តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកស្វាគមន៍ការអនុម័តដោយមានការមូលមតិគ្នាលើការពិនិត្យវាយតម្លៃឡើងវិញលើកទី ៨ នៃយុទ្ធសាស្ត្រប្រឆាំងភេរវកម្មសាកលរបស់អង្គការសហប្រជាជាតិ (UN Global Counterterrorism Strategy) ដែលគេស្គាល់ថា GCTS។
យុទ្ធសាស្ត្រ GCTS ដែលអនុម័តដំបូងកាលពីឆ្នាំ ២០០៦ ត្រូវបានពិនិត្យវាយតម្លៃឡើងវិញដោយមហាសន្និបាតអង្គការសហប្រជាជាតិរៀងរាល់ ២ ឆ្នាំម្ដង។ គោលបំណងនៃការពិនិត្យវាយតម្លៃនេះគឺដើម្បីពង្រឹងកិច្ចប្រឹងប្រែងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិនៅក្នុងការប្រឆាំងនឹងអំពើភេរវកម្ម។
អ្នកតំណាងរងស្ដីទីសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Jeffrey DeLaurentis បានបញ្ជាក់ថា ទិដ្ឋភាពប្រឆាំងភេរវកម្មនៅពេលបច្ចុប្បន្នមានលក្ខណៈខុសប្លែកខ្លាំងពីឆ្នាំ ២០០៦។
លោកថ្លែងដូច្នេះថា៖ «ការគំរាមកំហែងមានលក្ខណៈរាលដាលជាងមុនផ្នែកមនោគមវិជ្ជានិងភូមិសាស្ត្រ។ សាខារបស់ក្រុមអាល់កៃដា (Al-Qaida) និងក្រុមអាយស៊ីស (ISIS) នៅតែមោះមុតនិងមានការតាំងចិត្តដដែល ជាពិសេសនៅទ្វីបអាហ្វ្រិកនិងប្រទេសអាហ្វហ្គានីស្ថាន»។
លោកឯកអគ្គរដ្ឋទូត DeLaurentis បានកត់សម្គាល់ថា ពួកភេរវករកំពុងប្រើបច្ចេកវិទ្យាថ្មីដែលទើបនឹងលេចឡើងដូចជាយានដែនអាកាសគ្មានមនុស្សបើក បច្ចេកវិទ្យា AI និងសារគមនាគមន៍ដែលប្រើកូដសម្ងាត់ដើម្បីទាក់ចិត្តសមាជិកថ្មីឱ្យប្រព្រឹត្តិអំពើហិង្សា។
លោកបានលើកឡើងដូច្នេះថា៖ «យើងត្រូវតែបន្តកិច្ចប្រឹងប្រែងរួមរបស់យើងដើម្បីដាក់សម្ពាធប្រឆាំងភេរវកម្មដ៏មានប្រសិទ្ធភាពប្រឆាំងនឹងសត្រូវទាំងនេះ។ តាមរយៈការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃយុទ្ធសាស្ត្រ GCTS នេះ យើងអាចទប់ទល់នឹងការគំរាមកំហែងនេះបាន»។
លោកឯកអគ្គរដ្ឋទូត DeLaurentis បានបង្ហាញការពេញចិត្តថា សេចក្ដីសម្រេចនៃការពិនិត្យវាយតម្លៃលើយុទ្ធសាស្ត្រ GCTS នេះបានរក្សាទុកនូវ «អត្ថបទដ៏រស់រវើកអំពីតួនាទីដ៏សំខាន់នៃសង្គមស៊ីវិល សមភាពយេនឌ័រ និងសិទ្ធិមនុស្ស»។
ទោះជាយ៉ាងនេះក្ដី លោកឯកអគ្គរដ្ឋទូត DeLaurentis បានបង្ហាញការខកចិត្តថា សេចក្ដីសម្រេចនេះមិនបានដាក់បញ្ចូលនូវការផ្ដោតខ្លាំងជាងមុនលើការប្រើប្រាស់យានដែនអាកាសគ្មានមនុស្សបើកសម្រាប់គោលបំណងភេរវកម្មនោះទេ។
នៅក្នុង «ការពន្យល់» បន្ថែមអំពី «គោលជំហ» ដែលដាក់ជូនដើម្បីទុកជាឯកសារទាក់ទិននឹងការអនុម័តយុទ្ធសាស្ត្រ GCTS នៅក្នុងឆ្នាំនេះ សហរដ្ឋអាមេរិកបានព្រមានប្រឆាំងនឹងការរិះគន់មិនត្រឹមត្រូវលើប្រទេសអ៊ីស្រាអែលក្នុងចំណោមបញ្ហាផ្សេងៗ។
រដ្ឋាភិបាលអាមេរិកបានលើកឡើងថា៖ «សហរដ្ឋអាមេរិកមិនអាចទទួលយកបាននូវសេចក្ដីយោងដែលមានលក្ខណៈខ្វែងគំនិតគ្នាអំពីការត្រួតត្រារបស់បរទេសនៅក្នុងកថាខណ្ឌ ៤៣ នៃសេចក្ដីសម្រេចនេះ ដែលមានបំណងផ្ដល់ហេតុផលត្រឹមត្រូវចំពោះសកម្មភាពភេរវកម្ម ដែលនេះគឺមិនអាចទទួលយកបានជាដាច់ខាតទោះនៅក្រោមស្ថានការណ៍ណាក៏ដោយ និងបំផ្លាញដល់ការអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់របស់ប្រទេសជាសមាជិក។ គ្រប់ទម្រង់និងការបង្ហាញឡើងទាំងអស់នៃអំពើភេរវកម្មគឺជាអំពើឧក្រិដ្ឋនិងគ្មានហេតុផលត្រឹមត្រូវ»។
លោកឯកអគ្គរដ្ឋទូត DeLaurentis បាននិយាយថា៖ «យើងត្រូវតែបន្តពង្រឹងតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ ក៏ដូចជាតាមដាននិងវាយតម្លៃលើការអនុវត្តយុទ្ធសាស្ត្រ GCTS នេះរបស់ស្ថាប័នអង្គការសហប្រជាជាតិនានា។ យើងទន្ទឹងរង់ចាំដល់ឆ្នាំ ២០២៦ ដែលនៅពេលនោះយើងនឹងជួបប្រជុំជាថ្មីដើម្បីប្រារព្ធទិវា ២០ ឆ្នាំនៃការអនុម័តយុទ្ធសាស្ត្រ GCTS នេះ»៕