Accessibility links

Breaking News

បទវិចារណកថា៖ សេរីភាព​សាសនា គឺជា​សិទ្ធិ​ជា​មូលដ្ឋាន​មួយ


រូបឯកសារ៖ មេដឹកនាំសាសនានៃព្រះវិហារ Serbian Orthodox Church នៃប្រទេសម៉ុងតេណេហ្រ្គោ និង Orthodox Church of the Moscow Patriarchate នៃប្រទេស​អ៊ុយក្រែន ដឹកនាំការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីស្តីពីសេរីភាព​សាសនា និងសិទ្ធិស្របច្បាប់របស់អង្គការសាសនានៅទីក្រុង Podgorica កាលពីខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ មេដឹកនាំសាសនានៃព្រះវិហារ Serbian Orthodox Church នៃប្រទេសម៉ុងតេណេហ្រ្គោ និង Orthodox Church of the Moscow Patriarchate នៃប្រទេស​អ៊ុយក្រែន ដឹកនាំការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីស្តីពីសេរីភាព​សាសនា និងសិទ្ធិស្របច្បាប់របស់អង្គការសាសនានៅទីក្រុង Podgorica កាលពីខែកុម្ភៈ ឆ្នាំ២០២០។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សេរីភាព​សាសនា ដូច​ទៅ​នឹង​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ផងដែរ គឺ​ជា​សិទ្ធិ​ជា​សាកល។ នេះ​ បើ​តាម​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នៅ​ពេល​ចេញផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​ស្ដីពី​សេរីភាព​សាសនា​អន្តរជាតិ។

លោក​រដ្ឋមន្ត្រី Blinken ថ្លែង​ដូច្នេះ​ថា៖ «មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​មាន​សិទ្ធិ​ទទួល​បាន​សេរីភាព​សាសនា​ មិន​ថា​ ពួកគេ​រស់នៅ​ទី​ណា មាន​ជំនឿ​ ឬ​មិន​មាន​ជំនឿ​លើ​អ្វី​នោះ​ទេ។ ...សេរីភាព​សាសនា​មិន​អាច​សម្រេច​បាន​ពេញលេញ​នោះ​ឡើយ លុះត្រា​ណា​តែ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ត្រូវ​បាន​គោរព ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​មាន​ជំនឿ​ និង​គោរព​សាសនា​ណា​មួយ​ដោយ​សេរី នោះ​វា​នឹង​បង្ក​បញ្ហា​ដល់​សិទ្ធិ​ផ្សេង​ទៀត»។

សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក សេរីភាព​សាសនា ​គឺ​នៅតែ​មិន​អាច​សម្រេច​បាន។ ជា​ការពិត បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ប្រទេស​ចំនួន ៥៦ មាន​ការ​រឹតត្បិត​តឹងតែង​លើ​សេរីភាព​សាសនា។

របប​ដឹកនាំ​របស់​ប្រទេស​អ៊ីរ៉ង់​ នៅតែ​បន្ត​គំរាមកំហែង យាយី និង​ចាប់ខ្លួន​សមាជិក​នៃ​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច ដែល​ក្នុង​នោះ​ មាន​ទាំង​អ្នក​កាន់​សាសនា​បាហាយ (Baha'i) អ្នក​កាន់​សាសនា​គ្រិស្ត អ្នក​កាន់​សាសនា​ជ្វីហ្វ អ្នក​កាន់​សាសនា​ហ្ស៊ូរ៉ូរ៉ាស្ទ្រៀន (Zoroastrianism) និង​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ុននី (Sunni) និង​និកាយ​ស៊ូហ្វី (Sufi) ផងដែរ។

នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា មេដឹកនាំ​រដ្ឋប្រហារ​យោធា​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​បោស​សម្អាត​ជាតិ​សាសន៍​ និង​អំពើរ​ឃោរឃៅ​ផ្សេង​ទៀត​ប្រឆាំង​នឹង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម។

នៅ​ក្នុង​ប្រទេស​រុស្ស៊ី អាជ្ញាធរ​បន្ត​យាយី ចាប់​ដាក់​ឃុំ និង​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​កាន់​សាសនា​គ្រិស្ដ​និកាយ​យេហូវ៉ា (Jehovah's Witnesses) ក៏​ដូចជា​សមាជិក​នៃ​ក្រុម​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ផងដែរ នៅ​ក្រោម​លេស​ចោទ​ប្រកាន់​ថា ​អ្នក​ទាំង​នោះ​ បាន​ប្រព្រឹត្តិ​ភាព​ជ្រុល​និយម។

ប្រទេស​អារ៉ាប៊ីសាអូឌីត​ នៅតែ​ជា​ប្រទេស​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ដែល​គ្មាន​វិហារ​គ្រិស្ដ​សាសនា ទោះបីជា​មាន​អ្នក​កាន់​សាសនា​គ្រិស្ត​ជាង​មួយ​លាន​នាក់ ​រស់នៅ​ក្នុង​ប្រទេស​នេះ​ក៏ដោយ។

ជាង​នេះ​ទៀត សាធារណរដ្ឋ​ប្រជាមានិត​ចិន ​បាន​ចាត់ទុក​ការ​បញ្ចេញ​មតិ​បែប​សាសនាជា​ទូទៅ​ថា​ ជា​បទ​ឧក្រិដ្ឋ និង​នៅតែ​បន្ត​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជាតិសាសន៍​អ៊ុយហ្គ័រ (Uighur) កាន់​សាសនា​ឥស្លាម ក៏​ដូចជា​លើ​សមាជិក​នៃ​ក្រុម​ភាគ​តិច​កាន់​សាសនា​ផ្សេង​ទៀត​និង​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​ដទៃ​ទៀត​ផងដែរ​នៅ​ក្នុង​តំបន់ Xinjiang។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា ប្រទេស​មួយ​ចំនួន​ បាន​ចាត់​វិធានការ​បង្កើន​ការ​គោរព​ចំពោះ​សេរីភាព​សាសនា។

លោក Blinken ថ្លែង​ដូច្នេះ​ថា៖ «កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​អន្តរកាល​បែប​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ​បាន​លុបចោល​ច្បាប់​ដក​ខ្លួន​ចេញ​ពី​សាសនា ​និង​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ ដែល​កន្លង​មក​ត្រូវ​បាន​ប្រើ​ដើម្បី​យាយី​លើ​សមាជិក​នៃ​ក្រុម​សាសនា​ភាគ​តិច​នានា»។

លោក Blinken បាន​បន្ថែម​ថា៖ «រដ្ឋាភិបាល​អ៊ូសបេគីស្ថាន ​បាន​ដោះលែង​មនុស្ស​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​គេ​ដាក់​ឃុំ​ដោយសារតែ​ជំនឿ​សាសនា​របស់​ពួកគេ។ ...រដ្ឋាភិបាល​តួកមេនីស្ថាន ​បាន​ដោះលែង​អ្នក​កាន់​សាសនា​គ្រិស្ដ​និកាយ​យេហូវ៉ា ១៦ នាក់ ដែល​ជំទាស់​ដោយ​មនសិការ​ និង​បដិសេធ​មិន​ព្រម​ចូល​បម្រើ​កងទ័ព»។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា យើង​នឹង​រក្សា​ការ​ដឹកនាំ​ជា​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក​លើ​សេរីភាព​សាសនា និង​បន្ត​ធ្វើការ​ជាមួយ​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​និង​សហគមន៍​សាសនា​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រាល់​ទម្រង់​ទាំង​អស់​នៃ​អំពើ​ស្អប់​គុំកួន​ និង​ការ​រើសអើង​សាសនា»៕

XS
SM
MD
LG