តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
អ្នកតំណាងបម្រុងរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បាននិយាយថា នៅឆ្នាំនេះជនស៊ីវិលរាប់សែននាក់នៅជុំវិញពិភពលោកត្រូវបានសម្លាប់ ឬរងគ្រោះថ្នាក់នៅក្នុងជម្លោះប្រដាប់អាវុធ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រតិបត្តិការជាច្រើនរបស់កងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់មានជម្លោះ។ លោកឯកអគ្គរដ្ឋទូត Wood បាននិយាយថា បេសកកម្មថែរក្សាស្ថិរភាពពហុភាគីរួមបញ្ចូលគ្នារបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ឬ MINUSCA គឺជាករណីនៃឧទាហរណ៍មួយ។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយថា៖ «អស់រយៈពេលជិតមួយទសវត្សរ៍មកហើយ បេសកកម្មនេះបានធ្វើការដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពនៅទូទាំងសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល ដោយរារាំងមិនឱ្យមានអំពើហិង្សាដោយក្រុមប្រដាប់អាវុធ សម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព គាំទ្រដំណើរ ការសន្តិភាព និងការលើកកម្ពស់ការរំសាយអាវុធ ការចល័តទ័ព និងធ្វើសមាហរណកម្មឡើងវិញ»។
ដូចគ្នានេះដែរ កងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឬ MONUSCO ផ្តល់អាទិភាពដល់ការការពារជនស៊ីវិល រួមទាំងការគាំទ្រដល់សុវត្ថិភាពនៃជនភៀសខ្លួននៅក្នុងប្រទេសផងដែរ។ MONUSCO ការពារទីក្រុង Goma និងតំបន់ជុំវិញពីក្រុមប្រដាប់អាវុធ M23 និងធានាការបន្តផ្តល់ជំនួយដល់ជនភៀសខ្លួននៅក្នុងប្រទេស។
ត្រឹមតែមួយខែឧសភាកន្លងទៅនេះ បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ូដង់ខាងត្បូង ឬ UNMISS បានធ្វើការល្បាតទាំងយប់ទាំងថ្ងៃនៅទីក្រុង Tambura រដ្ឋ Equatoria ខាងលិច បន្ទាប់ពីមានការផ្ទុះឡើងនៃអំពើហិង្សាអន្តរសហគមន៍ដែលបាននាំឱ្យមានតម្រូវការដើម្បីការពារជនភៀសខ្លួនថ្មីនៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
លោកឯកអគ្គរដ្ឋទូត Wood បានកត់សម្គាល់ថា ការថែរក្សាសន្តិភាពមិនមែនគ្មានគ្រោះថ្នាក់នោះទេ។
លោកឯកអគ្គរដ្ឋទូត Wood បានមានប្រសាសន៍ថា៖ «នៅក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាអន្តរសហគមន៍នៅចុងខែមករានៅតំបន់ Abyei ដែលជាតំបន់នៅជាប់ព្រំដែនរវាងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូងនោះ បាននាំឱ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត កងថែរក្សាសន្តិភាពពីរនាក់ ជនជាតិហ្គាណាម្នាក់ និងជនជាតិប៉ាគីស្ថានម្នាក់បានបាត់បង់ជីវិត និងកងសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិមួយចំនួនទៀតសម្រាប់ការពារបុគ្គលិកនៅតំបន់ Abyei បានរងរបួស»។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយថា ទាក់ទងនឹងប្រទេសហៃទី និងស៊ូដង់ សហគមន៍អន្តរជាតិកំពុងព្យាយាមរកវិធីថ្មីដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានជាយូរមកហើយទាំងនេះ។
លោកឯកអគ្គរដ្ឋទូត Wood បានថ្លែងទៀតថា៖ «នៅចំពោះមុខបញ្ហាអស្ថិរភាព និងអំពើហិង្សាដ៏សាហាវនៅក្នុងប្រទេសហៃទី ក្រុមប្រឹក្សាសន្តិសុខបានរួមគ្នាផ្តល់សិទ្ធិដល់បេសកកម្មគាំទ្រសន្តិសុខពហុជាតិ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ប្រទេសកេនយ៉ា ដែលអាចនឹងដាក់ពង្រាយកងទ័ពក្នុងពេលឆាប់ៗនេះ។ នៅទីក្រុង Darfur កាលពី២០ ឆ្នាំមុន អង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិកបានធ្វើការរួមគ្នាដើម្បីការពារជនស៊ីវិលតាមរយៈបេសកកម្មរបស់អង្គការសហប្រជាជាតិ-អាហ្វ្រិកនៅ ទីក្រុង Darfur ឬ UNAMID»។
លោកឯកអគ្គរដ្ឋទូត Wood បានប្រកាសថា៖ «ការការពារជនស៊ីវិលជាកាតព្វកិច្ចសីលធម៌របស់មនុស្សទាំងអស់ និងជាមូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ។ វាជាកាតព្វកិច្ចរបស់យើងក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សានេះ ដើម្បីគាំទ្រដល់ការការពារជនស៊ីវិល នៅពេលដែលយើងខិតខំឆ្ពោះទៅរកពិភពលោកមួយដែលមានសន្តិ ភាព និងសុវត្ថិភាពជាងមុន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ»៕