តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់តំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីមានកិច្ចព្រមព្រៀងបញ្ចប់ការវាយប្រយុទ្ធគ្នារយៈពេល ១១ ថ្ងៃ រវាងក្រុមហាម៉ាស់ (Hamas) និងប្រទេសអ៊ីស្រាអែល។
ការវាយប្រយុទ្ធគ្នានេះបានបង្កឲ្យមានការបំផ្លិចបំផ្លាញជាទូទៅនៅក្នុងតំបន់ Gaza Strip និងបានធ្វើឲ្យមនុស្សជាង ២៥០ នាក់ស្លាប់បាត់បង់ជីវិត ដែលភាគច្រើន គឺជាជនជាតិប៉ាឡេស្ទីន។
នៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Ramallah នៃតំបន់ West Bank លោករដ្ឋមន្ត្រី Blinken បានប្រកាសថា សហរដ្ឋអាមេរិកកំពុងរៀបចំផ្ដល់ជំនួយជាង ១១០ លានដុល្លារដល់ប្រជាពលរដ្ឋប៉ាឡេស្ទីន សម្រាប់ជំនួយសរុបជាង ៣៦០ លានដុល្លារ ដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីខែមីនាកន្លងទៅនេះ។
លោក Blinken បាននិយាយដូច្នេះថា៖ «យើងដឹងថា ដើម្បីរារាំងមិនឲ្យមានការវិលត្រឡប់ទៅរកអំពើហិង្សាឡើងវិញ យើងត្រូវតែប្រើលំហដែលបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានិងការប្រឈមជាមូលដ្ឋានដែលធំជាងនេះ។ ដើម្បីសម្រេចបានដូច្នេះ យើងត្រូវចាប់ផ្ដើមជាមួយនឹងការដោះស្រាយស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់ Gaza និងចាប់ផ្ដើមកសាងឡើងវិញ»។
ជំនួយដែលសហរដ្ឋអាមេរិកបានប្រកាសនេះរួមមានទាំងជំនួយថ្មីចំនួន ៣៨ លានដុល្លារសម្រាប់គាំទ្រកិច្ចប្រឹងប្រែងមនុស្សធម៌នៅក្នុងតំបន់ West Bank និងតំបន់ Gaza ផងដែរ។ ក្នុងនោះ ជំនួយជិត ៣៣ លានដុល្លារនឹងផ្ដល់ជូនទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា (UNRWA) ដើម្បីផ្គត់ផ្គង់ដល់ប្រតិបត្តិការរបស់ទីភ្នាក់ងារនេះនៅក្នុងតំបន់ West Bank និងតំបន់ Gaza។ ជំនួយចំនួន ៥ លាន ៥ សែនដុល្លារទៀតនឹងត្រូវផ្ដល់ជូនដៃគូមនុស្សធម៌ផ្សេងទៀតនៅក្នុងតំបន់ Gaza។
ដោយធ្វើការជាមួយនឹងសភាសហរដ្ឋអាមេរិក ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងផ្ដល់ជំនួយអភិវឌ្ឍន៍និងសេដ្ឋកិច្ចចំនួន ៧៥ លានដុល្លារនៅឆ្នាំក្រោយ ដើម្បីគាំទ្រការធូរស្បើយឡើងវិញនិងការងើបឡើងវិញពីស្ថានភាពលំបាកនៅក្នុងតំបន់ West Bank និងតំបន់ Gaza។ ជំនួយនេះគឺជាការបន្ថែមទៅនឹងជំនួយចំនួន ៧៥ លានដុល្លារ ដែលបានប្រកាសកាលពីថ្ងៃទី ៧ ខែមេសា។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ជំនួយទាំងនេះនឹងត្រូវចាត់ចែងតាមវិធីដែលផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋប៉ាឡេស្ទីន មិនមែនដល់ក្រុមហាម៉ាស់ដែលជាក្រុមបង្កឲ្យមានការឈឺចាប់និងភាពអស់សង្ឃឹមនៅក្នុងតំបន់ Gaza នោះទេ»។
លោក Blinken បានបន្តថា៖ «ជំនួយបរទេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនបម្រើផលប្រយោជន៍និងគុណតម្លៃដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ជំនួយនេះផ្ដល់ភាពធូរស្បើយដ៏ចាំបាច់ដល់អ្នកដែលត្រូវការជំនួយនេះខ្លាំង ជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងគាំទ្រការយោគយល់គ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ការសម្របសម្រួលសន្តិសុខ និងស្ថិរភាព។ ជំនួយនេះក៏ស្របជាមួយនឹងគុណតម្លៃនិងផលប្រយោជន៍របស់សម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកផងដែរ»។
លោក Blinken បានបន្ថែមថា៖ «សហរដ្ឋអាមេរិកនឹងបន្តលើកទឹកចិត្តប្រទេសផ្ដល់ជំនួយផ្សេងទៀតឲ្យគាំទ្រកិច្ចប្រឹងប្រែងមនុស្សធម៌និងកិច្ចប្រឹងប្រែងងើបឡើងវិញនៅក្នុងតំបន់ West Bank និងតំបន់ Gaza ក៏ដូចជាកម្មវិធីនិងសកម្មភាពនានាដែលដំណើរការឆ្ពោះទៅរកគោលបំណងរួមនៃការមានស្ថិរភាពនិងវឌ្ឍនភាពសម្រាប់ប្រជាពលរដ្ឋអ៊ីស្រាអែលនិងប្រជាពលរដ្ឋប៉ាឡេស្ទីនដូចៗគ្នា»៕