Accessibility links

Breaking News

បទវិចារណកថា៖ ការធ្វើ​ទុក្ខ​បុកម្នេញ​ខាង​សាសនា​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន


រូបឯកសារ៖ ក្រុមអ្នកតវ៉ា Falun Gong ដែល​អង្គុយ​នៅ​កណ្តាល​ក្នុង​រូបថត​នេះ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅពេល​ពួកគេ​ធ្វើសមាធិ​នៅ​ទីលាន Tiananmen។
រូបឯកសារ៖ ក្រុមអ្នកតវ៉ា Falun Gong ដែល​អង្គុយ​នៅ​កណ្តាល​ក្នុង​រូបថត​នេះ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​នៅពេល​ពួកគេ​ធ្វើសមាធិ​នៅ​ទីលាន Tiananmen។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ បានប្រកាស​អំពី​ការរឹតត្បិតទិដ្ឋាការ​លើ​មន្ត្រី​ម្នាក់នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ជា​ពិសេស​ ការចាប់ពួក​ Falun Gong ឃុំឃាំងតាម​អំពើ​ចិត្តដោយសារ​ជំនឿខាង​សាសនារបស់​ពួក​គេ។ លោក Yu Hui អតីត​នាយកការិយាល័យ​ដែល​ហៅ​ថា «ក្រុមនាំ​មុខ​កណ្តាលខាងការ​បញ្ចៀស​ និងដោះស្រាយ​បញ្ហាសាសនា​ប្រឆាំង»នៃ​ក្រុង Chengdu ខេត្ត​ Sichuan និង​សមាជិក​គ្រួសារ​ ត្រូវ​បានរារាំងមិនឱ្យចូល​ក្នុង​សហរដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​នេះ​ ​ត្រូវ​បានធ្វើ​កាល​ពី​ថ្ងៃ​ទី១២ ខែឧសភា នៅ​ពេល​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បោះពុម្ព​ផ្សាយរបាយការណ៍​ប្រចាំ​ឆ្នាំរបស់ខ្លួន​ស្តីពី​សេរីភាព​សាសនា​នៅ​ជុំវិញ​ពិភពលោក។ នៅ​ក្នុង​ផ្នែកនិយាយ​អំពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បានកត់​សម្គាល់​ថា ​អាជ្ញាធរ​ចិន​ត្រូវ​បាន​គេរាយការណ៍ថា បានចាប់ខ្លួន​សមាជិក​ Falun Gong ៧ពាន់​នាក់កាល​ពី​ឆ្នាំ​មុន ​ហើយច្រើន​នាក់​ទៀត ​ត្រូវ​បាន​គេ​ធ្វើបាប​យ៉ាង​ធ្ងន់ធ្ងរ។

លោក Daniel Nadel មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​ខាង​ការិយាល័យខាង​សេរីភាព​សាសនា​អន្តរជាតិបានពន្យល់​នៅក្នុងពេលចេញ​ផ្សាយ​របាយការណ៍នោះថា​ ពួក​ Falun Gong មិន​មែន​ជា​ជន​រងគ្រោះតែ​មួយ​ក្រុម​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើទុក្ខបុកម្នេញ​ទេ។ លោក​បាន​ថ្លែង​ថា៖

«យើងក៏មិនអាច​ព្រងើយ​កណ្តើយ​ចំពោះ​ឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្សជាតិនិង​អំពើ​ប្រល័យ​ពួជសាសន៍​ ដែលរដ្ឋាភិបាល​ចិនកំពុង​ប្រព្រឹត្តជាបន្ត​ប្រឆាំង​លើ​ក្រុមជន​Uyghurs ដែលកាន់​សាសនា​ឥស្លាម និងសមាជិក​នៃក្រុមពូជសាសន៍ និង​សាសនា​ភាគតិចឯទៀត​ក្នុង​តំបន់​ Xinjiang បានទេ។ ការណ៍នេះ​ អាចត្រូវ​ចាត់ទុកថា​ ជាកំណើនដល់កម្រិត​ខ្ពស់​បំផុត​នៃ​ការសង្កត់សង្កិន​ច្រើនទសវត្សរ៍មក​ហើយ​ លើ​ក្រុមអ្នក​គោរព​សាសនាចាប់​ពី​ក្រុមពុទ្ធសាសនិក​ទី​បេត៍​ អ្នក​កាន់គ្រឹស្តសាសនា ដល់​អ្នកគោរព​ចលនា​សាសនា Falun Gong»។

លោក Nadel បានកត់សម្គាល់​ថា​ រដ្ឋាភិបាលសាធារណរដ្ឋ​ប្រជាមានិត​ចិន​លែង​បដិសេធ​ថា ខ្លួន​មិនបាន​សង្កត់សង្កិន​ពលរដ្ឋ​អំបូរ Uyghurs នៃ​តំបន់​ Xinjiang ទៀតហើយ។ ផ្ទុយទៅវិញ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​បាន​ការពារដោយកែ​បន្លំ​ថាការធ្វើបាបក្រុម​ជន​ជាតិ​នេះ​ ដោយ​មានរួម​បញ្ចូល​ការកែប្រែ​តំបន់នោះ​ទាំង​មូល​ឱ្យ​ទៅ​ជា​«គុកចំហ​មួយ» ជាការចាំ​បាច់ខាងសន្តិសុខ។ លោក Nadel បានថ្លែងថា៖

«ពិភពលោក​ពិត​ជា​មិនជឿ​ទេ។ យើង​មើល​ឃើញយ៉ាង​ច្បាស់​លាស់។ នេះជា​ការ​ប៉ុនប៉ង​ដើម្បី​រំលាយ​ពលរដ្ឋ​មួយ​ ប្រវត្តិសាស្ត្រ​មួយ​ វប្បធម៌​មួយ​ឲ្យ​អស់​ក្នុង​ពិភពលោក​ហើយ​នេះជា​ការ​មិនអាច​ទទួល​យក​បាន​ទេ»។

កាល​ពី​ឆ្នាំ​ទៅ សហរដ្ឋ​អាមេរិក​បានឆ្លើយ​តប​នឹងការរំលោភ​លើសិទ្ធិមនុស្ស​ជា​មូលដ្ឋានរបស់​ប្រជារាស្ត្រ​ចិនដោយ​មានរួម​បញ្ចូលសិទ្ធិ​របស់​ពួក​គេ​ខាង​សេរីភាព​សាសនា​ផង ​តាមរយៈ​មធ្យោបាយ​មួយចំនួន។

លោក​ Nadel មន្ត្រី​ជាន់​ខ្ពស់​នៃក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ពោលថា​«សហរដ្ឋ​អាមេរិក​ប្តេជ្ញាប្រើវីធី​ទាំង​អស់ដែល​ខ្លួន​មាន គឺ​ទាំង​វិធីវិជ្ជមាននិងទាំងវិធី​ដាក់​ទណ្ឌកម្មដើម្បី​ជំរុញ​ឲ្យមាន​សិទ្ធិ​សាកលនេះ។ សម្រាប់​មនុស្ស​និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ដែល​រឿង​របស់ពួក​គេមានចែង​នៅ​ក្នុង​របាយការណ៍​នេះ សាររបស់យើង​នៅ​ថ្ងៃនេះ​ច្បាស់លាស់ណាស់ គឺ​ថា យើង​ឃើញ​លោក​អ្នក យើងឮ​លោក​អ្នក ហើយ​យើងមិននៅ​ស្ងៀម​ទេ​ រហូត​ដល់​ពេល​ណា​លោកអ្នក​មាន​សេរីភាព​អាច​រស់​នៅក្នុង​សេចក្តី​ថ្លៃ​ថ្នូរ ​និង​សន្តិភាព»៕

XS
SM
MD
LG