តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
វិបត្តិមនុស្សធម៌ដែលកំពុងកើតមានក្នុងប្រទេសយេម៉ែន ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក ដែលមានប្រជាជន២០ លាននាក់ រួមទាំងកុមាររាប់លាននាក់ផងនោះ កំពុងត្រូវការជំនួយយ៉ាងខ្លាំង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានថ្លែងនៅក្នុងសន្និសីទម្ចាស់ជំនួយមួយក្នុងពេលថ្មីៗនេះថា៖ «សហរដ្ឋអាមេរិក ប្ដេជ្ញាធ្វើកិច្ចការដែលជាចំណែករបស់ខ្លួន»។
លោកបានថ្លែងទៀតថា៖ «ខ្ញុំមានក្ដីសោមនស្សរីករាយក្នុងការប្រកាសថា នឹងមានការផ្ដល់ជំនួយមនុស្សធម៌បន្ថែមទៀតជិត១៩១ លានដុល្លារពីសហរដ្ឋអាមេរិក ដែលធ្វើឲ្យថវិកាជំនួយរបស់យើងក្នុងឆ្នាំសារពើពន្ធ ២០២១នេះ កើនឡើងដល់ជាង៣៥០ លានដុល្លារ។ សរុបមកសហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាង៣ ពាន់ ៤ រយលានដុល្លារដល់ប្រជាជនយេម៉ែន ចាប់តាំងពីវិបត្តិក្នុងប្រទេសយេម៉ែន បានកើតឡើងតាំងពី ៦ឆ្នាំមុនមក»។
ថវិកាជំនួយនេះ គាំទ្រដល់បណ្ដាដៃគូរបស់សហរដ្ឋអាមេរិកក្នុងការចែកចាយនូវជំនួយចាំបាច់ ដែលរួមមានទាំងស្បៀងអាហារ ការការពារ ការអប់រំ ទីជម្រក ការថែទាំសុខភាព ទឹក អនាម័យ និងការបង្ការ និងការព្យាបាលការខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរផងដែរ។ ថវិកាជំនួយនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ជួសជុលប្រព័ន្ធទឹក ជួសជុលផ្លូវថ្នល់សំខាន់ៗ និងជួយដល់ប្រជាជនក្នុងការរកចំណូលផងដែរ។
នៅទីបំផុត មធ្យោបាយតែមួយគត់ក្នុងការបញ្ចប់វិបត្តិមនុស្សធម៌នៅក្នុងប្រទេសយេម៉ែន គឺត្រូវបញ្ចប់សង្គ្រាមនៅទីនោះ។ ហេតុដូច្នេះហើយបានជាសហរដ្ឋអាមេរិក កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួនក្នុងការនាំមកនូវសន្ដិភាពមកវិញ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «យើងប្ដេជ្ញានឹងយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជនយេម៉ែនជាធំនៅក្នុងគោលនយោបាយរបស់យើង ខណៈបន្ដដាក់សម្ពាធទៅលើបណ្ដាមេដឹកនាំក្រុម Ansarallah ដែលក៏ត្រូវបានគេស្គាល់ថា ជាក្រុម Houthis ដែរនោះ។ យើងអំពាវនាវឲ្យក្រុម Houthis បញ្ឈប់ការវាយប្រហារឆ្លងព្រំដែន និងប្រតិបត្តិការការពាររបស់ពួកគេ ដែលបានអូសបន្លាយសង្គ្រាមនេះ។ យើងគាំទ្រដល់ដំណើរការដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងបេសកជនពិសេសអង្គការសហប្រជាជាតិ លោក Martin Griffiths នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្កើតបទឈប់បាញ់ បង្កើនការទទួលបានជំនួយមនុស្សធម៌ និងចាប់ផ្ដើមកិច្ចប្រជុំឡើងវិញដើម្បីឈានដល់សន្ដិភាព»។
លោក Tim Lenderking បេសកជនពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត និងយេម៉ែន មានការប្ដេជ្ញាក្នុងការស្វែងរកដំណោះស្រាយមួយចំពោះជម្លោះមួយនេះ។ ឥឡូវនេះ ក្រុម Houthis ត្រូវតែបង្ហាញនូវការប្ដេជ្ញាដូចគ្នានេះដែរ។ សហរដ្ឋអាមេរិក អំពាវនាវដល់ក្រុម Houthis ឲ្យបញ្ឈប់នូវការវាយប្រហាររបស់ពួកគេទៅលើទីក្រុង Marib ដែលមានប្រជាជនប្ដូរទីជម្រកក្នុងប្រទេសមួយលាននាក់រស់នៅទីនោះ និងអំពាវនាវឲ្យក្រុមនេះចាត់វិធានការសំខាន់ៗនានាដើម្បីឈានដល់សន្ដិភាព។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «យើងសង្ឃឹមថា នឹងមានកិច្ចប្រជុំសន្ដិភាពឡើងវិញយ៉ាងឆាប់រហ័ស ដែលមានគោលបំណងបញ្ចប់ជម្លោះនេះ»។
លោកបានថ្លែងបន្ថែមទៀតថា៖ «ក្នុងពេលឥឡូវនេះ គឺត្រូវជំរុញរឿងនេះ និងបង្កើតឲ្យមានស្ថិរភាព និងវិបុលភាពជាងមុនសម្រាប់ប្រទេសយេម៉ែន ដែលពលរដ្ឋនឹងអាចកសាងជីវិតរបស់ពួកគេឡើងវិញ ហើយនៅទីបំផុត ពួកគេនឹងមានសង្ឃឹមថា អាចនឹងមានអនាគតល្អប្រសើរជាងមុនមួយ»៕