បទវិចារណកថា៖ ការជួយ​ប្រទេស​ស៊ូដង់​ឱ្យ​សម្រេច​សក្តានុពល​របស់ខ្លួន

រូបឯកសារ៖ ប្រធាន​ក្រុមប្រឹក្សា​យោធា​អន្តរកាល​របស់​ប្រទេស​ស៊ូដង់​លោក​ឧត្តមសេនីយ៍ឯក Abdel Fattah Al-Burhan និង​មេដឹកនាំ​សម្ព័ន្ធភាព​ប្រឆាំង​របស់​ស៊ូដង់​លោក Ahmad al-Rabiah បាន​អបអរ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បែងចែក​អំណាច​គ្នា។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ថ្លែង​នៅ​ក្នុងសន្និសីទ​កំពូលក្រុង Paris ​ស្តី​ពី​ប្រទេស​ស៊ូដង់ លោកស្រី Samantha Power អ្នក​អភិបាលទីភ្នាក់ងារ​ស.រ.អ.​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ បាន​ប្រកាស​ថា ការ​ទម្លាក់អ្នក​កាន់​អំណាច​ផ្តាច់​ការនៃ​ប្រទេស​ស៊ូដង់​ កាល​ពី​ឆ្នាំ​២០១៩ «​បញ្ជាក់​ជា​ថ្មី​ថា ទោះ​ជា​បេះដូងមនុស្សមាន​ដំណើរការនៅ​ទី​ណា​ក៏​ដោយ ក៏​មនុស្សចង់​បាន​សេចក្តី​ថ្លៃថ្នូរ​ខ្លាំង​ណាស់។ ទោះ​ជាពួក​អ្នក​កាន់​អំណាច​ផ្តាច់ការមាន​អារម្មណ៍​ថា​ ពួក​គេ ​សុខស្រួលយ៉ាង​ណា​ក៍​ដោយ​ ទោះ​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ​កើត​មាន​ ហើយពួក​គេ​ នឹង​គេច​ចេញ​ក៏​ដោយ ក៏​ពួក​ជនក្តាប់​អំណាចច្រើន​ទសវត្សរ៍​ មិន​អាច​ចៀសផុត​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ​បានទេ»។

ស.រ.អ.​ ប្តេជ្ញាគាំទ្រ​ប្រទេស​ស៊ូដង់ នៅ​ពេល​ប្រទេស​នេះ​ ធ្វើ​អន្តរកាលប្រជាធិបតេយ្យ។ លោកស្រី​ Power ​សរសើរ​រដ្ឋាភិបាលអន្តរកាលដឹក​នាំ​ដោយ​ពួក​ជន​ស៊ីវិល​អំពី​កំណែទម្រង់នយោបាយ​ និង​សេដ្ឋកិច្ច ជាពិសេសការ​គាំទ្រ​ដល់​សិទ្ធិស្ត្រី។

ទោះ​ជា​ប្រទេស​ស៊ូដង់ ​ធ្វើការ​ដើម្បី​បើក​ទំព័រ​ថ្មីចេញ​ពី​របប​គ្រប់គ្រង​របស់​លោក Bashir​ តំបន់​ Darfur នៅ​តែ​ជា​កន្លែងមាន​អំពើ​ហិង្សាជូរចត់ដោយ​មាន​អំពើ​ឃោរឃៅ​រវាងក្រុម​ពូជសាសន៍ផ្សេងៗគ្នា​ និង​មាន​ការ​វាយប្រហារ​ដោយ​ក្រុម​ជីវពល​ផង​ដែរ។

លោកស្រី​ Power បាន​សង្កេតថា ​រដ្ឋាភិបាល​ស៊ូដង់​ បាន​បញ្ជូនទាហានបន្ថែម​ទៅ​កាន់​តំបន់​នោះ​ដើម្បីធ្វើ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​ ហើយ«យើង​សុំ​ឱ្យ​មានកិច្ច​ខិតខំ​ប្រឹង​ប្រែងតទៅ​ទៀតដើម្បីធ្វើ​ការ​ចរចាឱ្យ​មាន​សន្តិភាពប្រកប​ដោយ​ស្ថិរភាពនៅ​ក្នុង​តំបន់​មួយ​ដែល​មានអំពើ​ហិង្សា ​និង​ការ​ខូចខាត​យូរ​មក​ហើយ»។

នៅ​ពេល​ដែលរដ្ឋាភិបាល​អន្តរកាលដឹកនាំ​ដោយ​ជន​ស៊ីវិលចាត់​វិធានការដើម្បីធ្វើ​ឱ្យ​ប្រាកដ​ប្រជា​អំពីសន្តិសុខ​ខាងរាង​កាយ​របស់​ប្រជារាស្ត្រ​ស៊ូដង់​ ជា​ការ​មាន​សារៈសំខាន់​ត្រូវ​កត់​សម្គាល់​ដែរ​អំពីចំណាត់ការសម្រាប់​ធ្វើ​ឱ្យមានសន្តិសុខខាងសេដ្ឋកិច្ច​ផង​ដែរ។ សេចក្តី​សម្រេច​របស់​ធនាគារ​កណ្តាល​ក្នុង​ការ​បណ្តែត​តម្លៃ​ប្រាក់ pound ស៊ូដង់ នឹង​ជួយធ្វើ​ឱ្យ​មានស្ថិរភាព​សេដ្ឋកិច្ច​រយៈពេល​យូរ។ ​កំណែ​ទម្រង់បន្ថែម​គ្រោង​ធ្វើ​ដើម្បី​ឱ្យ​មាន​បទ​បញ្ញត្តិ​អំពី​វិស័យ​ឯកជន នឹង​ជួយ​ទាក់ទាញ​ការ​បណ្តាក់​ទុន​បរទេស​ដែល​ប្រទេស​នេះ​ ត្រូវការខ្លាំង។ វិធានការបំបាត់ប្រាក់​ជំនួយ​បន្ថែម​ខាងប្រេង​ឥន្ធនៈ​ ជាចំណាត់​ការចាំ​បាច់​មួយដើម្បី​ចាត់​ចែងទំហំ​ថវិកា​ជាតិ​ និងបំពេញតាម​ការ​តម្រូវ​ដោយមូលនិធី​រូបិយវត្ថុ​អន្តរជាតិសម្រាប់ការ​លើកលែងបំណុល។

ក៏​ប៉ុន្តែ​ អ្នកឱ្យ​ស៊ូដង់​ខ្ចី​ប្រាក់ ​និងដៃគូ​របស់​ពួក​គេត្រូវ ធ្វើ​ចំណែក​របស់ខ្លួនផងដែរ។ សារៈសំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែងនេះ ​គឺ​ជួយ​សម្រាល​បំណុល​៦០​ពាន់​លាន​ដុល្លារដែល​ស៊ូដង់​ជំពាក់ច្រើន​ឆ្នាំ​មក​ហើយ។

ស.រ.អ.​ ជា​អ្នក​គាំទ្រដល់​ការ​សម្រាល​បំណុល។ កាល​ពីពេល​ថ្មីៗ​នេះ​ ប្រទេស​ស៊ូដង់ ​បាន​ជម្រះបំណុលជា​មួយ​ធនាគារ​ពិភពលោក ​ក្រោយពីស.រ.អ. ​បាន​ផ្តល់ប្រាក់​កម្ចី​១​ពាន់​ ១​រយ​ ៥០​លាន​ដុល្លារ ដែល​ជាវិធានការ​មួយសម្រាប់​ទទួលការ​គាំទ្រសេដ្ឋកិច្ចថែមទៀត។ ស.រ.អ.​ បាន​សន្យា​ថា​ នឹង​ផ្តល់ប្រាក់​ជំនួយដើម្បីបំពេញភាព​ឃ្លាត​ពី​គ្នាខាង​ហិរញ្ញវត្ថុ​នៅ​សេសសល់។ សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស ប្រទេស​បារាំង អ៊ីតាលី និង​ប្រទេស​ស៊ុយអែត​ ក៏​បាន​យល់​ព្រម​ដូច​គ្នា​ដែរ។ ការ​គាំទ្រ​នេះ​ នឹង​មាន​សារៈសំខាន់​ណាស់ដើម្បី​រុញ​ច្រាន​សេដ្ឋកិច្ច​ស៊ូដង់ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ប្រទេស​នេះមាន​ប្រភព​ធនធានបន្ថែមដើម្បីប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺកូវីដ​១៩។

ស.រ.អ. ប្តេជ្ញាគាំទ្រកំណែ​ទម្រង់​ប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ចក្នុង​ប្រទេស​ស៊ូដង់​ ​និង​ជួយ​ប្រទេស​នេះ ​ចូល​ជា​ថ្មី​ក្នុងសហគមន៍​សាកល៕