តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Joe Biden បានហៅប្រទេសចិនថា ជា«គូប្រជែងតឹងតែងបំផុត» ហើយលោកបានមានប្រសាសន៍ច្បាស់ថា លោកប្រុងប្រៀបនឹងប្រឈមនឹងឧបសគ្គបង្កើតដោយចិន។ លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា៖
«យើងនឹងប្រឈមនឹងការរំលោភខាងសេដ្ឋកិច្ចរបស់ប្រទេសចិន ទប់ទល់នឹងសកម្មភាពគឃ្លើនរបស់ចិន ទប់ទល់ការវាយប្រហារលើសិទ្ធិមនុស្សដោយប្រទេសចិននិងកម្មសិទ្ធិបញ្ញា និងអភិបាលកិច្ចសាកល»។
លោកប្រធានាធិបតី Biden ក៏បានមានប្រសាសន៍ដែរថា ស.រ.អ. ប្រុងប្រៀបទាក់ទងជាមួយប្រទេសចិន «ដោយមានគោលជំហរនៃកម្លាំង»។
លោករដ្ឋមន្ត្រីការបរទេស Anthony Blinken បានមានប្រសាសន៍នៅក្នុងសេចក្តីសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយបណ្តាញទូរទស្សន៍ CNN ថា គោលជំហរនៃកម្លាំងមានន័យថា សម្ព័ន្ធមិត្តខ្លាំង។ លោកបាននិយាយថា៖ «នេះជាប្រភពនៃការមានប្រៀបសម្រាប់យើង-- មិនមែនកាត់បន្ថយសម្ព័ន្ធភាពយើងទេ។ វាមានន័យថា បង្ហាញខ្លួនជាថ្មីទៀតក្នុងការទាក់ទងក្នុងពិភពលោក ពីព្រោះបើយើងមិនធ្វើដូច្នេះទេ ប្រទេសចិននឹងធ្វើដូច្នេះ»។
លោករដ្ឋមន្ត្រី Blinken ក៏បានគូសបញ្ជាក់ដែរថា ធ្វើការទាក់ទងដោយមានគោលជំហរនៃកម្លាំងមានន័យថា ប្រកាន់តាមគុណធម៌របស់យើង។ លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «គឺមិនមែនបោះបង់គុណធម៌របស់យើងទេ នៅពេលយើងឃើញមានការរំលោភលើសិទ្ធិក្រុមជនអំបូរ Uyghur នៅក្នុងតំបន់ Xinjiang ឬការរំលោភលើលទ្ធិប្រជាធិបតេយ្យក្នុងក្រុងហុងកុងនោះ។ វាមានន័យថា ធ្វើឱ្យប្រាកដថា យើងមានជំហរខាងយោធាដើម្បីកម្ចាត់អំពើឈ្លានពាន ហើយវាមានន័យថា ធ្វើវិនិយោគលើប្រជារាស្ត្រយើងផ្ទាល់ ដើម្បីឱ្យពួកគេអាចប្រកួតដោយមានប្រសិទ្ធភាព»។
នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងលោករដ្ឋមន្ត្រី Blinken និងប្រមុខការទូតចិន គឺលោក Yang Jiechi លោក Blinken បានគូសបញ្ជាក់ថា ស.រ.អ. នឹងបន្តគាំទ្រសិទ្ធិមនុស្សនិងគុណធម៌ប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុង នៅដែនដីទីបេ និងនៅតំបន់ Xinjiang។ លោកបានកត់សម្គាល់ថា ស.រ.អ. នឹងធ្វើការជាមួយពួកសម្ព័ន្ធមិត្តនិងពួកដៃគូក្នុងការការពារគុណធម៌ និងប្រយោជន៍រួមរបស់យើងក្នុងការធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន ទទួលខុសត្រូវដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយមានរួមបញ្ចូលទាំងការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ លោកក៏បានជំរុញប្រទេសចិនឱ្យចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការថ្កោលទោសរដ្ឋប្រហាររបស់យោធាក្នុងប្រទេសភូមា។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ប្រាប់បណ្តាញទូរទស្សន៍ CNN ថា៖ «លោកប្រធានាធិបតី បានមានប្រសាសន៍ច្បាស់លាស់ណាស់ថា លោកចង់ដាក់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាស្នូលនៃគោលនយោបាយការបរទេសរបស់យើង។ ហើយដូច្នេះ ទោះជាប្រទេសចិន ឬប្រទេសណាក៏ដោយ បើយើងមានកង្វល់ខ្លាំងនិងធ្ងន់ធ្ងរសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាអ្វីដែលនៅជួរមុខ និងជាស្នូលនៃគោលនយោបាយការបរទេសរបស់យើង»៕