តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្រសួងការបរទេសស.រ.អ. បានចេញផ្សាយរបាយការណ៍ស្តីពីភេរវកម្មក្នុងឆ្នាំ២០២០ហៅ CRT ដែលចែងអំពីជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មព្រមទាំង ការគំរាមកំហែងថ្មីៗ និងការគំរាមកំហែងកំពុងមានដោយអង្គការភេរវកម្ម។ ឧបសម្ព័ន្ធនៃព័ត៌មានស្ថិតិបង្ហាញថា ចំនួននៃការវាយប្រហារភេរវកម្ម និងចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារទាំងនោះ បានកើនឡើងជាង១០ភាគរយក្នុងឆ្នាំ២០២០ បើប្រៀបធៀបជាមួយឆ្នាំ២០១៩។
កាលពីឆ្នាំទៅមិញ ការគំរាមកំហែងភេរវកម្ម បានកើតមានឡើងនៅកន្លែងផ្សេងគ្នានៅក្នុងតំបន់នានានៅទូទាំងពិភពលោក។ ស.រ.អ. បានឆ្លើយតបនឹងការគំរាមកំហែងទាំងនេះ ដោយមានរួមបញ្ចូលការពង្រីកក្រុមចម្រុះសាកលដើម្បីយកជ័យជម្នះលើពួក ISIS ដែលនៅពេលនេះ មានសមាជិក៨៤។
ក្រុមចម្រុះដើម្បីយកជ័យជម្នះលើពួក ISIS ធ្វើការដើម្បីពង្រឹងសមិទ្ធិផលក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី និងពង្រីកកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការគំរាមកំហែងខ្លាំងជាងមុនដោយពួក ISIS នៅផ្នែកខាងលិចនៃទ្វីបអាហ្វ្រិក និងតំបន់ Sahel។
ក្នុងឆ្នាំ២០២០ ប្រទេស៩ នៅក្នុងអឌ្ឍគោលខាងលិច និងទ្វីបអឺរ៉ុប បានចាត់វិធានការជាច្រើនដើម្បីចុចឈ្មោះ ហាមប្រាម ឬរឹតត្បិតក្រុម Hezbollah។ ដោយដឹងអំពីការគំរាមកំហែងខ្លាំងឡើងៗពីភាពជ្រុលនិយមហិង្សាខាងពូជសាសន៍ ក្រសួងការបរទេសស.រ.អ. ក៏បានចាត់ទុកក្រុមជនស្បែកសដែលយល់ថា ពួកខ្លួនល្អប្រសើរផុតគេថា ជាអង្គការភេវរកម្មជាលើកដំបូងក្នុងឆ្នាំ២០២០ និងដោយបានដាក់ទណ្ឌកម្មលើចលនាចក្រភពរុស្ស៊ី និងមេដឹកនាំបីនាក់នៃក្រុមនេះ។
ស.រ.អ. និងពួកដៃគូរបស់ខ្លួនបានបន្តការប្រយុទ្ធប្រឆាំងនឹងពួក Al-Qaida ឬ AQ និងសាខារបស់ក្រុមនេះ នៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០។ ពួក Al-Qaida បានបង្កើនវត្តមាននៅក្រៅប្រទេស ជាពិសេសក្នុងមជ្ឈិមបូព៌ា និងអាហ្វ្រិក។
ប្រទេសអ៊ីរ៉ង់ បានបន្តគាំទ្រសកម្មភាពភេរវកម្មក្នុងតំបន់ និងសាកលក្នុងឆ្នាំ២០២០។ នៅក្នុងតំបន់ អ៊ីរ៉ង់ បានគាំទ្រពួកដៃជើងខ្លួន និងក្រុមដៃគូក្នុងប្រទេសបារ៉ែន អ៊ីរ៉ាក់ លីបង់ ស៊ីរី និងយេម៉ែន ដោយមានរួមបញ្ចូលពួក Hizballah និងក្រុម Hamas។ នៅជុំវិញពិភពលោក កងកម្លាំង Qods នៃក្រុមឆ្មាំបដិវត្តន៍នៅតែជាតួអង្គអ៊ីរ៉ង់សំខាន់ក្នុងការគាំទ្រការជ្រើសរើសពួកភេរវជន ការផ្តល់ប្រាក់ និងការប៉ុនប៉ងធ្វើអំពើភេរវកម្មនៅអឺរ៉ុប អាហ្វ្រិក និងអាស៊ី ព្រមទាំងនៅទ្វីបអាមេរិកផងដែរ។
ស.រ.អ. បន្តបំពេញមុខនាទីសំខាន់មួយក្នុងការប្រឹងប្រែងអន្តរជាតិដើម្បីទប់ទល់នឹងភេរវកម្មក្នុងពិភពលោក។ កាលពីឆ្នាំ២០២០ ស.រ.អ. បានដឹកនាំកិច្ចប្រឹងប្រែង១២៦៧ នៃគណៈកម្មាធិការខាងដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅប៉ែកខាងលិចនៃទ្វីបអាហ្វ្រិក មហាតំបន់សាហារ៉ា ប្រទេសលីប៊ី យេម៉ែន និងឥណ្ឌូណេស៊ី។
ស.រ.អ. ក៏បានទាក់ទងជាមួយពួកដៃគូអន្តរជាតិមួយចំនួនដើម្បីបញ្ចៀស និងទប់ទល់នឹងភាពជ្រុលនិយមឃោរឃៅ តាមបណ្តាញអ៊ីនធឺណិត និងក្រៅបណ្តាញនេះផងដែរ។
របាយការណ៍ CRT នៅឆ្នាំនេះ ឆ្លុះបញ្ចាំងឱ្យឃើញការប្តេជ្ញាគ្មានងាករេរបស់ស.រ.អ.ដើម្បីការពារជីវិតប្រជារាស្ត្រអាមេរិកាំង និងជីវិតប្រជារាស្ត្រក្រុមសម្ព័ន្ធមិត្តពីការគំរាមកំហែងនៃភេរវកម្ម៕