បទវិចារណកថា៖ ការដាក់​ទណ្ឌកម្ម​លើ​បណ្ដាញ​រត់ពន្ធ​ដែល​គាំទ្រ​ក្រុម​ហ៊ូធី (Houthi)

រូបឯកសារ៖ អ្នកគាំទ្រ​ក្រុមឧទ្ទាម​និកាយ​ស៊ីអ៊ីត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Houthis បាន​ស្រែក​ពាក្យស្លោក​នៅពេល​ពួកគេ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ moulid al-nabi ដែលជា​កំណើត​របស់​ព្យាការី​មូស្លីម Muhammad នៅ​ទីក្រុង Sanaa ប្រទេស​យេម៉ែន កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មុន​ពេល​មាន​ការ​ផ្ទុះ​ឡើង​នូវ​អរិភាព​កាលពី​ឆ្នាំ ២០១៤ ទៅ​ទៀត ប្រទេស​យេម៉ែន​គឺជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​ឧបទ្វីប​អារ៉ាប់។ សព្វថ្ងៃ​នេះ អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ប្រទេស​យេម៉ែន​ គឺជា​«វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក»។

ជា​ការ​គួរ​ឲ្យ​សោកស្ដាយ នេះគឺជា​មហន្តរាយ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​រវាង​ក្រុម​ឧទ្ទាម​ហ៊ូធី (Houthi) និង​រដ្ឋាភិបាល​យេម៉ែន​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​ និង​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត។

វិបត្តិ​នេះ ​ត្រូវ​បាន​បញ្ឆេះ​ឡើង​ដោយ​ការ​ប៉ុនប៉ង​របស់​ក្រុម​ហ៊ូធី ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​យេម៉ែន​ដែល​ជា​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ។ វិបត្តិ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រីក​សាយភាយ​នូវ​ជម្លោះ​ និង​អស្ថិរភាព។

សង្គ្រាម​រយៈពេល​ជិត ៧ ឆ្នាំ​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​យេម៉ែន​ បាន​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ដួល​រលំ​ ហើយ​សេវា​ជា​មូលដ្ឋាន​នានា​រង​ការ​ខូចខាត។ ប្រហែល​ពីរ​ភាគ​បី​នៃ​ប្រជាពលរដ្ឋ​សរុប​ចំនួន ៣១ លាន​នាក់​នៅ​ក្នុង​ប្រទេស​យេម៉ែន កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌ ហើយ​ប្រជាពលរដ្ឋ​ប្រហែល ៥ លាន​នាក់​ទៀត​ កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​គ្រោះ​ទុរ្ភិក្ស។

ប៉ុន្តែ ទោះបីជា​មាន​សេចក្ដី​លំបាក​វេទនា​ដូច​នេះ​ និង​ការ​អំពាវនាវ​ម្ដង​ហើយ​ម្ដង​ទៀត​របស់​អន្តរជាតិ​ឲ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ក៏ដោយ ក៏​ក្រុម​ឧទ្ទាម​ហ៊ូធី​ បាន​បដិសេធ​មិន​ព្រម​ឈប់​វាយ​ប្រយុទ្ធ​គ្នា។ មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​មាន​ភាព​រឹងរូស​នេះ​គឺ​ការពិត​ដែល​ថា ​ប្រទេស​អ៊ីរ៉ង់​គាំទ្រ​កិច្ច​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​របស់​ពួកគេ។

ជន​ឈ្មោះ Sa'id al-Jamal នៅ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​អ្នក​ផ្គត់ផ្គង់​ថវិកា​ដល់​ពួក​ហ៊ូធី បាន​ចាត់ចែង​ប្រតិបត្តិការ​បណ្ដាញ​នាំ​មុខ​មួយ​នៃ​ក្រុមហ៊ុន អន្តរការី និង​នាវា​ដែល​រត់ពន្ធ​ប្រេង​និង​វត្ថុធាតុដើម​ផ្សេងៗ​ទៀត​របស់​ប្រទេស​អ៊ីរ៉ង់​ទៅ​ឲ្យ​អតិថិជន​ណា​ដែល​មាន​ឆន្ទះ​គេច​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។

ប្រតិបត្តិការ​នេះ​ បាន​ផ្ដល់​ចំណូល​ចំនួន​រាប់​សិប​លាន​ដុល្លារ​អាមេរិក ហើយ​បរិមាណ​ច្រើន​ក្រាស់ក្រែល​នៃ​ចំណូល​ទាំង​នេះ​ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ក្រុម​ហ៊ូធី ដែល​អាច​ឲ្យ​ក្រុម​នេះ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការ​ធ្វើ​សង្គ្រាម​របស់​ខ្លួន និង​ធ្វើ​ឲ្យ​សេចក្ដី​ទុក្ខវេទនា​កាន់តែ​បន្ត​រ៉ាំរ៉ៃ​ឡើង​នៅ​ក្នុង​ប្រទេស​យេម៉ែន។

ថវិកា​មួយ​ចំនួន​នៃ​ចំណូល​នេះ ​ក៏​ជួយ​ផ្គត់ផ្គង់​ដល់​កង​កម្លាំង Qod នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​របស់​ប្រទេស​អ៊ីរ៉ង់​ផងដែរ ដើម្បី​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ប្រទេស​យេម៉ែន​ និង​ទីកន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។

ដើម្បី​ជួយ​បញ្ឈប់​លំហូរ​ថវិកា​ដល់​ក្រុម​ហ៊ូធី រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​ទី ១០ ខែ​មិថុនា​កន្លង​ទៅ​នេះ​ លើ​ជន​ឈ្មោះ Sa'id Ahmad Muhammad al-Jamal និង​លើ​បុគ្គល​និង​ក្រុមហ៊ុន ១១ ផ្សេង​ទៀត ក៏​ដូចជា​លើ​នាវា​មួយ​គ្រឿង​ផងដែរ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ខុស​ច្បាប់​នេះ។

ករណី​នេះ​មាន​ន័យ​ថា រាល់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​បុគ្គល​ដែល​រង​ទណ្ឌកម្ម​ទាំង​នេះ ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​រាំង​ខ្ទប់ ហើយ​ពលរដ្ឋ​អាមេរិកាំង​ មិន​អាច​ធ្វើ​ជំនួញ​ណា​មួយ​ជាមួយ​នឹង​បុគ្គល​ទាំង​នោះ​បាន​ទេ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖

«សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើការ​ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​យេម៉ែន​និង​នាំ​មក​នូវ​ភាព​ធូរស្បើយ​ផ្នែក​មនុស្សធម៌​ដ៏​យូរ​អង្វែង​ដល់​ប្រជាពលរដ្ឋ​យេម៉ែន»។

លោក Blinken បាន​បន្ថែម​ថា៖ «ដល់​ពេល​ដែល​ក្រុម​ហ៊ូធី​ទទួលស្គាល់​នូវ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា និង​ដល់​ពេល​ដែល​ភាគី​ទាំង​អស់​ចាប់ផ្ដើម​ការ​ចរចា​នយោបាយ​ឡើង​វិញ​ហើយ។ មានតែ​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​តែ​ប៉ុណ្ណោះ ដែល​អាច​នាំ​មក​នូវ​ភាព​ធូរស្រាល​បន្ទាន់​ដែល​ប្រជាពលរដ្ឋ​យេម៉ែន​ត្រូវការ​ជា​ចាំបាច់ ហើយ​មានតែ​កិច្ច​ព្រមព្រៀង​សន្តិភាព​តែប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ូធី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ដាក់​សម្ពាធ​តាម​រយៈ​ទណ្ឌកម្ម​ផងដែរ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ទាំង​នេះ»៕