តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
អ្នកតំណាងបម្រុងរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បាននិយាយថា «សហរដ្ឋអាមេរិកបាននិយាយយ៉ាងច្បាស់អំពីតួនាទីរបស់យើងជាលក្ខណៈឯកជន ក៏ដូចដែលយើងបាននិយាយប្រាប់ជាសាធារណៈម្តងហើយម្តងទៀតជាមួយដៃគូអ៊ីស្រាអែល]»។
លោក Robert Wood បានថ្លែងថា៖ «ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែលគឺមានភាពរឹងមាំ។ ហើយខ្ញុំចង់និយាយបញ្ជាក់ឱ្យច្បាស់ថា៖ គឺមានភាពរឹងមាំ។ យើងចង់ឃើញក្រុមហាម៉ាស់ចាញ់ Sinwar និងមេដឹកនាំក្រុមហាម៉ាស់ផ្សេងទៀត ត្រូវបាននាំយកមកកាត់ទោស ហើយចំណាប់ខ្មាំងត្រូវបានដោះ លែង។ យើងបាននិយាយច្បាស់ណាស់ថា យើងប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា។ ក្នុងពេលជាមួយគ្នានេះ យើងមិនគាំទ្រ ហើយនឹងមិនគាំទ្រការកាន់កាប់តំបន់ហ្កាហ្សាឡើងវិញដោយអ៊ីស្រាអែលទេ។ ហើយយើងបានរក្សាការជំទាស់របស់យើងជាយូរមកហើយចំពោះប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយក្នុងក្រុង Rafah ដែលធ្វើឱ្យគ្រោះថ្នាក់ដល់ជនស៊ីវិលជាច្រើន»។
លោក Robert Wood ថ្លែងទៀតថា តាមអង្គការសហប្រជាជាតិបានឱ្យដឹងថា «ស្ថានភាពនៅតំបន់ហ្កាហ្សាត្រូវបានពិពណ៌នាថាជាគ្រោះមហន្តរាយ ជាសុបិនអាក្រក់ និងជាឋាននរកនៅលើផែនដី»។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ មនុស្សជាង ៨០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅពីតំបន់ Rafah ទៅកាន់តំបន់ផ្សេងទៀតនៅតំបន់ហ្កាហ្សា។ ភាគច្រើននៃជនភៀសខ្លួនបានស្វែងរកកន្លែងជ្រកកោននៅតំបន់ Khan Younis និងតំបន់ Deir al Balah ក៏ប៉ុន្តែស្ថានភាពនៅទីនោះគឺគួរឱ្យរន្ធត់ដោយគ្មានបង្គន់អនាម័យ ប្រភពទឹក ប្រព័ន្ធលូ និងទីជម្រកគ្រប់គ្រាន់នោះទេ។ «ដូច្នេះវាជាភ័ស្តុតាងបញ្ជាក់ថា ការរៀបចំរបស់អ៊ីស្រាអែលដើម្បីបំពេញតម្រូវការដល់ជនភៀសខ្លួនទាំងនោះ គឺមិនគ្រប់គ្រាន់ទេ»។
លោក Robert Wood បានថ្លែងបន្ថែមទៀតថា៖ «អ៊ីស្រាអែលគួរតែចាត់វិធានការជាបន្ទាន់ និងសម្រេចចិត្តដើម្បីដោះស្រាយស្ថានភាពនេះ និងធានាការការពារជន ស៊ីវិល។ មិនត្រូវមានការពន្យារពេលឡើយ។ ជីវិតមនុស្សពឹងផ្អែកលើចំណាត់ការរបស់អ៊ីស្រាអែល»។
ប្រសិនបើមានដំណោះស្រាយដែលល្អជាងនេះនៅក្នុងគ្រោះមហន្តរាយនេះ វាគឺជាការបើកច្រករបៀងសមុទ្រ។
លោក Wood បាននិយាយទៀតថា «ការដឹកជញ្ជូនជំនួយមនុស្សធម៌ដំបូង[បាន]មកដល់ឆ្នេរសមុទ្រនៅតំបន់ហ្កាហ្សាតាមរយៈកំពង់ផែមនុស្សធម៌ពហុជាតិ។ នៅពេលដែលមានសមត្ថភាពប្រតិបត្តិការពេញលេញ ច្រករបៀងសមុទ្រមនុស្សធម៌អាចផ្តល់ជំនួយដល់មនុស្ស ៥០០.០០០ នាក់ក្នុងរយៈពេលមួយខែ»។
«ជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបន្តទៅដល់ប្រទេសស៊ីប ជាកន្លែងដែលជំនួយទាំងនោះនឹងត្រូវបានដឹកនៅលើកប៉ាល់សម្រាប់ដឹកជញ្ជូនទៅកាន់កំពង់ផែនោះ។ ក៏ប៉ុន្តែក្នុងការប្រឹងប្រែងកាត់បន្ថយគ្រោះទុរ្ភិក្ស ជំនួយតាមសមុទ្រមិនមែនជាជំនួយជំនួសជំនួយដែលផ្តល់តាមផ្លូវគោកនោះទេ។ ដូច្នេះហើយបានជាសហរដ្ឋអាមេរិកបន្តធ្វើការដើម្បីបង្កើនបន្ថែមទៀតនូវជំនួយដែលចូលទៅក្នុងតំបន់ហ្កាហ្សាដោយការឆ្លងកាត់តាមផ្លូវគោក»។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយទៀតថា៖ «ដូចដែលលោកប្រធានាធិបតី Biden បាននិយាយសង្កត់ធ្ងន់កាលពីម្សិលមិញថា យើងត្រូវការបទឈប់បាញ់ជា បន្ទាន់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយនាំចំណាប់ខ្មាំងមកផ្ទះវិញ។ ក្រុមហាម៉ាស់ត្រូវតែអនុវត្តតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយដោះលែងចំណាប់ខ្មាំង។ នោះហើយជារបៀបធ្វើឱ្យការប្រយុទ្ធគ្នាឈានដល់ទីបញ្ចប់»៕