តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអា មេរិក
សហរដ្ឋអាមេរិក គាំទ្រសកម្មភាពរបស់សហគមន៍សេដ្ឋកិច្ចពួករដ្ឋក្នុងប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកហៅ ECOWAS នៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពក្នុងប្រទេសម៉ាលី។
នៅក្នុងសន្និសីទកំពូលពិសេសមួយកាលពីថ្ងៃទី ៩ ខែមករា ប្លុកដែលមានប្រទេស ១៥ ជាសមាជិក បានដាក់ទណ្ឌកម្មបន្ថែមលើប្រទេសម៉ាលី ដោយសារមានការពន្យារពេលច្រើនឆ្នាំនៃការបោះឆ្នោតដែលត្រូវបានស្នើដោយពួកមេដឹកនាំយោធារបស់ប្រទេសនេះ។ ការដាក់ទណ្ឌកម្មទាំងនេះ មានរួមបញ្ចូលការផ្អាកសកម្មភាពហិរញ្ញវត្ថុមិនចាំបាច់ បិទព្រំដែនគោក និងអាកាសរបស់សមាជិក ECOWAS ជាមួយម៉ាលីនិងកោះហៅឯកអគ្គរដ្ឋទូតពួកគេពីនៅក្នុងរដ្ឋធានីបាម៉ាកូ។
ពួកមេដឹកនាំយោធាបច្ចុប្បន្ននៃប្រទេសម៉ាលីដឹកនាំដោយ Assimi Goita បានកាន់អំណាចនៅក្រោយរដ្ឋប្រហារមួយកាលពីខែសីហា ២០២០ ដែលបានទម្លាក់ប្រធានាធិបតីម៉ាលីលោក Ibrahim Keita។ កាលពីខែឧសភា ឆ្នាំ២០២១ លោក Goita បានទម្លាក់ប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសម៉ាលីចេញពីអំណាច ហើយបានកាន់តំណែងប្រធានាធិបតីដោយខ្លួនឯង។ ដំបូងឡើយ រដ្ឋាភិបាលបណ្តោះអាសន្នម៉ាលីបានសន្យាថា នឹងធ្វើការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២២។ នៅខែធ្នូ ពួកមេដឹកនាំ បានស្នើពន្យារពេលការបោះឆ្នោតរហូតដល់ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍មួយដើម្បីប្រកាសការដាក់ទណ្ឌកម្មថ្មីៗ ពួកមេដឹកនាំ ECOWAS បានហៅការកំណត់ពេលថ្មីនៃការបោះឆ្នោតថា «មិនអាចទទួលយកបានទេ»។ ពួកគេបានគូសបញ្ជាក់ថា ពួកគេបានដាក់ទណ្ឌកម្មដើម្បីសម្រួលឱ្យមានការវិលត្រឡប់ទៅ កាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ។
សហភាពអឺរ៉ុប ប្រទេសបារាំង និងចក្រភពអង់គ្លេស បានស្ថិតក្នុងចំណោមប្រទេសក្នុងសហគមន៍អន្តរជាតិដែលបានរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងការគាំទ្រសកម្មភាពរបស់អង្គការ ECOWAS។
ថ្លែងទៅកាន់ការប្រជុំមួយកាលពីពេលថ្មីៗនេះ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា «យើងស្រងាកចិត្តខ្លាំងដូចអង្គការ ECOWAS ដែរ ជាមួយការគ្មានឆន្ទៈនយោបាយរបស់រដ្ឋាភិបាលអន្តរកាលម៉ាលីដើម្បីធ្វើឱ្យមានការជឿនលឿនឆ្ពោះទៅកាន់ការចាត់ចែងការបោះឆ្នោត ដូចដែលខ្លួនបានសន្យាថា នឹងធ្វើនៅក្រោយរដ្ឋប្រហារកាលពីខែសីហា ឆ្នាំ២០២០។ យើងសុំដល់រដ្ឋាភិបាលអន្តរកាលឱ្យរក្សាការសន្យារបស់ខ្លួនដល់ប្រជារាស្ត្រម៉ាលីក្នុងការធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសពួកគេ។ នេះ ជាអ្វីដែលប្រជារាស្ត្រម៉ាលីសុំឱ្យមាន នេះ ជាអ្វីដែលពួកគេចង់បាន នេះ ជាអ្វីដែលពួកគេសក្តិសមនឹងមាន។ អន្តរកាល ៥ ឆ្នាំ មិនផ្តល់ផលប្រយោជន៍ដល់ពួកគេទេ ហើយបន្តការឈឺចាប់របស់ប្រជារាស្ត្រតទៅទៀត»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas Greenfield ក៏បានសម្តែងនូវការស្តាយអំពី«ស្ថានភាពសន្តិសុខមិននឹងនរជាងមុន»នៅម៉ាលី។ លោកស្រីបានព្រមានថា ផលប៉ះពាល់នាំឱ្យមានអស្ថិរភាពដោយកងកម្លាំងក្រុម Wagner គាំទ្រដោយរុស្ស៊ីជាមួយទម្រង់នៃការរំលោភលើសិទ្ធិមនុស្សរបស់ពួកគេ ដាក់ឱ្យមានគ្រោះថ្នាក់ដល់ក្រុមអ្នកថែរក្សាសន្តិភាព MINUSMA និងដល់ប្រជារាស្ត្រម៉ាលីផងដែរ។
ថ្លែងផ្ទាល់ទៅកាន់លោក Issa Konfourou ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា «គោលដៅរបស់យើង គឺធ្វើការជាមួយលោក ចូរយើងធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យមានស្ថិរភាពដល់ប្រទេសម៉ាលី និងប្រជារាស្ត្រប្រទេសនេះ ព្រមទាំងយកប្រទេសម៉ាលីឱ្យចូលក្នុងសហគមន៍ប្រទេសជាតិដែលម៉ាលីមានកន្លែងនៅទីនោះ»៕