Accessibility links

Breaking News

បទវិចារណកថា៖ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Blinken ត្រឡប់​ទៅមជ្ឈិមបូព៌ា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅពេល​ដែល​លោក​ទៅ​ដល់​ទីក្រុង Tel Aviv ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​របស់​លោក ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាពតានតឹង​នៅ​ទូទាំង​មជ្ឈិមបូព៌ា។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅពេល​ដែល​លោក​ទៅ​ដល់​ទីក្រុង Tel Aviv ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​របស់​លោក ក្នុង​គោលបំណង​បន្ធូរបន្ថយ​ភាពតានតឹង​នៅ​ទូទាំង​មជ្ឈិមបូព៌ា។

តទៅនេះ​ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទីបួន​របស់​លោក​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ចាប់តាំងពី​ការវាយប្រហារ​ដ៏​រន្ធត់​ដោយ​ក្រុម​ហាម៉ាស់​ប្រឆាំង​នឹង​អ៊ីស្រាអែល​កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។ ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ លោក​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការទប់ស្កាត់​ជម្លោះ​កុំ​ឱ្យ​រីករាលដាល។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «‍យើង​មាន​ការប្តេជ្ញាចិត្ត​រួម​មួយ​ដើម្បី​ធានា​ថា​ជម្លោះ​មិន​រីក​ធំ​ឡើង ហើយ​ខ្ញុំ​គិត​ថា​ យើង​ក៏​មាន​ការប្តេជ្ញាចិត្ត​រួម​ដើម្បី​ប្រើប្រាស់​ឥទ្ធិពល ទំនាក់​ទំនង ចំណង​ទាក់ទង​ដែល​យើង​មាន​ជាមួយ​ភាគី​ផ្សេងៗ​នៅក្នុង​តំបន់​ដើម្បី​ព្យាយាម​បញ្ចៀស​ការកើនឡើង​និង​រារាំង​ការបើក​សមរភូមិ​ថ្មី។ នេះ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ។ វា​ជា​បញ្ហា​នៃ​ការព្រួយបារម្ភ​ជា​សកល»។

លោក​រដ្ឋមន្រ្តី Blinken បាន​ពិភាក្សាថាតើ​ត្រូវ​ការពារ​ជនស៊ីវិល​នៅ​តំបន់​ហ្កាហ្សានិង​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​ដល់​ពួកគេ​យ៉ាង​ដូចម្តេច។ លោក​ក៏​បាន​និយាយ​អំពី​របៀប​រំដោះ​ចំណាប់ខ្មាំង​ដែល​នៅ​សល់​ផងដែរ។

ជាការពិត លោក​រដ្ឋមន្រ្តី Blinken បាន​រំឭក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការឃើញ​ចំណាប់ខ្មាំង​ទាំងអស់​ត្រូវបាន​ដោះលែង។

លោក Blinken បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «‍ចំពោះ​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ឡើយ ចំពោះ​មនុស្ស​ជាទីស្រលាញ់​របស់​ពួកគេ ចំពោះ​គ្រួសារ​របស់​ពួកគេ ខ្ញុំ​សូម​សន្យា​ចំពោះ​អ្នក​យ៉ាង​ដូច្នេះ​ថា៖ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ដោយ​មិន​ឈប់ឈរ ដើម្បី​នាំ​អ្នក​មក​ផ្ទះ​វិញ ដើម្បី​នាំ​អ្នក​មក​ជួបជុំ​ជាមួយ​គ្រួសារ​វិញ​ ហើយ​នឹង​មនុស្ស​ជា​ទីស្រលាញ់​របស់​អ្នក​វិញ»។

លោក​រដ្ឋមន្រ្តី Blinken បាន​និយាយ​ថា មាន​វឌ្ឍនភាព​លើ​ការបង្កើន​ជំនួយ​ចូល​ទៅក្នុង​តំបន់​ហ្កាហ្សា ប៉ុន្តែ​វា​នៅតែ​មិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ដ៏​ធំ​នៅ​ឡើយ​ទេ។ «យើង​បន្ត​លើកឡើង​អំពី​រឿង​នេះ​ជាមួយ​អ៊ីស្រាអែល​អំពី​តម្រូវការ​ដើម្បី​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ជួយ​សម្រួល​ដល់​ការផ្តល់​ជំនួយ​មនុស្សធម៌​ទៅ​ក្នុង​តំបន់​ហ្កាហ្សា‍»។

លោក​រដ្ឋមន្រ្តី Blinken បាន​និយាយ​ថា ​នៅពេល​ដែល​អ៊ីស្រាអែល​ឈាន​ទៅ​ដល់​ដំណាក់កាល​ដែល​មាន​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​តិច​ជាង​មុន​នៅ​ភាគ​ខាងជើង អង្គការ​សហ​ប្រជាជាតិ​ក៏​អាច​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការវាយ​តម្លៃ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​ខ្ចាត់​ព្រាត់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ផងដែរ។

លោក Blinken បាន​ថ្លែង​ថា៖ «‍ជនស៊ីវិល​ប៉ាឡេស្ទីន​ត្រូវតែ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ឆាប់​តាម​លក្ខខណ្ឌ​អនុញ្ញាត។ ពួកគេ​មិន​អាច​និង​មិន​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ពី​តំបន់​ហ្កាហ្សា​ឡើយ។ យើង​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្ត្រី និង​សមាជិក​សភា​អ៊ីស្រាអែល​មួយ​ចំនួន​ដែល​អំពាវនាវ​ឱ្យ​មាន​ការតាំង​ទីលំនៅ​ថ្មី​របស់​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ខាងក្រៅ​តំបន់​ហ្កាហ្សា។ សេចក្តី​ថ្លែងការណ៍​ទាំងនេះ គឺ​គ្មាន​ការទទួល​ខុសត្រូវ វា​មាន​លក្ខណៈ​បង្ករឿង ហើយ​ពួកគេ​គ្រាន់តែ​ធ្វើ​ឱ្យ​វា​ពិបាក​ក្នុង​ការធានា​អំពី​អនាគត​នៃ​តំបន់​ហ្កាហ្សា​ដែល​ដឹកនាំ​ដោយ​ប៉ាឡេស្ទីន​ដោយ​គ្មាន​ក្រុម​ហាម៉ាស់​គ្រប់គ្រង ហើយ​ដោយ​គ្មាន​ក្រុម​ភេរវជន​មក​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​អ៊ីស្រាអែល​ទៀត»។

លោក Blinken បាន​ប្រកាស​ថា៖ «‍យើង​ទាំងអស់គ្នា​មាន​អារម្មណ៍​ថា មាន​ចំណែក​នៅក្នុង​ការបង្កើត​ផ្លូវ​ឆ្ពោះ​ទៅ​មុខ‍។ យើង​ទាំងអស់គ្នា​ទទួលស្គាល់​ថា យើង​ត្រូវ​ធ្វើការ​ជាមួយគ្នា។ នោះ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ឆ្ពោះ​ទៅ​មុខ ហើយ​មិន​អាច​រង់ចាំ​បាន​ទេ»៕

XS
SM
MD
LG