តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អនុប្រធានាធិបតីស.រ.អ.លោកស្រី Kamala Harris បានមានប្រសាសន៍ថា៖ «នៅពេលក្រុមស្ត្រីមានជោគជ័យ សង្គមទាំងមូលទទួលអត្ថប្រយោជន៍»។ ហេតុដូច្នេះហើយបានជាការពង្រឹងអំណាចស្ត្រីជាផ្នែកធំមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក Biden និងលោកស្រី Harris ដើម្បីរកឱ្យឃើញ និងបំបាត់បុព្វហេតុជាឫសគល់នៃចំណាកស្រុកមិនទៀងទាត់នៅទ្វីបអាមេរិកកណ្តាល។
ចំពោះបញ្ហាចំណាកស្រុក លោកស្រីអនុប្រធានាធិបតី Harris បានមានប្រសាសន៍ថា៖ «មនុស្សមិនចង់ចង់ចាកចេញពីប្រទេសពួកគេទេ»។
«ហើយនៅពេលពួកគេចាកចេញ តាមធម្មតាដោយសារហេតុផលមួយក្នុងបណ្តាហេតុផលពីរគឺពួកគេរត់ចេញពីគ្រោះថ្នាក់ ឬមួយពួកគេមិនអាចដោះស្រាយជីវភាពរស់នៅរបស់ពួកគេឬរបស់គ្រួសារពួកគេ»។
កាលពីឆ្នាំមុន លោកស្រីអនុប្រធានាធិបតី Harris បានអំពាវនាវឱ្យមានសកម្មភាព ដោយបានអញ្ជើញវិស័យជំនួញ ក្រុមហ៊ុននិងសង្គមស៊ីវិលឱ្យចូលរួមជាមួយស.រ.អ.ក្នុងការពង្រីកវិនិយោគរបស់ពួកគេ និងការទាក់ទងជាមួយផ្នែកខាងជើងនៃទ្វីបអាមេរិកកណ្តាល។ រហូតមកដល់ពេលនេះ ការអំពាវនាវនេះប្រមូលបានប្រាក់ជាង៣២០០លានដុល្លារនៃការសន្យាបណ្តាក់ទុននៅទីនោះ។
កាលពីខែមិថុនា លោកស្រីអនុប្រធានាធិបតី Harris បានប្រកាសការផ្តើមគំនិតថ្មីៗដោយផ្តល់អាទិភាពដល់ស្ត្រី។ ភាពជាដៃគូសម្រាប់ផ្នែកកណ្តាលនៃទ្វីបអាមេរិក ដែលជាស្ថាប័នមិនប្រកាន់គណបក្ស និងមិនមែនជារបស់រដ្ឋាភិបាល បានបង្កើតការផ្តើមគំនិតមួយមានឈ្មោះថា In Her Hands Initiative ដែលនឹង«ពង្រឹងអំណាចស្ត្រី ការពារស្ត្រី និងហ្វឹកហ្វឺនស្ត្រីនៅប៉ែកខាងជើងនៃទ្វីបអាមេរិកកណ្តាល»។
នៅក្នុងការផ្តើមគំនិតនេះ ក្រុមហ៊ុនខ្លះក្នុងបណ្តាក្រុមហ៊ុននិងអង្គការដែលបានឆ្លើយតបនឹងការអំពាវនាវឱ្យធ្វើសកម្មភាព«បានធ្វើការសន្យាថ្មីៗដើម្បីឱ្យវិស័យជំនួញរបស់ស្ត្រីប្រើបណ្តាញ Internet ក្នុងតំបន់ដើម្បីភ្ជាប់ស្ត្រីជាមួយប្រព័ន្ធធនាគារ ដើម្បីជួយឱ្យស្ត្រីច្រើនជាងមុនចូលរួមក្នុងវិស័យកសិឧស្សាហកម្ម ដើម្បីហ្វឹកហ្វឺនស្ត្រីឱ្យចេះសរសេរកូដនិងយល់ដឹងអំពីសន្តិសុខបណ្តាញ Internet និងដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងក្រុមហ៊ុនផងដែរ»។ នេះជាសម្តីរបស់លោកស្រីអនុប្រធានាធិបតី Harris។
លោកស្រីអនុប្រធានាធិបតី Harris បានមានប្រសាសន៍ថា៖ «បន្ថែមលើនេះ យុទ្ធសាស្ត្ររបស់រដ្ឋបាលយើងមានរួមបញ្ចូលភាពដៃគូជាមួយសង្គមស៊ីវិលដើម្បីកាត់បន្ថយអំពើហិង្សាផ្អែកលើ Gender នៅក្នុងតំបន់»។
លោកស្រីបានមានប្រសាសន៍ថា៖ «អាទិភាពទាំងពីរនេះត្រូវតែមានជាមួយគ្នា ពីព្រោះយើងដឹងថា ការពង្រឹងអំណាចស្ត្រីក្នុងវិស័យសេដ្ឋកិច្ចមិនមែនគ្រាន់តែផ្តល់ការងារឱ្យពួកគេប៉ុណ្ណោះទេ តែវាក៏អំពីការកែលម្អគុណភាពជីវិតពួកគេផងដែរ...នៅពេលស្ត្រីគ្មានស្ថិរភាពហិរញ្ញវត្ថុ...ទិន្នន័យបង្ហាញយើងថា ពួកគេទំនងជាឋិតក្នុងទំនាក់ទំនងដែលមានការរំលោភធ្វើបាប។ ការគ្មានឱកាសនឹងនាំឱ្យមានអំពើហិង្សាមិនចេះចប់។ តែយ៉ាងណាក៏ដោយ នៅពេលណាស្ត្រីមានឱកាសសេដ្ឋកិច្ច យើងឃើញមានការកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ ការកាត់បន្ថយអំពើហិង្សាផ្លូវភេទ និងការកាត់បន្ថយអំពើហិង្សាផ្អែក Gender ផងដែរ»។
ផែនការនេះបង្កើតរួមគ្នានូវប្រព័ន្ធមួយនៃឱកាសសម្រាប់ស្ត្រីនៅក្នុងផ្នែកខាងជើងនៃទ្វីបអាមេរិកកណ្តាលនិងជួយកសាងកិច្ចការពារប្រឆាំងនឹងអំពើហិង្សា។
លោកស្រីអនុប្រធានាធិបតី Harris បានមានប្រសាសន៍ថា៖ «នៅពេលណាលោកអ្នកលើកកម្ពស់ឋានៈស្ត្រី លោកអ្នកលើកម្ពស់ឋានៈសេដ្ឋកិច្ចគ្រួសារ ឋានៈសេដ្ឋកិច្ចរបស់សហគមន៍ក្រុមស្ត្រីទាំងនេះនិងឋានៈសេដ្ឋកិច្ចនៃអឌ្ឍគោលយើងផងដែរ។ យើងបានសម្រេចសមិទ្ធិផលច្រើន តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងប្តេជ្ញាធ្វើឱ្យការណ៍នេះបានសម្រេចទាំងស្រុង»៕