Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង​អូស្ត្រាលី បង្កើត​ភាពជា​ដៃគូ​សន្តិសុខ​ថ្មី


ទង់ជាតិ​នៃ​ប្រទេស​អូស្ត្រាលី អង់គ្លេស និង​អាមេរិក និង​អក្សរ «AUKUS» ដែល​ជា​អក្សរកាត់​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ថ្មី​មួយ​ផ្នែក​សន្តិសុខ​ត្រីភាគី​រវាង​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​ជាមួយ​អូស្រ្តាលី។
ទង់ជាតិ​នៃ​ប្រទេស​អូស្ត្រាលី អង់គ្លេស និង​អាមេរិក និង​អក្សរ «AUKUS» ដែល​ជា​អក្សរកាត់​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ថ្មី​មួយ​ផ្នែក​សន្តិសុខ​ត្រីភាគី​រវាង​សហរដ្ឋ​អាមេរិក និង​អង់គ្លេស​ជាមួយ​អូស្រ្តាលី។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក រួម​ជាមួយ​ប្រទេស​អូស្ត្រាលី​និង​ចក្រភព​អង់គ្លេស​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​ខ្លួន បាន​ប្រកាស​នូវ​ភាព​ជា​ដៃគូ​ថ្មី​មួយ​ផ្នែក​សន្តិសុខ​ត្រីភាគី ដែល​គេ​ស្គាល់​ថា AUKUS។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​ គឺជា​ដៃគូ​ដ៏​ស្មោះត្រង់​ និង​មាន​សមត្ថភាព​ជា​យូរ​មក​ហើយ ហើយ​នៅ​ពេល​នេះ យើង​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា​បន្ថែម​ទៀត»។

លោក Biden មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «យើង​កំពុង​បោះ​ជំហាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ដើម្បី​ពង្រឹង ​និង​បង្កើត​ជា​ផ្លូវការ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​របស់​យើង​ទាំង ៣ ដោយសារតែ​យើង​ទាំង​អស់​គ្នា​ទទួលស្គាល់​នូវ​ភាព​ចាំបាច់​នៃ​ការ​ធានា​ឲ្យ​មាន​សន្តិភាព ​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific) នៅ​ក្នុង​រយៈពេល​វែង...និង​ដោយសារតែ​អនាគត​នៃ​ប្រទេស​របស់​យើង​នីមួយៗ ក៏​ដូចជា​ពិភពលោក​ផងដែរ ពឹងផ្អែក​លើ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ​មួយ ដែល​មាន​ភាព​ស្ថិតស្ថេរ​ និង​រីក​ចម្រើន​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ទស្សវត្សរ៍​ខាង​មុខ»។

លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង AUKUS គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​របស់​សហរដ្ឋ​អាមេរិក​ក្នុង​គោល​បំណង​ទប់ទល់​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នឹង​ការ​គំរាមកំហែង​នៅ​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត។

លោក Biden លើកឡើង​ដូច្នេះ​ថា៖ «កិច្ច​ព្រមព្រៀង​នេះ​ គឺ​ជា​ការ​ភ្ជាប់​សម្ព័ន្ធមិត្ត​ និង​ដៃគូ​ដែល​មាន​ស្រាប់​របស់​សហរដ្ឋ​អាមេរិក​តាម​វិធី​ថ្មី និង​ជា​ការ​ពង្រឹង​សមត្ថភាព​របស់​ពួក​យើង​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដោយ​ទទួល​ស្គាល់​ថា គ្មាន​ការ​បែងចែក​ណា​មួយ​នៅ​ក្នុង​តំបន់​ដែល​អាច​កាត់ផ្ដាច់​ផល​ប្រយោជន៍​របស់​ដៃគូ​យើង​នៅ​ក្នុង​តំបន់​មហា​សមុទ្រ​អាត្លង់ទិក​ និង​តំបន់​មហា​សមុទ្រ​ប៉ាស៊ិហ្វិក​នោះ​ឡើយ»។

លោក​ប្រធានាធិបតី Biden បាន​ពន្យល់​ថា កិច្ច​ព្រមព្រៀង AUKUS នេះ «គឺ​ផ្ដោត​លើ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រទេស​របស់​យើង​នីមួយៗ​មាន...សមត្ថភាព​ទំនើប​បំផុត​...​ដើម្បីចាត់​វិធានការ​ និង​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដែល​កំពុង​វិវត្ត​យ៉ាង​ឆាប់​រហ័ស»។

លោក Biden បញ្ជាក់​ដូច្នេះ​ថា៖ «កិច្ច​ព្រមព្រៀង AUKUS នឹង​អនុញ្ញាត​ឲ្យ​ទាហាន​ជើង​ទឹក​របស់​យើង អ្នក​វិទ្យាសាស្ត្រ​របស់​យើង និង​ឧស្សាហកម្ម​នានា​របស់​យើង​ចូលរួម​ជាមួយ​គ្នា ដើម្បី​រក្សានិង​ពង្រីក​សមត្ថភាព​របស់​យើង​ខាង​ផ្នែក​យោធា​ និង​ផ្នែក​បច្ចេកវិទ្យា​សំខាន់ៗ​នានា​ដូចជា​ បច្ចេកវិទ្យា​ផ្នែក​អ៊ីនធឺណិត បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) បច្ចេកវិទ្យា​កង់ទិក (Quantum Technologies) និង​វិស័យ​ក្រោម​សមុទ្រ (Undersea Domains) ជាដើម»។

គម្រោង​សំខាន់​មួយ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង AUKUS នេះ នឹង​កំណត់​មាគ៌ា​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឲ្យ​ប្រទេស​អូស្ត្រាលី​អាច​ទទួល​បាន​នាវា​មុជ​ទឹក​បំពាក់​អាវុធ​ធម្មតា​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ សម្រាប់​ទាហាន​ជើង​ទឹក​របស់​ខ្លួន។

លោក​ប្រធានាធិបតី Biden បាន​សង្កត់ធ្ងន់​ថា៖ «យើង​ទាំង​អស់​គ្នា​ នឹង​ខិតខំ​ប្រឹងប្រែង​តាម​វិធី​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​ជា​អ្នក​ដឹកនាំ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ការ​ធ្វើ​មិន​ឲ្យ​មាន​ការ​រីក​សាយភាយ​អាវុធ​នៅ​លើ​ពិភពលោក ​និង​ស្ដង់ដារ​ផ្ទៀងផ្ទាត់​ដ៏​ហ្មត់ចត់ ដោយ​សហការ​និង​ប្រឹក្សា​ជាមួយ​នឹង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA)»។

អស់​រយៈពេល​ជាង ៧០ ឆ្នាំ​មក​ហើយ ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក បាន​ធ្វើការ​ជាមួយ​គ្នា រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​ផ្សេង​ទៀត ដើម្បី​ការពារ​គុណតម្លៃ​រួម​ និង​លើក​កម្ពស់​សន្តិសុខ​និង​វិបុលភាព។

ការ​បង្កើត​កិច្ច​ព្រមព្រៀង AUKUS នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោល​បំណង​ទាំង​នេះ ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕

XS
SM
MD
LG