បទវិចារណកថា៖ ការប្រយុទ្ធ​ប្រឆាំង​នឹង​ការរើសអើស​ជាតិ​សាសន៍​ជ្វីហ្វ

អ្នកចូលរួមម្នាក់ថតរូបកាន់ទង់ជាតិ​អ៊ីស្រាអែល និង​ពន្លឺ​ក្នុង​ពិធីមួយរៀបចំដោយសហគមន៍​អ៊ីស្រាអែល និង​សហព័ន្ធ​សហជីពអូទ្រីស ក្រោមពាក្យស្លោក​ថា«ពន្លឺ​នៃ​ក្តីសង្ឃឹម‍» ប្រឆាំងនឹងការបំភ្លេច ការប្រឆាំងនឹង​ជាតិ​សាសន៍​ជ្វីហ្វ ការស្អប់ និងការមិនរាប់បញ្ចូលនៅមុខ​វិមាន Hofburg ក្នុង​ទីក្រុងវីយែន។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ពិភពលោក «នៅ​ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​ខ្លាំងក្លា​បំផុត​នូវ​ការ​រើសអើង​ជាតិ​សាសន៍​ជ្វីហ្វ​ជាង​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Deborah Lipstadt ប្រេសិត​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ខាង​ការ​ឃ្លាំមើល​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​ជ្វីហ្វ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Lipstadt បាន​និយាយ​ថា ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​ក្រុម​ហាម៉ាស់ (Hamas) កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​លើ​ប្រទេស​អ៊ីស្រាអែល​គឺ​ជា «ថ្ងៃ​ដ៏​ប្រល័យ​បំផុត​សម្រាប់​ជាតិ​សាសន៍​ជ្វីហ្វ​តាំងពី​សម័យ Holocaust មក» ហើយ​ករណី​នេះ​មិន​ត្រឹមតែ​បណ្ដាល​ឱ្យ​មាន «រលក​នៃ​ការ​គាំទ្រ​ចំពោះ​ក្រុម​ហាម៉ាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បណ្ដាល​ឱ្យ​មាន​មហា​រលក​នៃ​វោហារសាស្ត្រ​និង​ឧប្បត្តិហេតុ​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ​ផង​ដែរ»។

អ្នកស្រី Lipstadt បាន​ថ្លែង​ថា៖ «បូជនីយដ្ឋាន Holocaust នានា​បាន​រង​ការ​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ប្រទេស​ក្រិក ដាណឺម៉ាក កាណាដា និង​សហរដ្ឋ​អាមេរិក។ ដប​ដុត​សាំង​ត្រូវ​បាន​គេ​គ្រវែង​ដាក់​វិហារ​សាសនា​យូដាយ​របស់​ជាតិ​សាសន៍​ជ្វីហ្វ ដែល​រួម​មាន​ទាំង​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​របស់​អាល្លឺម៉ង់​និង​ទីក្រុង​ម៉ុងរ៉េអាល់​របស់​កាណាដា​ផង​ដែរ។ រូប​ផ្កាយ​ជ្វីហ្វ​ត្រូវ​បាន​គេ​លាប​ពណ៌​ដាក់​លើ​អគារ​រស់នៅ​របស់​ជាតិ​សាសន៍​ជ្វីហ្វ​នៅ​ក្នុង​ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់។ ជាតិ​សាសន៍​ជ្វីហ្វ​ត្រូវ​បាន​យាយី ត្រូវ​បាន​ស្រែក​បន្ទរ​ដាក់​នៅ​ក្នុង​បាតុកម្ម​ដូចជា​ពាក្យ​ថា «ចាក់​សាំង​ដុត​ជាតិ​សាសន៍​ជ្វីហ្វ» និង «សម្លាប់​ជាតិ​សាសន៍​ជ្វីហ្វ» ជាដើម។ ប័ណ្ណ​ប្រកាស​ដែល​មាន​រូប​ផ្កាយ​ជ្វីហ្វ​នៅ​ក្នុង​ធុង​សម្រាម​មាន​ពាក្យ​ថា «បោស​សម្អាត​សង្គម» និង «ដោះលែង​សង្គម» ជាដើម»។

សហរដ្ឋ​អាមេរិក​ស្វាគមន៍​បាតុកម្ម​ដោយ​សន្តិវិធី បើ​សូម្បីតែ​នៅ​ពេល​ដែល​ក្រុម​បាតុករ​សម្ដែង​ទស្សនៈ​ដែល​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ក៏ដោយ។ អ្នកស្រី Lipstadt បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ នៅ​ពេល​យើង​ឃើញ​ឬ​ក៏​ឮ​មនុស្ស​ស្រែក​បន្ទរ​ឱ្យ​សម្លាប់​ជន​អំបូរ​ជ្វីហ្វ​ឬ​ក៏​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ហិង្សា...ការ​ធ្វើ​ដូច្នេះ​គឺ​មិន​មែន​ជា​ការ​គាំទ្រ​ដល់​សិទ្ធិ​របស់​ប្រជាជន​ប៉ាឡេស្ទីន​នោះ​ទេ»។

អ្នកស្រី Lipstadt បាន​ថ្លែង​ថា៖ «នេះ​ជា​ការ​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ​យ៉ាង​ពិត​ប្រាកដ។ ដូច្នេះ នៅ​ពេល​ណា​អ្នក​សម្តែង​ការ​គាំទ្រ​ចំពោះ​ភេរវកម្ម​ថ្ងៃ​ទី ៧ ខែ​តុលា យើង​មាន​ជំនឿ​ថា​គំនិត​បែប​នេះ​មានតែ​ញុះញង់​ឱ្យ​មាន​ការ​ស្អប់​គុំកួន ការ​ស្លាប់ និង​អំពើ​ហិង្សា​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Lipstadt បាន​បំភ្លឺ​បន្ថែម​ថា ការ​រិះគន់​លើ​គោល​នយោបាយ​អ៊ីស្រាអែល​គឺ​មិន​មែន​ជា​ការ​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ​ទេ។

អ្នកស្រី​បាន​និយាយ​ថា៖ «ប៉ុន្តែ ចំណុច​សំខាន់​បំផុត​គឺ​ថា​នៅ​ពេល​ណា​អ្នក​វាយ​ប្រហារ​លើ​សហគមន៍​ជ្វីហ្វ​ដោយ​ការ​ស្អប់​គុំកួន ការ​គំរាម​កំហែង នោះ​មិន​មែន​ជា​ការ​ប្រកាន់​ជំហរ​អំពី​ជម្លោះ​នៅ​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ។ វា​ជា​ការ​រើសអើង​ប្រឆាំង​នឹង​ជាតិ​សាសន៍​ជ្វីហ្វ»។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​កើនឡើង​នៃ​ការ​រើសអើង​ជាតិ​សាសន៍​ជ្វីហ្វ សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​សម្របសម្រួល​នៃ​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ជាតិ​សាសន៍​ជ្វីហ្វ​និង​មេដឹកនាំ​ផ្សេង​ទៀត​ដើម្បី​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជា​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទាំងអស់​របស់​អ្នកស្រី​នៅ​ទ្វីប​អឺរ៉ុប អ្នកស្រី​ឯកអគ្គរដ្ឋទូត Lipstadt បាន​សង្កត់ធ្ងន់​ថា សហរដ្ឋ​អាមេរិក​យល់​ឃើញ​ថា «រលក​យក្ស​នៃ​ការ​រើសអើង​ជាតិ​សាសន៍​ជ្វីហ្វ​នេះ​មិន​ត្រឹមតែ​ជា​ការ​គំរាមកំហែង​ចំពោះ​ជាតិ​សាសន៍​ជ្វីហ្វ​ប៉ុណ្ណោះ​ទេ...ប៉ុន្តែ​ជា​អ្វី​ធំ​ជាង​នេះ​ដែល​ជះ​ផល​ប៉ះពាល់​ខ្លាំង​លើ​គុណតម្លៃ​ប្រជាធិបតេយ្យ រដ្ឋាភិបាល​ប្រជាធិបតេយ្យ មនុស្ស​ជាតិ ស្ថិរភាព​ជាតិ និង​សន្តិសុខ​ជាតិ​ផង​ដែរ»។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្មាន​ទម្រង់​ណា​មួយនៃ​ការ​ប្រកាន់​ពូជសាសន៍​ដែល​អាច​ទទួល​យក​បាន​នោះ​ទេ ហើយ​ក៏​គ្មាន​ទម្រង់​ណា​មួយ​នៃ​ការ​ប្រកាន់​ពូជសាសន៍​ដែល​គួរ​ឱ្យ​អត់ឱន​ឱ្យ​បាន​នោះ​ឡើយ៕