Accessibility links

Breaking News

បទវិចារណកថា៖ មិន​ទាន់​ដល់​ពេល​ក្រុម​អ្នកថែរក្សា​សន្តិភាព​អ.ស.ប.​ចាកចេញ​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ទេ


រូបឯកសារ៖ កងរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ដើរ​ល្បាត​ឆ្ពោះ​ទៅ​ជំរំ​សម្រាប់​ជន​ចាកចោល​លំនៅដ្ឋាន​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។
រូបឯកសារ៖ កងរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ដើរ​ល្បាត​ឆ្ពោះ​ទៅ​ជំរំ​សម្រាប់​ជន​ចាកចោល​លំនៅដ្ឋាន​នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុងការប្រជុំ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.អំពី​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ ​លោកស្រី Martha Pobee ឧបការី​អគ្គលេខាធិការ​អ.ស.ប.​សម្រាប់​ទ្វីប​អាហ្វ្រិក​បានព្រមានថា​ ស្ថានភាព​សន្តិសុខនៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (DRC)​ ធ្ងន់ធ្ងរ​ជាងមុន។ ​កាលពី​ប៉ុន្មានខែមុននេះ​ មនុស្សរាប់រយ​នាក់​ត្រូវបាន​សម្លាប់​ដោយ​ក្រុមប្រដាប់​អាវុធ។​

លោកស្រី Pobee បាន​និយាយ​ថា​ កងកម្លាំង​ថែរក្សា​សន្តិភាព​អ.ស.ប.​ MONUSCO បន្ត​«ធ្វើ​អ្វីៗទាំងអស់​ដែលអាចធ្វើ​បានដើម្បី​បំពេញ​តាម​អាណត្តិ​របស់ខ្លួន​ក្នុង​ការការពារជន​ស៊ីវិល»។​ បេសកកម្ម​ MONUSCO បានស្ថិតនៅក្នុង​សាធារណរដ្ឋ DRC ​តាំងពី​ឆ្នាំ ១៩៩៩ ​មក ហើយ​អាណត្តិ​របស់កងកម្លាំង នេះ​ត្រូវ​បន្តមួយ​ឆ្នាំ​ទៀតកាលពី​ខែធ្នូ​ឆ្នាំមុន​ដោយ​មាន​គោលដៅ​នឹង​ដក​កងកម្លាំង​នេះ​ពី​សាធារណរដ្ឋ DRC​ បន្ទាប់​ពី​នេះ។ តែយ៉ាងណា​ក៏​ដោយ​ ក៏​កាលពី​ប៉ុន្មាន​ខែថ្មីៗ​នេះ​ រដ្ឋាភិបាល​សាធារណរដ្ឋ​ DRC បាន​បង្កើនការអំពាវនាវឱ្យ​បេសកកម្ម​ MONUSCO ​ដក​ចេញ​ពី​ប្រទេស​នេះ​នៅក្រោយ​ការបោះឆ្នោត​ដែល​គ្រោងនឹង​ធ្វើ​នៅខែ​ធ្នូ​ ឆ្នាំ​២០២៣។​

អ្នក​តំណាង​ស្តីទី​ស.រ.អ.​សម្រាប់កិច្ចការនយោបាយ​ពិសេស​នៅ​អ.ស.ប.​លោក Robert Wood បាន​សម្តែង​កង្វល់អំពីការអំពាវនាវ​ទាំង​នោះ។

លោក Robert Wood បាន​និយាយថា «MONUSCO មិន​អាច-និងមិនគួរ-ស្ថិត​នៅក្នុង​សាធារណរដ្ឋ DRC​ រហូត​ទេ។ តែមាន​ការ​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ DRC មិនបាន​បំពេញ​តាមស្តង់ដារដែល​ខ្លួនបានយល់ព្រមតាម​លក្ខខណ្ឌ​អប្បបរិមាសម្រាប់​ឱ្យ​ MONUSCO ដកថយមិន​ហួសពី​ដំណាច់​ឆ្នាំ២០២៣​ឡើយ។

លោក Wood ​បាន​ថ្លែងថា៖​ «ការដក​ថយរបស់ MONUSCO ​ដោយឆាប់រហ័ស​ទំនង​ជា​នឹងនាំឱ្យមានអសន្តិសុខដែល​អាជ្ញាធរ​រដ្ឋ​មិន​អាច​បំពេញ​បាន ​ដោយមាន​ផល​ប៉ះពាល់​ដល់​ប្រជារាស្ត្រដែល​អាច​រងគ្រោះបំផុត»។

លោក​ឯកអគ្គរដ្ឋទូត Wood ​បាន​កត់សម្គាល់​ថា​ វិបត្តិ​មនុស្សធម៌​ក៏​អាក្រក់​ជាងមុនដោយសារ​អំពើ​ហិង្សា​មាន​ត​ទៅ​ទៀត «នាំ​ឱ្យមាន​ជន​ចាកចោល​លំនៅដ្ឋាននៅក្នុង​ប្រទេស ១​ លាន​នាក់ ​កំណើន​អំពី​ហិង្សា​ផ្អែក​លើ​យេនឌ័រ​ មានរួម​អំពើហិង្សា​ទាក់ទិននឹង​ជម្លោះ​ខាង​យេនឌ័រ​ និង​ការរង​ទុក្ខវេទនាយ៉ាង​ខ្លាំង​របស់​មនុស្ស»។

លោក Wood បានថ្លែង​ថា៖ ​«ដើម្បី​ដោះស្រាយស្ថានភាពអាសន្ន​បែប​នេះ ​សាធារណរដ្ឋ ​DRC និងបណ្តា​ប្រទេស​នៃ​តំបន់​មហា​ទន្លេ (Great Lakes) ​ត្រូវការ​មាន​ឆន្ទៈ​នយោបាយ ​ការ​ប្តេជ្ញា​ធ្វើការ​សន្ទនា​គ្នា​ និង​ចំណង់​ធ្វើ​សេចក្តី​សម្រេច​ពិបាកៗ​និង​ធ្វើ​កំណែ​ទម្រង់​ដែលចាំបាច់​ជា​ច្រើន។ ពួកគេ​ក៏ត្រូវការកងកម្លាំង MONUSCO ​ដែរ»។

លោក​ឯកអគ្គរដ្ឋទូត Wood ​បាន​គូសបញ្ជាក់​ថា ស.រ.អ.​ប្តេជ្ញាធ្វើឱ្យ​ប្រាកដ​ប្រជា​ថា ​កងកម្លាំង​ MONUSCO អាចបំពេញ​តាម​អាណត្តិរបស់ខ្លួន​ក្នុង​ការ​ការពារ​ជន​ស៊ីវិល​និងជួយ​សាធារណរដ្ឋ ​DRC ​ពង្រឹង​អភិបាល​កិច្ចសំខាន់ ​យុត្តិធម៌​ និង​ស្ថាប័ន​សន្តិសុខ។ លោកឯកអគ្គរដ្ឋទូត Wood ​បាន​និយាយថា៖ ​«​ដើម្បី​ធ្វើឱ្យ​បេសកកម្ម​នេះ​មាន​ជោគជ័យ ​វាសក្តិសម​មាន​ការគាំទ្រ​របស់​ក្រុម​ប្រឹក្សា​នេះ ​និង​ការគាំទ្ររបស់​រដ្ឋាភិបាលសាធារណរដ្ឋ ​DRC ​ផង​ដែរ។ ប្រជារាស្ត្រ​សាធារណរដ្ឋ ​DRC​ សក្តិសម​ទទួល​បាន​សន្តិភាព។ ស.រ.អ.​ឈរ​ជាមួយ​ប្រជារាស្ត្រ​នេះក្នុងការស្វែង​រក​អនាគតមួយ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន»៕

XS
SM
MD
LG