយ​តាមរយៈប្រាក់​កម្ចី​យក​ការ​ប្រាក់ទាប ​និង​ការ​បញ្ចុះ​តម្លៃ​ឧស្ម័ន និង​ប្រេង​យ៉ាង​ច្រើន។​ ដើម្បី​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ដាក់ទណ្ឌកម្មលើ​របប​គ្រប់គ្រង Lukashenko ដោយ​សមាជិកសហគមន៍​អន្តរជាតិ ​រុស្ស៊ីបាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ជាថ្មីម្តងទៀត។

ចាប់តាំង​ពី​ពេល​នោះមក ​បេឡារុសបានឃុបឃិត​ជា​មួយ​ការលុកលុយរបស់លោក Putin ក្នុង​ប្រទេស​អ៊ុយក្រែន ដោយបានបម្រើការជាតំបន់ ​ដែល​កង​អង្គភាពរុស្ស៊ីបើក​ការ​វាយ​ប្រហារ ពី​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ុយក្រែន ព្រម​ទាំងបានផ្តល់​ការ​គាំទ្រ​ឯ​ទៀតដល់​កងយោធា​អ៊ុយក្រែន​ផង​ដែរ។ មិនយូរប៉ុន្មាន ក្រោយ​ការ​ចាប់ផ្តើម​សង្គ្រាម​នេះ ​ការ​បោះឆ្នោត​ប្រជាមតិក្លែង​បន្លំ​មួយ​បានដក​អនុប្រយោគ​ស្តី​ពី​អព្យាក្រឹតភាព​នៃ​ប្រទេស​បេឡារុស ​និង​គោលដៅ​ខ្លួនជា​ប្រទេស​គ្មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​បន្ថែម​វិសោធនកម្មដែល​ពង្រីក និង​ពង្រឹង​ការ​ក្តាប់អំណាច​របស់លោក Lukashenko។ លោក Lukashenko ថែមទាំងបាន​ស្នើថា ​បេឡារុស​អាច​ទទួល​អាវុធនុយក្លេអ៊ែររុស្ស៊ី​ទៀត​ផង។

លោក​ Ned Price អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អ. ​បាននិយាយ​ថា «ប្រទេស​បេឡារុស និង​លោកប្រធានាធិបតី​ Lukashenko បានអនុញ្ញាត​ឱ្យ​លោក​ប្រធានាធិបតី Putin ចំអកដល់​ឯករាជ្យនិង​អធិបតេយ្យភាព​នៃ​ប្រទេសអ៊ុយក្រែន»។

លោក​ Price បាននិយាយថា៖ «ការណ៍​នេះ​បានកើតមានឡើង​មួយរយៈពេល​មក​ហើយ នៅ​ពេល​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ចូលក្នុង​ប្រទេស​បេឡារុស នៅពេល​ដែល​កងកម្លាំង​រុស្ស៊ីបានបើក​ការ​វាយ​ប្រហារពី​ខាង​ក្នុង​ដែនដីបេឡារុស​ដែលមាន​អធិបតេយ្យភាព ដើម្បី​ធ្វើការ​វាយ​លុក​ ដែលបានរៀបចំទុកជាមុន​ និងគ្មានមូលហេតុត្រឹមត្រូវ និងគ្មាន​ការ​បង្ក​រឿងប្រឆាំង​នឹង​ប្រទេស​ទីបី»។

សេចក្តី​សម្រេច​របស់លោក Lukashenko ក្នុងការ​គាំទ្រ និង​ការសម្រួល​អំពើឈ្លានពាន​របស់​រដ្ឋាភិបាល​ម៉ូស្គូ​ប្រឆាំង​នឹងអ៊ុយក្រែនជាការ​ជំទាស់​នឹងមនោសញ្ចេតនារបស់​ប្រជារាស្ត្រ​បេឡារុស។ បើ​តាម​អង្គការ​ Chatham House ដែលជា​វិទ្យាស្ថានគោលនយោបាយឯករាជ្យមានមូលដ្ឋាន​នៅ​ក្រុងឡុងដ៍ថា​ ​ជនជាតិ​បេឡារុស​៧៩ភាគរយ យល់ថា ទាហានបេឡារុស​មិនគួរ​ស្លាប់​ក្នុងសង្គ្រាមរបស់លោក Putin ជា​មួយ​អ៊ុយក្រែន​ទេ។ ជនជាតិ​បេឡារុសជាង​ពាក់កណ្តាលយល់​ថា​ បេឡារុស​គួរ​ឋិត​នៅអព្យាក្រឹត។

លោក Price បានថ្លែង​ថា៖«បេឡារុស​...បាន​ចុះ​ញ៉មរុស្ស៊ីខ្លាំង​ជាងមុន​ ដែលបង្ហាញ​ទៀត​អំពី​បំណង​របស់​ប្រធានាធិបតី​ Lukashenko ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ផលប្រយោជន៍របស់​ប្រជារាស្ត្រផ្ទាល់​របស់​លោក ដើម្បី​ឱ្យ​បាន​ការ​អនុគ្រោះពីរដ្ឋាភិបាល​មូស្គូ ហើយ​ដើម្បី​ឱ្យ​លោកបានកាន់អំណាចត​ទៅទៀត»។

អ្នកនាំ​ពាក្យ Price បានថ្លែង​ថា៖ «ជា​លទ្ធផលនៃ​ការ​គាំទ្រ​និង​ការ​សម្រួល​របស់​របបគ្រប់គ្រង​នេះដល់អ្វី​ដែល​យើង​ឃើញពួក​រុស្ស៊ី​កំពុង​ធ្វើក្នុងអ៊ុយក្រែន យើង​ដាក់​ទណ្ឌកម្មលើបុគ្គល​ និងអង្គភាព​បេឡារុស​ប្រមាណជាងម្ភៃ។ សកម្មភាពទាំង​នេះ​ផ្តោត​លើ​វិស័យ​ការពារ​ប្រទេស​បេឡារុសនិង​ផ្នែកសម្ភារៈនិង​ហិរញ្ញវត្ថុផង​ ​ដែលមានទំនាក់ទំនង ជិតស្និទ្ធ​ជា​មួយ​រុស្ស៊ី»។

អ្នកនាំ​ពាក្យ​លោក Price បានពោល​ទៀតថា៖ «យើងបានឃើញ​ថា ​ប្រធានាធិបតី Lukashenko បានផាត់​ចោលឆន្ទៈ​របស់​ប្រជារាស្ត្រ​លោកផ្ទាល់ ​ហើយបានចូល​ដៃ​ជា​មួយ​លោកប្រធានាធិបតី​ Putin និង​គោលដៅ​យោធា​របស់​លោក​ប្រឆាំង​នឹងអ៊ុយក្រែន។ ប្រសិនបើ​ការណ៍​នេះ​មាន​តទៅទៀត បេឡារុស​នឹង​ប្រឈម​ត​ទៅទៀត​នឹងវិធានការ​ដែលនាំ​ឱ្យ​មានការទទួលខុសត្រូវ​ខ្ពស់»៕

XS
SM
MD
LG