បទវិចារណកថា៖ ការទទួល​ខុសត្រូវ​ចំពោះ​ការបោះឆ្នោត​ក្លែង​បន្លំ​​នៅ​ប្រទេស​នីការ៉ាហ្គា

អ្នកបោះឆ្នោត រង់ចាំ​ជា​ជួរ​ក្នុង​អំឡុង​ពេល​ការបោះឆ្នោត​ទូទៅ​កាលពី​ថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុង​រដ្ឋធានី​ម៉ាណាហ្គា ប្រទេស​នីការ៉ាហ្គា។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើសកម្មភាព​ដើម្បី​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ការ​ទទួល​ខុស​ត្រូ​វ​សម្រាប់​ពួក​មន្ត្រី​នីការ៉ាហ្គានៅ​ក្រោយការបោះឆ្នោតក្លែងបន្លំ​កាល​ពី​ខែ​វិច្ឆិកា​ក្នុងប្រទេស​នីការ៉ាហ្គា។ កាល​ពី​ថ្ងៃទី១៥ ខែវិច្ឆិកា ការិយាល័យ​ត្រួតត្រាធនធាន​បរទេស​នៃ​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​ហៅ​កាត់ថា OFAC បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រសួង​សាធារណៈនីការ៉ាហ្គា និង​មន្ត្រីរដ្ឋាភិបាលប្រទេស​នេះ​ចំនួន​៩​នាក់។

កាលពី​ថ្ងៃទី៧ ខែ​វិច្ឆិកា ​របបគ្រប់គ្រង Ortega-Murillo បានធ្វើ​ការ​បោះឆ្នោត​មួយ​ដែលបដិសេធ​លទ្ធភាព​របស់​ប្រជារាស្ត្រ​នីការ៉ាហ្គាក្នុងការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ ក្រោយពីមានការ​បង្ក្រាប​ជា​ច្រើន​ខែ មានការ​អនុម័តច្បាប់​រឹតត្បិត​ និង​មានការ​ចាប់​បុគ្គល៣៩នាក់​ដាក់​ក្នុង​ពន្ធនាគារ​ដោយមានរួមបញ្ចូលមនុស្ស​៧​នាក់​ដែល​មាន​សក្តានុពលជា​បេក្ខជន​ប្រធានាធិបតី ពួកសមាជិក​ក្រុម​ប្រឆាំង ​អ្នក​កាសែត និស្សិត និង​ពួក​សមាជិក​នៃក្រុម​សង្គម​ស៊ីវិល​ផង​ដែរ។ ជាច្រើន​ឆ្នាំមក​ហើយ របបគ្រប់គ្រង Ortega-Murillo បាន​រំលាយ​ស្ថាប័ន​ប្រជាធិបតេយ្យប្រទេស​នីការ៉ាហ្គា និងបាន​អនុញ្ញាត​ឱ្យ​មាន​អំពើ​ពុក​រលួយ​ និង​ភាពគ្មាន​ទោសពៃរ៍។

ជា​លទ្ធផល ​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​ បានប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំងក្រសួងសាធារណៈ​នីការ៉ាហ្គា​ និងមន្ត្រី​ប្រទេស​នេះ​ចំនួន៩​នាក់។ ក្រសួងសាធារណៈ​ បំពេញ​មុខនាទីចម្បងមួយពាក់ព័ន្ធ​នឹងការ​ចាប់​ខ្លួន​ដោយ​របប​គ្រប់គ្រង​នេះ​នូវ​ពួកជនមានសក្តានុពល​ជា​បេក្ខជនប្រធានាធិបតី​ ពួក​ដឹកនាំ​សង្គម​ស៊ីវិល​ឯ​ទៀតៗ មេដឹកនាំ​វិស័យ​ឯកជន ​និស្សិត​ ​និង​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុន​ការ​បោះឆ្នោត​។

ការិយាល័យ OFAC បានសម្គាល់​ឈ្មោះមន្ត្រី​នីការ៉ាហ្គា៩​នាក់​សម្រាប់​ដាក់​ទណ្ឌកម្ម​តាម​រយៈ​បទបញ្ជា​នីតិប្រតិបត្តិ​លេខ ១៣៨៥១ ដោយ​សារ​ជន​ទាំង​នេះ​ ជា​មន្ត្រី​រដ្ឋាភិបាល​នីការ៉ាហ្គា ឬ​បានបម្រើ​ការ​ជា​មន្ត្រី​នៃ​ប្រទេស​នេះ​ នៅ​ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០០៧​ ឬ​ក្រោយ​ថ្ងៃ​នោះ។ ពួក​បុគ្គល​ទាំង​៩​នាក់​នេះ បាន​ជួយសម្រួល​ឱ្យ​មានការ​បង្ក្រាប​ដោយ​របប​គ្រប់គ្រង Ortega-Murillo ដោយមានរួម​បញ្ចូលការ​រំលោភ​លើ​សិទ្ធិ​មនុស្ស ឬ​ចាត់​ចែង​ស្ថាប័ន​ដែល​ផ្តល់​ប្រាក់ឱ្យរបបគ្រប់គ្រង Ortega-Murillo ដែលមិនគោរពលទ្ធិ​ប្រជាធិបតេយ្យ​ ឬ​មួយធ្វើឱ្យ​របបគ្រប់គ្រង​នេះ​ មានជីវិត​ដោយ​លះបង់​ប្រជារាស្ត្រ​នីការ៉ាហ្គា។

តាមរយៈការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ សហរដ្ឋ​អាមេរិក​ដោយ​មានការចូល​រួម​ពី​ពួក​ដៃគូ​អន្តរជាតិរបស់យើង បន្តចាត់​វិធានការ​ជាក់​ស្តែងដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ដោយ​របបគ្រប់គ្រង Ortega-Murillo ទៅលើសេរីភាពស៊ីវិល​ និងការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋអាមេរិក​លោក Antony Blinken បាន​មាន​ប្រសាសន៍​នៅក្នុងសេចក្តី​ថ្លែងការណ៍មួយ​កាល​ពី​ថ្ងៃទី១៥ ខែ​វិច្ឆិកា​ថា «យើង​ស្វាគមន៍ដែល​ប្រទេស​កាណាដា​ និង​ចក្រភ​ពអង់គ្លេស ​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម»។ ​មហា​សន្និបាត​នៃ​អង្គការ​រដ្ឋ​ក្នុង​ទ្វីប​អាមេរិក​ឬ OAS ​បានចែង​យ៉ាង​ច្បាស់កាល​ពី​ថ្ងៃទី១២ ខែវិច្ឆិកា​ថា នៅក្រោម​ការ​គ្រប់គ្រងរបស់​ប្រធានាធិបតី Ortega និង​អនុប្រធានាធិបតី Morillo ​រដ្ឋាភិបាល​នីការ៉ាហ្គា ​កាន់​តែ​ងាក​ទៅ​រក​ភាពឯកោ​ ឬ​ឃ្លាត​ឆ្ងាយ​ពី​អន្តរជាតិ​ ប្រសិន​បើ​រដ្ឋាភិបាល​នេះ​ នៅ​តែ​បន្តបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​បដិសេធ​សិទ្ធិ​ប្រជារាស្ត្រនីការ៉ាហ្គា។​ យើង​ឈរ​ជា​មួយ​ពួក​មេដឹកនាំ​នៃ​អឌ្ឍគោល​ខាង​លិច​ក្នុង​ការ​អំពាវ​នាវ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យឡើងវិញ​ក្នុង​ប្រទេស​នីការ៉ាហ្គា និង​ឱ្យ​មានការ​ដោះលែងក្រុម​អ្នក​ទោស​នយោបាយជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ៕