តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអធិបតេយ្យស៊ូដង់និងគណៈរដ្ឋមន្ត្រីស៊ូដង់ បានបោះឆ្នោតលុបចោលពហិការប្រឆាំងប្រទេសអ៊ីស្រាអែលរយៈពេលជាង ៦ ទសវត្សរ៍កន្លងមករបស់ខ្លួន។
ពហិការប្រឆាំងនឹងប្រទេសអ៊ីស្រាអែលនេះ កន្លងមកបានរារាំងការបង្កើតទំនាក់ទំនងការទូតជាមួយនឹងប្រទេសអ៊ីស្រាអែល និងហាមឃាត់ទំនាក់ទំនងអាជីវកម្មណាមួយជាមួយនឹងអ៊ីស្រាអែល។ ទណ្ឌកម្មសម្រាប់អ្នកដែលធ្វើអាជីវកម្មជាមួយនឹងជនជាតិអ៊ីស្រាអែលមានរួមទាំងការជាប់ពន្ធនាគាររហូតដល់ទៅ ១០ ឆ្នាំ និងការផាកពិន័យធ្ងន់ធ្ងរផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយថា៖ «សហរដ្ឋអាមេរិកស្វាគមន៍ការប្រកាសនេះ។ វាជាជំហានដ៏សំខាន់មួយដែលនឹងបង្កើតឱកាសថ្មីប្រកបដោយក្ដីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋនៃប្រទេសស៊ូដង់ អ៊ីស្រាអែល និងតំបន់ទាំងមូល»។
ការប្រកាសនេះ នាំឲ្យប្រទេសស៊ូដង់និងអ៊ីស្រាអែលងាកកាន់តែជិតទៅរកការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមករាលើកិច្ចព្រមព្រៀង Abraham ជាមួយនឹងសហរដ្ឋអាមេរិក។
កាលពីខែសីហា ឆ្នាំ ២០១៩ ប្រជាពលរដ្ឋនៃប្រទេសស៊ូដង់ បានទម្លាក់មេដឹកនាំផ្ដាច់ការយូរអង្វែងលោក Omar al-Bashir ពីតំណែង។
ឥឡូវនេះ ប្រទេសស៊ូដង់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិលអន្តរកាល ដែលមានគោលបំណងភ្ជាប់ទំនាក់ទំនងប្រសើរជាងមុនជាមួយនឹងបស្ចិមប្រទេស និងធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។
សេដ្ឋកិច្ចប្រទេសស៊ូដង់ បានរងគ្រោះរាប់ទសវត្សរ៍កន្លងមកដោយសារការគ្រប់គ្រងមិនត្រឹមត្រូវនៅក្រោមការដឹកនាំរបស់លោក al-Bashir។ លោក al-Bashir បានដឹកនាំប្រទេសស៊ូដង់តាំងពីរដ្ឋប្រហារយោធាដែលគាំទ្រដោយពួកឥស្លាមនិយមកាលពីឆ្នាំ ១៩៨៩ រហូតដល់ពេលដែលត្រូវបានប្រជាពលរដ្ឋទម្លាក់ពីតំណែងនៅឆ្នាំ ២០១៩។
ប្រទេសស៊ូដង់ ក៏ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថាជារដ្ឋគាំទ្រភេរវកម្មផងដែរនៅទសវត្សរ៍ ១៩៩០ ដោយសារប្រទេសនេះ បានផ្ដល់ទីជម្រកដល់មេដឹកនាំក្រុមអាល់កៃដា (al-Qaeda) លោក Osama bin Laden និងភេរវជនដែលគេតាមស្វែងរកចាប់ខ្លួនផ្សេងៗទៀត។
ជំហានដែលថ្នាក់ដឹកនាំថ្មីនៅក្នុងប្រទេសស៊ូដង់បានធ្វើ ដើម្បីបញ្ចប់ការគាំទ្ររបស់ប្រទេសស៊ូដង់លើសកម្មភាពភេរវកម្មអន្តរជាតិនានា បានធ្វើឲ្យសហរដ្ឋអាមេរិកលុបចោលការចាត់ថ្នាក់ប្រទេសនេះជារដ្ឋគាំទ្រភេរវកម្មនៅខែធ្នូ ឆ្នាំ២០២០។
កិច្ចព្រមព្រៀងបន្ថែមទៀតសម្រាប់ធ្វើឲ្យមានប្រក្រតីភាព ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុនរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអេមីរ៉េតអារ៉ាប់រួមនិងប្រទេសបារ៉ែន។ ប្រទេសម៉ារ៉ុក ក៏បានបង្កើតទំនាក់ទំនងការទូតជាមួយនឹងប្រទេសអ៊ីស្រាអែលផងដែរ។
លោក Price បាននិយាយថា៖ «សហរដ្ឋអាមេរិករីករាយនឹងស្វាគមន៍យុគសម័យថ្មីនៃទំនាក់ទំនងរវាងប្រទេសស៊ូដង់និងអ៊ីស្រាអែលនេះ។ សហរដ្ឋអាមេរិក ទន្ទឹងរង់ចាំឃើញផ្លែផ្កាដែលកើតចេញពីលទ្ធផលនៃការបញ្ចប់ពហិការប្រឆាំងនឹងប្រទេសអ៊ីស្រាអែលនេះ»៕