បទវិចារណកថា៖ កសាង​សន្តិសុខ​ស្បៀង​អាហារ​សម្រាប់​ពេល​អនាគត

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​នៅក្នុង​ពិធី Vision for Adapted Crops and Soils: Global Solutions for Food Security Event។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ឧបសគ្គ​មួយ​ក្នុង​បណ្តា​ឧបសគ្គធំៗ​ដែល​ពិភពលោកប្រឈម​នៅពេល​សព្វថ្ងៃ​នេះគឺវិបត្តិ​ស្បៀង​អាហារ​សាកល។ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​និយាយ​ថា៖​ «ភាព​មានអាសន្ននេះ​បាននាំ​ឱ្យ​មនុស្ស​៧០០​លាន​នាក់ខ្វះ​អាហារូបត្ថម្ភ។​ យើង​កំពុង​ធ្វើការ​ក្នុង​រដ្ឋាភិបាលរបស់​យើង​ដើម្បី​ព្យាយាម​...​សម្រាលផលប៉ះពាល់​នៃវិបត្តិ​ជា​បន្ទាន់​នេះ​ដែល​យើង​ប្រឈម‍»។

លោក​ Blinken ​បាន​ថ្លែង​ថា៖​ «រហូត​មកដល់​ពេល​នេះ ​សហរដ្ឋ​អាមេរិក​ជាប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​ឱ្យ​ដល់​កម្មវិធីស្បៀង​អាហារ​ពិភពលោក។ យើង​ផ្តល់​ប្រមាណ​៥០​ភាគរយ​នៃ​ថវិការបស់​កម្មវិធីស្បៀងអាហារ​ពិភពលោកជា​រៀង​រាល់​ឆ្នាំ។ ខ្ញុំកត់សម្គាល់​ថា មាន​ប្រទេស​ធំៗ​ឯទៀតៗដែល​ជាញឹកញយ​ត្រូវ​បាន​គេ​ផ្សាយ​ជា​ខ្លាំង ​ប៉ុន្តែ​ផ្តល់​ជំនួយ​តិច​ជាង១​ភាគរយនៃ​ថវិកា​ជាតិ​ខ្លួន‍‍»។

លោករដ្ឋមន្ត្រី Blinken បាន​និយាយ​ថា​ តែ‍«ទោះជា​យើងផ្តោត​លើ​សេចក្តី​ត្រូវការ​ក្នុងរយៈពេល​ខ្លីទាំងនោះ​ក៏ដោយ ​ក៏​យើង​មិន​អាច​មើល​មិន​ឃើញ​ឧបសគ្គ​ជាមូលដ្ឋាន​ក្នុង​ពេល​ប៉ុន្មានទសវត្សរ៍​ខាងមុខ​នេះ​ទេ-​គឺ​ការចិញ្ចឹម​មនុស្សច្រើន​ជាងមុន​នៅ​ក្នុងពិភពលោក​ដែល​នៅក្នុង​នោះ​ការដាំ​ដំណាំ​ស្បៀង​អាហារ​មាន​ការពិបាក​ជាងមុន​កាន់តែ​ខ្លាំង​ឡើងៗ‍»។

លោក​រដ្ឋមន្ត្រី​ Blinken បាន​ថ្លែង​ថា​ ​ជា​ការពិត​ សេចក្តី​ត្រូវការ​ស្បៀង​អាហារនឹង​កើន​ឡើង​៥០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ២០៥០។

លោកបាននិយាយថា៖ «លោក​ប្រធានាធិបតី Biden បាននិយាយ​ច្រើន​អំពី​អ្វីដែល​លោកហៅ​ថា ចំណុច​នៃ​ការ​វិលត្រឡប់។ នេះ​ជា​អ្វី​ដែលកើត​មាន​ឡើង​រៀងរាល់​៦​ ឬ​៧​ជំនាន់ ​ហើយអ្វី​ដែល​មាន​ន័យ​នោះ​គឺ​ថា ​ជា​ការ​ផ្លាស់ប្តូរ​នៅ​ក្នុងបរិដ្ឋាន​អន្តរជាតិ​នៅ​ពេល​នេះ​មាន​សារៈសំខាន់​ខ្លាំងដែលសេចក្តី​សម្រេច​ដែល​យើង​និង​ប្រទេសឯទៀតៗធ្វើនៅ​ថ្ងៃ​នេះ​នឹង​ចាត់ចែង​អំពី​អនាគត​មិនមែនសម្រាប់​តែ​ពីរបី​ឆ្នាំ​ខាងមុខ​ប៉ុណ្ណោះ​ទេ​តែ​សម្រាប់​ពេល​ច្រើន​ទសវត្សរ៍​ខាងមុខ​ទៀត​ដែរ។ ហើយ​នេះជា​ពេលវេលាដែល​មាន​តែ​ម្តងក្នុង​ពេល​រៀងរាល់​៦ ឬ៧​ជំនាន់​តែ​ប៉ុណ្ណោះ‍»។​

មាន​ការសង្ស័យ​តែ​បន្តិច​បន្តួច​ថា សន្តិសុខ​ស្បៀង​ក្នុង​ពេល​អនាគត​អាស្រ័យ​លើ​ដីមាន​ជីជាតិ​និង​ដំណាំ​ដែល​សម្របសម្រួល​តាម​ការប្រែប្រួល​អាកាសធាតុ។ លោក​រដ្ឋមន្ត្រី Blinken ​បាន​និយាយ​ថា៖​ «ដូច្នេះ ​កាលពី​ខែកុម្ភៈ​ឆ្នាំ​នេះ ​សហរដ្ឋ​អាមេរិក ​សហភាព​អាហ្វ្រិក ​អង្គការ​ស្បៀង​អាហារនិង​កសិកម្មបាន​ជួប​ជុំ​គ្នា​និងបាន​ចាប់ផ្តើម​អ្វីដែល​យើង​ហៅ​ថា​ ទស្សនៈ​វិស័យ​សម្រាប់​ដំណាំសម្របសម្រួល​និង​ដី​ ឬ ​VACS‍»។​

លោក Blinken បានថ្លែង​ថា៖ «សហរដ្ឋ​អាមេរិកសន្យា​ផ្តល់​ប្រាក់​ចំនួន​១០០​លានដុល្លារ​ឱ្យ VACS ​គឺ​ចំនួន​៣០​លាន​ដុល្លារសម្រាប់​សម្របសម្រួល​ដំណាំ​និង​ចំនួន​៧០​លាន​ដុល្លារសម្រាប់​ពង្រឹងស្ថានភាព​ដី។ ហើយ​ដោយ​ធ្វើការតាម​រយៈ​មូលនិធិអន្តរជាតិសម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម​-IFAD-យើងក៏​បាន​បង្កើត​កម្មវិធី​ផ្តល់ប្រាក់​ពីអង្គការ​ផ្តល់​ជំនួយ​ច្រើន​ដើម្បី​ជួយ​ផ្តល់​ប្រាក់កាសសម្រាប់​គ្រាប់ពូជល្អជាងមុន​និង​ដី​មាន​គុណភាព​ជាង​មុនផង​ដែរ‍»។

លោក​រដ្ឋមន្ត្រី​ Blinken ​បាន​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មានមោទនភាពណាស់​អំពី​ការពិត​ជាក់ស្តែងដែល​ថា សហរដ្ឋ​អាមេរិកជាអ្នកផ្តើម​មួយនៃ​ការផ្តល់​ជំនួយ​នេះ​ ហើយ​ខ្ញុំ​មាន​សំណើ​សុំ​ងាយស្រួល​មួយដល់​លោក​អ្នកនៅ​យប់​នេះ​ថា ​សូម​ចូល​រួម​ជាមួយ​យើងធ្វើ​វិនិយោគ​នេះ​ក្នុង​អនាគត​រួមគ្នារបស់​យើង។ ​ខ្ញុំ​យល់​ថា ​យើង​មាន​ឱកាស​ខ្លាំង​មួយដើម្បី​ធ្វើឱ្យ​មាន​ភាពខុសគ្នា​ខ្លាំង​សម្រាប់​កសាងទសវត្សរ៍​ខាងមុខ​ដោយ​ចាប់ផ្តើម​ពី​ពេល​នេះ​ទៅ‍»៕