បទវិចារណកថា៖ ការថ្កោលទោស​របស់​ប្រទេស​ជាច្រើន​លើ​ការបាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង

ពលរដ្ឋ​មើល​ព័ត៌មាន​ក្នុង​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង អំពី​ការបាញ់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (កូរ៉េ​ខាងជើង) បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​លើក​ទី ១០ របស់​ខ្លួន​នៅក្នុង​ឆ្នាំ​នេះ​ កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ។ ជា​ថ្មី​ម្ដង​ទៀត ការ​បាញ់​នេះ​ បាន​រំលោភ​លើ​សេចក្ដី​សម្រេច​ជាច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​ប្រទេស​ចំនួន ១០ ផ្សេង​ទៀត បាន​ថ្កោលទោស «ខ្លាំងក្លា​បំផុត» លើ​សកម្មភាព​របស់​កូរ៉េ​ខាងជើង​នេះ​ថា «ខុស​ច្បាប់ ​និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព»។

អាជ្ញាធរ​ជប៉ុន​និង​អាជ្ញាធរ​សាធារណរដ្ឋ​កូរ៉េ (កូរ៉េ​ខាងត្បូង) បាន​រាយការណ៍​ថា មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ ​ហោះ​បាន​ចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ និង​មាន​រយៈ​កម្ពស់ ៦០០ គីឡូម៉ែត្រ មុន​ពេល​វា​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​រវាង​ឧបទ្វីប​កូរ៉េ​ និង​ប្រទេស​ជប៉ុន។

សកម្មភាព​នេះ ​ត្រូវ​បាន​ហាមឃាត់​ដោយ​សេចក្ដី​សម្រេច​ជាច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

នៅក្នុង​ការ​ថ្លែង​អំពី​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ប្រទេស​ចំនួន ១១ ស្ដីពី​សកម្មភាព​របស់​កូរ៉េ​ខាងជើង​នេះ លោក​ឯកអគ្គរដ្ឋទូត Jeff Delaurentis ទីប្រឹក្សា​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​នៃ​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំងអស់ «មូល​មតិ​គ្នា​ថ្កោលទោស​សកម្មភាព​ខុសច្បាប់​ដ៏​គ្រោះថ្នាក់​ទាំងនេះ»។

លោក Delaurentis បាន​និយាយ​ថា៖ «ប្រទេស​អាល់បានី ប្រេស៊ីល បារាំង អៀរឡង់ ជប៉ុន ន័រវែស ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​រួច​មក​ហើយ​អំពី​ក្ដី​កង្វល់​ទាក់ទិន​នឹង​រឿង​នេះ។ សំឡេង​រួម​គ្នា​ក្នុង​ការ​ថ្កោលទោស​សកម្មភាព​របស់​កូរ៉េ​ខាងជើង​នេះ​បាន​កើនឡើង។ មក​ទល់​នឹង​ពេល​នេះ ប្រទេស​អូស្ត្រាលី នូវែលសេឡង់ និង​កូរ៉េ​ខាងត្បូង​បាន​ចូលរួម​ថ្កោលទោស​ផងដែរ​លើ​សកម្មភាព​របស់​កូរ៉េ​ខាងជើង​នេះ»។

លោក​បាន​បន្ត​ទៀត​ថា៖ «យើង​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់ [នៃ​អង្គការ​សហប្រជាជាតិ] អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​រាល់​សេចក្ដី​សម្រេច​ទាំងអស់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាក់ទិន​នឹង​ប្រទេស​កូរ៉េ​ខាងជើង»។

លោក​បាន​បន្ថែម​ថា៖ «សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំងនេះ​ក៏​តម្រូវ​ផងដែរ​ឱ្យ​ប្រទេស​កូរ៉េ​ខាងជើង​លះបង់​ចោល​នូវ​អាវុធ​ប្រល័យ​លោក​និង​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​ខ្លួន​តាម​វិធី​មួយ​ដែល​មាន​លក្ខណៈ​ពេញលេញ អាច​ផ្ទៀងផ្ទាត់​បាន និង​មិន​អាច​កែប្រែ​បាន។ ទណ្ឌកម្ម​អន្តរជាតិ​ទាំងនេះ​គឺ​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ចំពោះ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​នេះ»។

សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កូរ៉េ​ខាងជើង ​មិន​បាន​ចរចា​គ្នា​ជា​ផ្លូវការ​អស់​រយៈពេល​ជាង ២ ឆ្នាំ​មក​ហើយ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការ​ចូលរួម​ម៉ឺងម៉ាត់​ផ្នែក​ការទូត​ជា​បន្ត​ទៅ​មុខ​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាងជើង។

ជាថ្មី​ម្ដង​ទៀត លោក​ឯកអគ្គរដ្ឋទូត Delaurentis បាន​ជំរុញ​ប្រទេស​កូរ៉េ​ខាងជើង​ឱ្យ «ជ្រើសរើស​មាគ៌ា​ការទូត​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​និង​ដើម្បី​លើក​កម្ពស់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ»។

លោក Delaurentis បាន​ប្រកាស​ថា៖ «សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួចរាល់​នៅក្នុង​ការ​ចូលរួម​ចរចា ហើយ​សហរដ្ឋ​អាមេរិក​នឹង​មិន​រាថយ​នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​សម្រេច​ឱ្យ​បាន​នូវ​សន្តិភាព​និង​ស្ថិរភាព»៕