Accessibility links

Breaking News

បទវិចារណកថា៖ ការផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​នៅ​តំបន់​ហ្កាហ្សា


រូបឯកសារ៖ រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ជំនួយ​មនុស្សធម៌​ពី​ប្រទេស​អេហ្ស៊ីប​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សាស្រ្ទីព (Gaza Strip)។
រូបឯកសារ៖ រថយន្ត​ដឹក​ទំនិញ​ដែល​មាន​ជំនួយ​មនុស្សធម៌​ពី​ប្រទេស​អេហ្ស៊ីប​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សាស្រ្ទីព (Gaza Strip)។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ពេល​ដែល​ក្រុម​ហាម៉ាស់​បាន​បើក​ការវាយប្រហារ​ដ៏​សាហាវ​ទៅ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃទី៧ ខែតុលា កន្លង​ទៅ​នេះ វា​បាន​ធ្វើឱ្យ​សង្រ្គាម​ចាប់ផ្តើម​ឡើង។ ហើយ​ជាធម្មតា វា​ធ្វើឱ្យ​ប្រជាជន​ស៊ីវិល​ទាំងសងខាង ក្លាយជា​ជនរងគ្រោះ។ មនុស្ស​រាប់​ពាន់​នាក់​មក​ពី​ជាង​៣០ ​ប្រទេស ​ត្រូវបាន​សម្លាប់ និង​រងរបួស​នៅក្នុង​ការវាយប្រហារ​ដែល​បាន​ចាប់ផ្តើម​ឡើង​ដោយ​ក្រុម​ហាម៉ាស់ ហើយ​ជា​លទ្ធផល អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​សងសឹក​វិញ។

នៅមុន​ការចាប់ផ្តើម​ទម្លាក់​គ្រាប់បែក អ៊ីស្រាអែល​បាន​ព្រមាន​យ៉ាង​ច្បាស់​ថា ប្រជាជន​ស៊ីវិល​នៅ​តំបន់​ហ្កាហ្សា​ត្រូវ​ជម្លៀស​ចេញ។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្រុម​ហាម៉ាស់​បាន​បញ្ជា​ឱ្យ​ប្រជាជន​ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​បាន​បិទ​ផ្លូវ​ដើម្បី​រារាំង​ពួកគេ​មិន​ឱ្យ​ចាកចេញ។ ច្បាស់ណាស់​ថា ពលរដ្ឋ​ស៊ីវិល​ត្រូវបាន​គេ​យក​ធ្វើជា​ខែល​ការពារ​ពួកជន​សកម្ម​ប្រយុទ្ធ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា «យើង​ដឹង​ថា ក្រុម​ហាម៉ាស់​មិន​តំណាង​ឱ្យ​ប្រជាជន​ប៉ាឡេស្ទីន​ទេ ហើយ​ជនស៊ីវិល​ប៉ាឡេស្ទីន​មិន​ពាក់ព័ន្ធនឹង​ការសម្លាប់​រង្គាល​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ហាម៉ាស់​នោះ​ទេ។ ជនស៊ីវិល​ប៉ាឡេស្ទីន​ត្រូវតែ​ទទួល​បាន​នូវ​ការការពារ‍»។

តំបន់​ហ្កាហ្សា​ស្ទ្រីព (Gaza Strip) ដែល​មាន​បណ្តោយ​ប្រវែង ៤១ គីឡូម៉ែត្រ និង​ទទឹង ប្រវែង ៦ ទៅ ១២ គីឡូម៉ែត្រ ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ មាន​ផ្ទៃដី​សរុប ៣៦៥ គីឡូម៉ែត្រ​ការ៉េ។ តំបន់​ហ្កាហ្សា​ស្ទ្រីព​នេះ មានមនុស្សរស់នៅ​ជាង ២.៣៧៥.០០០ នាក់។ ប្រជាជន​ប៉ាឡេស្ទីន​ប្រហែល​មួយ​លាន​នាក់​ត្រូវបាន​ផ្លាស់ទី​លំនៅ​នៅក្នុង​តំបន់​នោះ ដោយ​គ្មាន​វិធី​ចាកចេញ​ពី​តំបន់​ហ្កាហ្សា ហើយ​នោះ​មាន​ន័យ​ថា ជំនួយ​មនុស្សធម៌​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការរស់រាន​មាន​ជីវិត​របស់​ពួកគេ។

លោក​រដ្ឋមន្រ្តី​ការបរទេស Blinken បាន​និយាយ​ថា៖ «‍យើង​បន្ត​សម្របសម្រួល​យ៉ាងដិតដល់​ជាមួយ​អេហ្ស៊ីប អ៊ីស្រាអែល និង​ដៃគូ​នានា​នៅ​ទូទាំង​តំបន់ ក៏​ដូចជា​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​កសាង​យន្តការ​ដែល​អាច​ឱ្យ​ជំនួយ​មនុស្សធម៌​ប្រកប​ដោយ​និរន្តរភាព បាន​ទៅ​ដល់​ជនស៊ីវិល​នៅ​តំបន់​ហ្កាហ្សា ដោយ​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុម​ហាម៉ាស់ ឬ​ក្រុម​ភេរវជន​ណាមួយ​ឡើយ»។

លោក Blinken បាន​ថ្លែង​បន្ត​ទៀត​ថា៖ «‍សហរដ្ឋ​អាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​បន្ថែម​ដែល​គិត​ជា​ប្រាក់​មាន​ចំនួន ១០០ លាន​ដុល្លារ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​តំបន់​វែសប៊ែង (West Bank) ដោយ​នាំ​ឱ្យ​ជំនួយ​សរុប​ដែល​យើង​បាន​ផ្តល់​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ក្នុង​រយៈពេល២ ឆ្នាំ​កន្លះ​មក​នេះ ឡើង​ដល់​ជាង ១,៦​ពាន់​លាន​ដុល្លារ។ ចំនួន​នៃ​ប្រាក់​ជំនួយ​នេះ បាន​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​បំផុត​ដែល​ជួយ​ដល់​ប្រជាជន​ប៉ាឡេស្ទីន។ យើង​សូម​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្ពស់​បំផុត​ក្នុងការ​ផ្តល់​ជំនួយ ​ឱ្យ​ចូលរួម​ជាមួយ​យើង​ក្នុង​ការបំពេញ​តាម​ការអំពាវនាវ​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ស្ថានភាព​មនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា»។

លោក Blinken បាន​ថ្លែង​ទៀត​ថា៖ «គោលបំណង​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​ជន​ដែល​គ្មាន​កំហុស​នៅក្នុង​ជម្លោះ​នេះ និង​នៅក្នុង​គ្រប់​ជម្លោះ​ផ្សេង​ទៀត​នោះ​គឺថា ជំនឿ​ដ៏​សំខាន់​របស់​យើង​គឺ​ជីវិត​របស់​ជនស៊ីវិល​គ្រប់រូប​មាន​តម្លៃ​ស្មើគ្នា។ ការជួយ​ជីវិត​ជនស៊ីវិល គឺ​យើង​មិន​គិត​ពី​ឋានៈ​ខ្ពស់​ទាប​ឡើយ។ មិន​ថា​ពួកគេ​ជា​ជាតិ​សាសន៍​អ្វី អាយុ ភេទ និង​ជំនឿ​អ្វី​នោះ​ឡើយ ជន​ស៊ីវិល គឺជា​ជន​ស៊ីវិល»៕

XS
SM
MD
LG