បទវិចារណកថា៖ ការជំរុញ​ស៊ូដង់​ខាងត្បូង​ឆ្ពោះ​ទៅ​រក​សន្តិភាព

រូបឯកសារ៖ បុរស​ម្នាក់​ទូល​បាវ​ជំនួយ​សម្រាប់​ជួយ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ជនស៊ីវិល​ និង​បុគ្គលិក​ជំនួយ​មនុស្ស​ធម៌។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក Robert Wood តំណាង​ជំនួស​សម្រាប់​កិច្ចការ​នយោបាយ​ពិសេស ក្នុង​សុន្ទរកថា​នា​ពេល​ថ្មីៗ​នេះ​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។ ក្នុង​ពេល​ជាមួយគ្នា​នេះ លោក​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង «ជុំវិញ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ... ដែល​ជា​កន្លែង​ដែល​ការ​សម្លាប់​ជន​ស៊ីវិល​បាន​កើនឡើង ៧៩%» ។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​បញ្ជាក់​ឡើង​វិញ​នូវ​ទស្សនៈ​របស់​សហរដ្ឋ​អាមេរិក​ថា ថ្នាក់​ដឹកនាំ​អន្តរកាល​របស់​ស៊ូដង់​ខាងត្បូង​ទទួល​ខុសត្រូវ​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា និង​ធ្វើ​ឱ្យ​ជនល្មើស​ទទួល​ខុសត្រូវ។

លោក​ឯកអគ្គរដ្ឋទូត Wood ថ្លែង​ដូច្នេះ​ថា៖ «យើង​រំឭក​រដ្ឋាភិបាល​អន្តរកាល​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​ថា ខ្លួន​មិន​បាន​រក្សា​ការ​ទទួល​ខុសត្រូវ​ចម្បង​របស់​ខ្លួន​ក្នុង​ការ​ការពារ​ជន​ស៊ីវិល​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​ទេ។ ប្រសិនបើ​រដ្ឋាភិបាល​អន្តរកាល​មាន​បំណង​ចង់​សម្រេច​បាន​ការ​ផ្លាស់ប្តូរ​ប្រកប​ដោយ​ជោគជ័យ​ទៅជា​រដ្ឋាភិបាល​អចិន្ត្រៃយ៍ នោះ​ចាំបាច់​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ជន​ស៊ីវិល​ និង​បង្កើត​បរិយាកាស​បោះឆ្នោត​ប្រកប​ដោយ​សុវត្ថិភាព​និង​ស្ថិរភាព»។

សហរដ្ឋ​អាមេរិក​ជំរុញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ឱ្យ​កាន់តែ​សកម្ម​ជា​មុន​ក្នុង​ការ​អនុវត្ត​ការ​ការពារ​ជន​ស៊ីវិល​និង​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាព​ទៅកាន់​តំបន់​ដែល​ជន​ស៊ីវិល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត​នៃ​អំពើ​ហិង្សា​លើ​រាងកាយ។

ឆ្នាំ ២០២៣ នឹង​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​ថ្នាក់​ដឹកនាំ​ស៊ូដង់​ខាងត្បូង​នៅ​ក្នុង​ការ​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​លើ​ការ​អនុវត្ត​ស្តង់ដារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព។ លោក​ឯកអគ្គរដ្ឋទូត Wood បាន​ប្រកាស​ថា ថ្នាក់ដឹកនាំ​អន្តរកាល​ត្រូវតែ​ពង្រីក​លំហ​ពលរដ្ឋ និង​បង្កើត​លក្ខខណ្ឌ​ដែល​គ្រប់​គណបក្ស​នយោបាយ សង្គម​ស៊ីវិល ជន​ភៀស​ខ្លួន​ក្នុង​ស្រុក និង​ពលរដ្ឋ​ស៊ូដង់​ខាងត្បូង នឹង​មាន​ការ​ចូលរួម​ស្មើៗ​គ្នា​នៅ​ក្នុង​ដំណើរការ​សន្តិភាព​ដែល​នឹង​កំណត់​អនាគត​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង។

លោក​ឯកអគ្គរដ្ឋទូត Wood ថ្លែង​ថា៖ «យើង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អន្តរកាល​ធ្វើ​សកម្មភាព​ឥឡូវ​នេះ​ដើម្បី​បង្ហាញ​ឆន្ទៈ​នយោបាយ​នៅ​ក្នុង​ការ​បង្កើត​លក្ខខណ្ឌ​បែប​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធានា​ថា បុរស​និង​ស្ត្រី​ស៊ូដង់​ខាងត្បូង​អាច​បញ្ចេញ​ទស្សនៈ​នយោបាយ​របស់​ពួកគេ​ដោយ​សេរី​ដោយ​មិន​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ព្រមាន​ថា រដ្ឋាភិបាល​អន្តរកាល​បាន​រាយការណ៍​ថា មាន​ប្រាក់​ចំណូល​ប្រេង​ឥន្ធនៈ​ចំនួន ១,៦ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​នៅតែ​បន្ត​បរាជ័យ​ក្នុង​ការ​ចែកចាយ​ធនធាន​ទាំង​នោះ ដើម្បី​ដោះស្រាយ​តម្រូវការ​មនុស្សធម៌​របស់​ប្រជាជន​ខ្លួន។

លោក​ឯកអគ្គរដ្ឋទូត Wood បញ្ជាក់​ដូច្នេះ​ថា៖ «យើង​អំពាវនាវ​ជាបន្ទាន់​ដល់​មន្ត្រី​ស៊ូដង់​ខាងត្បូង​ឱ្យ​ចំណាយ​ចំណូល​ដែល​បាន​ពី​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​វិបត្តិ និង​អនុញ្ញាត​និង​សម្រួល​ដល់​លទ្ធភាព​ចូល​ធ្វើការ​ប្រកប​ដោយ​សុវត្ថិភាព​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ស៊ូដង់​ខាង​ត្បូង។ យើង​ក៏​ថ្កោលទោស​ផងដែរ​ចំពោះ​ការ​សម្លាប់​អ្នក​ធ្វើការ​ផ្នែក​មនុស្សធម៌​ប្រាំ​នាក់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក ហើយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គាំទ្រ​យ៉ាង​ពេញលេញ​លើ​លទ្ធភាព​ចូល​បំពេញ​ការងារ​មនុស្សធម៌ និង​ការពារ​បុគ្គលិក​ជំនួយ​មនុស្សធម៌​ដែល​ធ្វើការ​ដោយ​មិន​នឿយហត់​ក្នុង​ការផ្តល់​ជំនួយ​ដល់​ប្រជាជន​ស៊ូដង់​ខាងត្បូង»។

សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​បុព្វហេតុ​សន្តិភាព​និង​ប្រជាជន​ស៊ូដង់​ខាងត្បូង៕