Accessibility links

Breaking News

បទវិចារណកថា៖ លោក​ប្រធានាធិបតី Biden នៅឯ​សន្និសីទ COP27


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ​ថ្លែង​នៅ​ឯ​សន្និសីទ​លើក​ទី ២៧ របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​ក្នុង​ទីក្រុង Sharm El-Sheikh ប្រទេស​អេហ្ស៊ីប។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ​ថ្លែង​នៅ​ឯ​សន្និសីទ​លើក​ទី ២៧ របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​ក្នុង​ទីក្រុង Sharm El-Sheikh ប្រទេស​អេហ្ស៊ីប។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ថ្លែង​នៅ​ឯ​សន្និសីទ​លើក​ទី ២៧ របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP27) នៅ​ក្នុង​ទីក្រុង Sharm El-Sheikh ប្រទេស​អេហ្ស៊ីប​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «យោង​លើ​អង្គការ​ឧតុនិយម​ពិភពលោក រយៈពេល ៨ ឆ្នាំ​កន្លង​ទៅ​នេះ អាកាសធាតុ​មាន​លក្ខណៈ​ក្តៅ​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក​បាន​បន្ថែម​ថា៖ «ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ដែល​មិន​ធ្លាប់​ពី​មុន​មក​នៅ​ក្នុង​ប្រទេស។ ...ខ្ញុំ​អាច​ឈរ​នៅ​ទី​នេះ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ហើយ​និយាយ​ដោយ​ភាព​ជឿជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​សម្រេច​បាន​តាម​គោលដៅ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ»។

ទោះជា​យ៉ាង​នេះ​ក្តី វិបត្តិ​អាកាសធាតុ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​បំផុត​លើ​ប្រទេស​និង​សហគមន៍​ជា​ច្រើន​ដែល​មាន​ប្រភព​ធនធាន​តិចតួច​នៅ​ក្នុង​ការ​ឆ្លើយតប​និង​ការ​រើប​ឡើង​វិញ។ ក្នុង​ករណី​ភាគ​ច្រើន ពួកគេ​ក៏​ជា​ប្រទេស​ដែល​បាន​រួម​ចំណែក​តិចតួច​ជាង​គេ​បំផុត​ចំពោះ​បញ្ហា​អាកាសធាតុ​នេះ​ផង​ដែរ។

អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី Biden តាំងចិត្ត​នៅ​ក្នុង​ការ​ផ្តល់​ប្រាក់​ប្រមាណ​១១ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បញ្ហា​អាកាសធាតុ ដែល​ក្នុង​នោះ​រួម​មាន​ថវិកា ៣ ពាន់​លាន​ដុល្លារ​ផង​ដែរ​សម្រាប់​ការ​សម្រប​តាម​ការ​ប្រែប្រួល​អាកាសធាតុ។

ថវិកា​នេះ​ដែល​គេ​ហៅ​ថា​ជា​ផែនការ​គ្រា​អាសន្ន​របស់​ប្រធានាធិបតី​សម្រាប់​ការ​សម្រប​តាម​និង​ភាព​ធន់ (PREPARE) នឹង​ជួយ​ដល់​មនុស្ស​ជាង ៥០០ លាន​នាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​ប្រកាស​ផ្ដល់​ថវិកា​ជាង ១៥០ លាន​ដុល្លារ​អាមេរិក​សម្រាប់​បង់​ជា​មុន​នៅ​ក្នុង​គម្រោង​ផ្តួចផ្តើម​ដែល​គាំទ្រ​ជា​ពិសេស​ដល់​កិច្ច​ប្រឹងប្រែង​សម្រប​តាម​របស់​កម្មវិធី PREPARE នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កិច្ច​ប្រឹងប្រែង​សម្រប​តាម​នៅ​ទ្វីប​អាហ្វ្រិក (Adaptation in Africa) ផង​ដែរ ដែល​ប្រទេស​អេហ្ស៊ីប​និង​សហរដ្ឋ​អាមេរិក​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ»។

ក្នុង​ចំណោម​កម្មវិធី​ផ្សេងៗ​ទៀត សហរដ្ឋ​អាមេរិក​ក៏​បាន​គាំទ្រ​ផង​ដែរ​ដល់​កម្មវិធី Global Shield ដែល​ជា​គម្រោង​ផ្តួចផ្តើម​របស់​ក្រុម​ប្រទេស G-7 ដែល​មាន​គោល​បំណង​ការពារ​ប្រទេស​ងាយ​រងគ្រោះ​នានា​ពី​ការ​បាត់បង់​ពាក់ព័ន្ធ​នឹង​អាកាសធាតុ និង​ឆ្លើយតប​ទៅ​នឹង​ការ​ខូច​ខាត​ដែល​ពាក់ព័ន្ធ​នឹង​អាកាសធាតុ។

កម្មវិធី​មួយ​ទៀត​របស់​ក្រុម​ប្រទេស G-7 ដែល​មាន​ឈ្មោះ​ថា «ភាព​ជា​ដៃគូ​ដើម្បី​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​វិនិយោគ​សាកល (Partnership for Global Infrastructure and Investment)» មាន​បំណង​បំពេញ​តាម​តម្រូវការ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​បណ្ដា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​ធម្យម ដែល​ផ្ដោត​ជា​ពិសេស​លើ​រឿង​អាកាសធាតុ។

ភាព​ជា​ដៃ​គូ​រវាង​ក្រុមហ៊ុន​អាមេរិក​និង​រដ្ឋាភិបាល​អង់ហ្គោឡា​ដែល​បាន​វិនិយោគ​ទឹក​បា្រក់ ២ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​គម្រោង​ថាមពល​ព្រះអាទិត្យ​ថ្មីៗ​ក្នុង​ប្រទេស​អង់ហ្គោឡា​កំពុង​ដំណើរការ​រួច​ហើយ។

មួយ​វិញ​ទៀត គម្រោង Global Methane Pledge ដែល​ផ្តួចផ្តើម​ឡើង​ដោយ​លោក​ប្រធានាធិបតី Biden និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula Von der Leyen កាលពី​ឆ្នាំ​មុន មាន​បំណង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន។

លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «ប្រទេស​ជាង ១៣០ បាន​ចុះ​ហត្ថលេខា​លើ​ការ​ព្រមព្រៀង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ជាង​ពាក់​កណ្តាល​នៅ​លើ​ពិភពលោក។ ឧស្ម័ន​មេតាន​មាន​លក្ខណៈ ៨ ដង​ខ្លាំង​ជាង​ឧស្ម័ន​កាបូន និង​មាន​ចំនួន​ជិត​ពាក់​កណ្តាល​នៃ​ការ​ឡើង​កម្តៅ​ផែនដី​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ដូច្នះ​ការ​កាត់​បន្ថយ​ឧស្ម័ន​មេតាន​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣០% នៅ​ត្រឹម​ឆ្នាំ ២០៣០​ខាង​មុខ​គឺ​អាច​ជា​ឱកាស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​ការ​រក្សា​ការ​ឡើង​កម្តៅ​ផែនដី​ឱ្យ​នៅ​ត្រឹម ១,៥ អង្សាសេ»។

លោក​ប្រធានាធិបតី Biden បាន​បន្ថែម​ថា៖ «គ្រប់​គ្នា​ត្រូវតែ​រក្សា​ការ​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​យើង​នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ទសវត្សរ៍​ផ្ដាច់ព្រាត់​នេះ។ បញ្ហា​ដែល​យើង​ប្រឈម​មាន​ទំហំ​ធំធេង​ណាស់ ប៉ុន្តែ​សមត្ថភាព​របស់​យើង​គឺ​មាន​ធំ​ជាង​ការ​ប្រឈម​នេះ​ទៅ​ទៀត។ យើង​មិន​ត្រូវ​សង្ស័យ​ឡើយ​ពី​រឿង​នេះ»៕

XS
SM
MD
LG