តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
មួយឆ្នាំក្រោយពីកងទ័ពរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចូលលុកលុយក្នុងប្រទេសអ៊ុយក្រែនដើម្បីចាប់ផ្ដើមធ្វើសង្គ្រាមដ៏ឃោរឃៅមួយ អស់លោករដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ និងប្រទេសអ៊ុយក្រែនបានចូលរួមក្នុងសន្និសីទអំពីសំណួរនិងចម្លើយមួយក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ស្តីពីការប្រមើលមើលរបស់អស់លោកទៅលើអនាគតរបស់ប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីទាំងបីនាក់នេះយល់ស្របគ្នាថា សង្គ្រាមនឹងចប់នៅពេលរុស្ស៊ីបញ្ឈប់ការប្រយុទ្ធគ្នាហើយដកទាហានរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន។
ប៉ុន្តែសំណួរគឺថា តើម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីគួរដកថយចម្ងាយប៉ុន្មាននៅមុនសន្តិភាពនៅអ៊ុយក្រែនអាចចាប់ផ្ដើមបាននោះ? តើសង្គ្រាមនឹងចប់នៅពេលដែលរុស្ស៊ីដកទាហានខ្លួនទៅកាន់ខ្សែព្រំដែនមុនខែកុម្ភៈ ឆ្នាំ២០២២ដែរឬទេ? តើអរិភាពនឹងចប់នៅក្រោយកងទ័ពរបស់លោក Putin ដកថយទៅកាន់ទីតាំងរបស់ខ្លួននៅមុនការលុកលុយឧបទ្វីប Crimea របស់អ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ដែរឬទេ?
ការណ៍នេះអាស្រ័យលើប្រជាជនអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា៖ «យើងនឹងគាំទ្រសេចក្តីសម្រេចរបស់សមមិត្តអ៊ុយក្រែនរបស់យើងអំពីអនាគតរបស់ប្រទេសពួកគេ»។ លោកបានបន្ថែមថា ប៉ុន្តែ«សន្តិភាពណាមួយត្រូវតែសមស្របជាមួយគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លោក Blinken បាននិយាយថា៖ «ការណ៍នេះប្រឆាំងនឹងផលប្រយោជន៍នៃប្រទេសទាំងអស់នៅទូទាំងពិភពលោក ដើម្បីបញ្ចប់ជាមួយលទ្ធផលដែលបង្ហាញថា ការវាយយកដែនដីដោយប្រើកម្លាំងជាការត្រឹមត្រូវ ហើយបញ្ជាក់ថា វាជាការពិតថែមទៀត ពីព្រោះបើយើងធ្វើដូច្នេះ យើងនឹងបង្កើតឱ្យមានវិបត្តិនិងបញ្ហាច្រើននៅទូទាំងពិភពលោក ហើយពួកអ្នកឈ្លានពាននឹងសន្និដ្ឋានថា៖ ប្រសិនបើរុស្ស៊ីអាចលុកលុយអ៊ុយក្រែនបាន យើងក៏អាចឈ្លានពានប្រទេសឯទៀតៗបានដែរ។ ហើយការធ្វើដូច្នេះមិនមែនជាផលប្រយោជន៍របស់នរណាម្នាក់ទេ ពីព្រោះវាបណ្តាលឱ្យមានសង្គ្រាមក្នុងពិភពលោក»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា អ្វីដែលជាផលប្រយោជន៍រួមរបស់យើងគឺសន្តិភាពមួយដែលមានភាពយុត្តិធម៌និងស្ថិតស្ថេរ។
លោក Blinken បានមានប្រសាសន៍ថា៖ «យើងត្រូវធ្វើអ្វីៗទាំងអស់នៅក្នុងអំណាចរបស់យើងដើម្បីធ្វើឱ្យប្រាកដប្រជាថា រុស្ស៊ីនឹងមិនធ្វើសមយុទ្ធបែបនេះទៀតក្នុងពេលមួយឆ្នាំ ប្រាំឆ្នាំបន្ទាប់មកទៀត។ ក្នុងចំណោមអ្វីឯទៀតៗ ការណ៍នេះមានន័យថាត្រូវធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានសមត្ថភាពធ្វើឱ្យរាដល់ការឈ្លានពាន ហើយបើចាំបាច់ការពារខ្លួនឯងដោយប្រសិទ្ធភាពប្រឆាំងនឹងការឈ្លានពាន។ ហើយទោះជាយើងបានធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវជំនួយដែលប្រទេសនេះត្រូវការដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី យើងក៏ត្រូវគិតគូរដែរអំពីអនាគតនៅក្រោយសង្គ្រាមដើម្បីធ្វើឱ្យប្រាកដថា យើងមានសន្តិសុខនិងស្ថិរភាពសម្រាប់ប្រជាជនអ៊ុយក្រែននិងសន្តិសុខនិងស្ថិរភាពនៅអឺរ៉ុបផងដែរ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា៖ «យើងគ្មានមន្ទិលសង្ស័យទេអំពីជ័យជម្នះនិងជោគជ័យរបស់អ៊ុយក្រែន។ ហើយមានហេតុផលងាយមួយនិងមានកម្លាំងខ្លាំងសម្រាប់ការណ៍នេះ ដោយមិនគិតដល់អ្វីផ្សេងទៀត រួមមានទាំងការគាំទ្រដែលយើងផ្តល់ឱ្យអ៊ុយក្រែនផងដែរ។ ភាពខុសគ្នាធំបំផុតតែមួយគត់គឺថា ប្រជាជនអ៊ុយក្រែនប្រយុទ្ធដើម្បីប្រទេសពួកគេ សម្រាប់អនាគតពួកគេ និងសម្រាប់ដែនដីរបស់ពួកគេ។ ពួករុស្ស៊ីមិនធ្វើដូច្នេះទេ។ ហើយការណ៍នេះធ្វើឱ្យមានភាពខុសគ្នាធំបំផុត»៕