តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកខ្វល់ខ្វាយអំពីសកម្មភាពឈ្លានពានដែលសាធារណរដ្ឋប្រជាមានិតចិន កំពុងធ្វើដាក់កោះតៃវ៉ាន់ដែលនាំមុខខាងលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងដែលជាដៃគូសំខាន់មួយខាងសន្តិសុខនិងខាងសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក។
សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនកងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកចូលក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ ម្តងហើយម្តងទៀតដោយថ្ងៃខ្លះមានយន្តហោះដល់ទៅ២៥គ្រឿងក្នុងមួយថ្ងៃ។ ចិនក៏បានធ្វើសមយុទ្ធយោធាក្នុងច្រកសមុទ្រតៃវ៉ាន់ដែលសាធារណរដ្ឋប្រជាមានិតចិនព៌ណនាថា ជា«សមយុទ្ធសម្រាប់ការប្រយុទ្ធ»។
ក្រៅពីគំរាមកំហែងនិងសកម្មភាពខាងវិស័យយោធាទាំងនេះ សាធារណរដ្ឋប្រជាមានិតចិន ថែមទាំងបានព្យាយាមធ្វើឱ្យកោះតៃវ៉ាន់ដាច់ការទាក់ទងខាងការទូត ធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអនឡាញ ប្រើប្រាស់ការគាបសង្កត់ខាងសេដ្ឋកិច្ចនិងយុទ្ធនាការផ្សាយព័ត៌មានមិនពិត។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយថា «សកម្មភាពឈ្លានពានខ្លាំងឡើងៗ»របស់រដ្ឋាភិបាលក្រុងប៉េកាំង បណ្តាលឱ្យមាន«កង្វល់ពិតប្រាកដ»។ ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកមានការប្តេជ្ញាម៉ឺងម៉ាត់ដល់តៃវ៉ាន់និងសន្តិភាពនិងសន្តិសុខក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិច លោក Blinken បានបន្ថែមថា «វាជាកំហុសធ្ងន់ធ្ងរមួយប្រសិនបើនរណាម្នាក់ ព្យាយាមកែប្រែស្ថានភាពបច្ចុប្បន្នដោយការប្រើកម្លាំង»។
នៅក្នុងសន្និសីទកាសែតមួយ លោក Ned Price អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា ការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់«រឹងមាំដូចថ្ម»។ លោក Price បានថ្លែងថា៖
«យើងដឹងថា ការប្តេជ្ញានេះធ្វើវិភាគទានដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់និងនៅក្នុងតំបន់នោះផងដែរ។ ដើម្បីគាំទ្រដល់គោលនយោបាយសហរដ្ឋអាមេរិក ដែលមានជាយូរមកហើយដែលឆ្លុះបញ្ចាំងក្នុងច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់នោះ សហរដ្ឋអាមេរិកនឹងរក្សាសមត្ថភាពក្នុងការទប់ទល់នឹងការប្រើកម្លាំង ឬទម្រង់ឯទៀតៗនៃការបង្ខិតបង្ខំដែលអាចបំផ្លាញសន្តិសុខ ឬប្រព័ន្ធសង្គម ឬប្រព័ន្ធសេដ្ឋកិច្ចនៃពលរដ្ឋនៅលើកោះតៃវ៉ាន់»។
កាលពីថ្ងៃទី៩ ខែមេសា ក្រសួងការបរទេសអាមេរិក បានប្រកាសគោលការណ៍ណែនាំថ្មីៗសម្រាប់ការទាក់ទងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយដៃគូតៃវ៉ាន់«ដើម្បីលើកទឹកចិត្តដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយតៃវ៉ាន់ ដែលឆ្លុះបញ្ចាំងទំនាក់ទំនងក្រៅផ្លូវការរបស់យើងដែលកាន់តែស៊ីជម្រៅ»។ នេះបើតាមសម្តីរបស់លោក Price នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរ។ លោកបានកត់សម្គាល់ថា «គោលការណ៍ណែនាំទាំងនេះ បន្ធូរការណែនាំអំពីការទាក់ទងជាមួយតៃវ៉ាន់ ដោយស្របតាមទំនាក់ទំនងក្រៅផ្លូវការរបស់យើងនិងផ្តល់ភាពច្បាស់លាស់ក្នុងសាខានីតិប្រតិបត្តិទាំងមូលអំពីការអនុវត្តន៍គោលនយោបាយប្រទេសចិនតែមួយរបស់យើង។ ការណែនាំនេះគូសបញ្ជាក់ថា តៃវ៉ាន់ជាលទ្ធិប្រជាធិបតេយ្យរស់រវើកមួយនិងជាដៃគូសំខាន់ខាងសន្តិសុខនិងខាងសេដ្ឋកិច្ចដែលជាកម្លាំងមួយដែរសម្រាប់អំពើល្អក្នុងសហគមន៍អន្តរជាតិ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យលោក Price បានផ្តោតថា សហរដ្ឋអាមេរិក នឹង«បន្តធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួនក្នុងការគាំទ្រដល់ភាពសំបូររុងរឿងរួមរបស់យើង សន្តិសុខរបស់យើង និងគុណតម្លៃរបស់យើងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយដែលមានរួមបញ្ចូលអ្វីដែលទាក់ទិននឹងសន្តិភាពនិងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ»៕